អង្វរប្ដីឱ្យមក​រស់នៅ​ជាមួយ​គ្នាវិញ! បែរជាប្ដីមកសុំលុយចិញ្ចឹមប្រពន្ធថ្មីថែមទាំងវាយប្រពន្ធ​នឹង​សោ​បែកក្បាល

    ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ដឹក​ដៃ​កូន​មកប្តឹង​ប៉ូលិស​ប៉ុស្តិ៍​ចោមចៅ​ឱ្យជួយ​អន្តរាគមន៍​ទាំង​ខ្លួន​បែកក្បាល​ហូរឈាម​ពេញមុខ ដោយសារ​ប្តី​ហេងស៊យ​របស់គាត់​មាន​ស្រី​ចុះចោល​គាត់​ម្តង​ហើយ​ម្តងទៀត​..,​ ហើយ​លើក​នេះ​លេង​ធ្ងន់ វាយ​គាត់​នឹង​ច្រ​វ៉ា​ក់​សោរ​ហូត​របួសធ្ងន់​បែបនេះ​តែម្តង។​

    អំពើហិង្សា​ខាងលើនេះ កើតឡើង​កាលពី​វេលា​ម៉ោង៩​ ​យប់​ថ្ងៃទី ២៩ ធ្នូ ២០១៦ នៅ​ចំណុច​ផ្សារ​ចោមចៅ ស្ថិតក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ។​

    ស្ត្រី​រងគ្រោះ​ខាង​មានឈ្មោះ យឿ​ង សុផល​ អាយុ​៣១​ឆ្នាំ មាន​មុខរបរ​កម្មក​រ​រោងចក្រ ស្នាក់នៅ​កន្លែងកើតហេតុ មាន​ស្រុកកំណើត​នៅ​ស្រុក​ស្នួល ខេត្តក្រចេះ​មានកូន​ស្រី​ម្នាក់​អាយុ​៧​ឆ្នាំ​។ ចំណែកឯ​ប្តី​គាត់​ឈ្មោះ រិ​ន ទ្រី អាយុ៣១​ឆ្នាំ មុខរបរ​ជាងកាត់សក់​បាន​ចុះ​ចេញពី​ប្រពន្ធ​ទៅ​នៅ​ជាមួយ​ស្រី​ថ្មី​រយៈពេល​២​ខែ​មកហើយ​។​

    ស្ត្រី​រងគ្រោះ យឿ​ង សុផល​ បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ ខណៈ​រូបគាត់​កំពុង​អង្គុយ​ហូបបាយ​ស្រាប់តែ​ឃើញ​ប្តី​របស់គាត់​មក ដោយ​គាត់​បាន​រាក់ទាក់​ប្តី​ធម្មតា និង​បាន​អង្វរ​ប្តី​ឱ្យមក​រស់នៅ​ជាមួយ​គាត់​វិញ។ ​តែ​ប្តី​មិន​ព្រម និង​បាន​សុំ​លុយ​ខ្លះ​ដើម្បី​យកទៅ​រួមរស់​ជាមួយ​ប្រពន្ធ​ថ្មី តែ​គាត់​មិនឱ្យ ក៏បង្ក​ទៅជា​ជម្លោះ ប្រតាយប្រតប់​គ្នា ដោយ​ប្តី​បាន​យក​មេសោ​មក​វាយ​ចំក្បាល​គាត់​បណ្តាលឱ្យ​បែក​ឈាម​ស្រោច​ពេញមុខ​។​

    ស្ត្រី​រងគ្រោះ​បាន​បន្តថា ប្តី​របស់គាត់​នេះ​ធ្លាប់​ចុះចោល​គាត់​និង​ធ្លាប់ធ្វើ​កិច្ចសន្យា ២​ ដង​រួចមកហើយ​គឺ​លើក​ទី​១​នៅ​សង្កាត់​ស្ទឹងមានជ័យ និង​លើក​ទី​២​នៅ​ខេត្តក្រចេះ ដោយ​សន្យា​ថាបើ​ប្តី​គាត់​មាន​ស្រី​ទៀត ប្តី​គាត់​នឹង​ចុះចេញ​ដោយ​ខ្លួន​ទទេ ពោល​មិន​ទាមទារ​ទ្រព្យសម្បត្តិ​អ្វី​ទាំងអស់​។​

    ក្រោយពេល​កើតហេតុ ស្ត្រី​រងគ្រោះ​បាន​ដឹក​ដៃ​កូនស្រី​ទាំង​ខ្លួន​មាន​របួស​មក ប៉ុស្តិ៍​ចោមចៅ មិនមែន​មក​ដាក់​ពាក្យបណ្តឹង​ទេ គឺ​មក​ដើម្បី​សុំ​លែងលះគ្នា តែ​សមត្ថកិច្ច​បាន​ណែនាំ​ថា ប៉ុស្តិ៍​របស់គាត់​មិនមែន​កន្លែង​សុំ​លែងលះគ្នា​នោះទេ កន្លែង​គាត់​គឺ​សម្រាប់​ទទួល​ពាក្យបណ្តឹង​និង​អន្តរាគមន៍​បទល្មើស​ចា​ប់​មក​ផ្តន្ទាទោស​តែ​ប៉ុ​ណ្តោះ ហើយ​ណែនាំ​ឱ្យ​ស្ត្រី​រងគ្រោះ​ទៅ​ព្យាបាល​របួស​សិន​ទៅ ចាំ​ស្អែក​មក​ដោះស្រាយ​នៅឯ​ខាង​អាជ្ញាធរ​សង្កាត់​វិញ​ទៅ៕

adverise with khmeread