samsung-banner
adverise with khmeread

ព្រះមហាក្សត្រ​ខ្មែរ​យាង​ឆ្លង​ឆ្នាំ​សកល​នៅ​ខេត្ត​ព្រះសីហនុ

1

    ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្ដេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្ដីថ្លៃថ្នូរ និង​សុភមង្គល ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះអង្គ​ទាំង​ទ្វេ សព្វព្រះរាជហឫទ័យ ស្ដេចយាង​តាម​ព្រះទីន័ង​រថភ្លើង​ពី​រាជធានី​ភ្នំពេញ​ឆ្ពោះទៅកាន់​ខេត្ត​ព្រះសីហនុ ដើម្បី​ឆ្លង​ឆ្នាំ​សកល ២០១៧​។  

    ទន្ទឹមនឹង​នេះដែរ គឺ​ដើម្បី​ព្រះអង្គ​បាន​ទត​ទីតាំង​ភូមិសាស្ត្រ និង​ការវិវត្តន៍​ថ្មីៗ​នៃ​ផ្លូវ​រថភ្លើង​របស់​ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន នា​ព្រឹក​ថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ ២០១៦​នេះ។​

    ព្រះទីនាំង​រថភ្លើង​រប​ស់​ព្រះមហាក្សត្រ និង​សម្តេចម៉ែ បានចាប់ផ្តើម​ចាកចេញ ស្ថានីយ៍​រថភ្លើង​នៅ​ភ្នំពេញ ឆ្ពោះទៅកាន់​ខេត្ត​ព្រះសីហនុ​។ ព្រះទីនាំង​រថភ្លើង​រប​ស់​ព្រះអង្គ​ទាំង​ទ្វេ នឹង​ឈប់​ចត​នៅ​ស្ថានីយ៍​ចំនួន​៣​កន្លែង​, ទី​១-​ស្ថានីយ៍​រថភ្លើង​នៅ​ខេត្តតាកែវ ទី​២-​ស្ថានីយ៍​រថភ្លើង​នៅ​ខេត្តកំពត និង​ទី​៣-​ស្ថានីយ៍​រថភ្លើង​ខេត្ត​ព្រះសីហនុ​។​

    ការយាង​តាម​រថភ្លើង​របស់​ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​កម្ពុជា និង​សម្តេចម៉ែ មុនិនាថ សីហនុ ជា​លើកដំបូង​របស់​ព្រះអង្គ​ទាំង​ទ្វេ អមដំណើរ​ដោយ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា។​

    កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​រាប់ពាន់នាក់ ត្រូវបាន​ដាក់ពង្រាយ ដើម្បី​ការពារ​ព្រះរាជដំណើរ​របស់​ព្រះមហាក្សត្រ ដែល​អមដំណើរ​ដោយ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ចាប់តាំងពី​ស្ថានីយ​រថភ្លើង​រាជធានី​ភ្នំពេញ​, ស្ថានីយ៍​រថភ្លើង​តាកែវ​, ស្ថានីយ៍​រថភ្លើង​កំពត រហូតដល់​ខេត្ត​ព្រះសីហនុ​។​

    ផ្លូវ​រថភ្លើង​ពី​ភ្នំពេញ ទៅកាន់​ខេត្ត​ព្រះសីហនុ គឺជា​ស្នា​ព្រះ​ហ​ស្ថ​របស់​ព្រះបិតា​ជាតិខ្មែរ ព្រះ​បរម​រតន​កោដ្ឋ សម្តេចព្រះ នរោត្តម សីហនុ ដែល​បាន​កសាងឡើង​នៅ​សម័យ​សង្គម​រាស្ត្រនិ​យម មិនមែន​ដូច​ការអត្ថាធិប្បាយ​មួយចំនួន ដែលថា​កសាងឡើង នៅ​សម័យ​អាណានិគម​បារាំង​នោះទេ​៕

adverise with khmeread

មតិយោបល់