អាមេរិក​ទុកពេល ៧២ ម៉ោង​ឱ្យ​មន្ត្រី​ទូត​រុស្ស៊ី ៣៥ នាក់​ចាក​ចេញពី​ទឹកដី​ខ្លួន​

​    ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី ២៩ ខែធ្នូ​នេះ លោក​ប្រធានាធិបតី បា​រ៉ា​ក់​អូ​បា​ម៉ា បានចេញ​វិធានការ​សងសឹក​ដើម្បី​ប្រឆាំងនឹង​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​ចំពោះ​ការជ្រៀតជ្រែក​ក្នុងការ​បោះឆ្នោត​អាមេរិក ដោយ​ដាក់ចេញ​នូវ​ទណ្ឌកម្ម​លើ​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ចំនួន​ពីរ បិទ​អគារ​រុស្ស៊ី​ពីរ​កន្លែង​ក្នុង​ទឹកដី​អាមេរិក និង​បណ្តេញ​ភ្នាក់ងារ ៣៥ នាក់​។​

​    ​ដោយ​ធ្វើតាម​ការសន្យា​របស់ខ្លួន​ដើម្បី​ដាក់ពិន័យ​រដ្ឋាភិបាលរ​ប​ស់លោក វ្ល៉ា​ឌី​មៀរ​ពូ​ទីន សម្រាប់​ការព្យាយាម​លូកលាន់​ក្នុងការ​បោះឆ្នោត​អាមេរិក​ដោយមាន​ទំនោរ​ទៅខាង ដូ​ណា​ល់​ត្រាំ លោក​ប្រធានាធិបតី​ជិត​អស់តំណែង អូ​បា​ម៉ា បានចេញ​វិធានការ​ជាច្រើន​ដំណាក់កាល ដែល​នឹង​បន្ថែម​ភាព​តានតឹង​ជាមួយ​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ និង​ប្រធានាធិបតី​ជាប់ឆ្នោត​ថ្មី​។​

​    ​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាមេរិក (CIA) បាន​សន្និដ្ឋានថា ករណី​ហេ​ក​និង​បញ្ចេញ​អ៊ីមែល​របស់​គណបក្ស​ប្រជាធិបតេយ្យ និង​លោកស្រី ហ៊ីល​ឡា​រី​គ្លី​ន​តុ​ន ត្រូវបាន​បញ្ជា​ដោយ​វិមាន​ក្រឹម​ឡាំង និង​ត្រូវបាន​រៀបចំឡើង​ដើម្បី​ដាក់​លោក​ត្រាំ​នៅ​សេត​វិមាន​អាមេរិក​។ 

​    ​លោក បា​រ៉ា​ក់​អូ​បា​ម៉ា បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​យ៉ាង​ដូច្នេះ​ថា "​ខ្ញុំ​បាន​បញ្ជា​ឱ្យធ្វើ​សកម្មភាព​ជាច្រើន​ដើម្បី​ជាការ​ឆ្លើយតប​ទៅនឹង​ការយាយី​ដ៏​គឃ្លើន​របស់​រដ្ឋាភិបាល​រុស្ស៊ី​មកលើ​មន្ត្រី​អាមេរិក និង​ប្រតិបត្តិការ​តាម​អ៊ី​ន​ធឺ​ណេ​ត ដែលមាន​បំណង​ផ្តោត​មកលើ​ការបោះឆ្នោត​អាមេរិក​"​។ 

​    ​ជាការ​ឆ្លើយតប​ទៅនឹង​ករណី​ហេ​ក​ដែល​មន្ត្រី​អាមេរិក​ដាក់ឈ្មោះថា "Grizzly Steppe" លោក អូ​បា​ម៉ា បានប្រកាស​ទណ្ឌកម្ម​ជាច្រើន​ដើម្បី​ប្រឆាំងនឹង​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​យោធា​រុស្ស៊ី ដែល​គេ​ស្គាល់​ថា GRU និង​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់ FSB ដែល​ពីមុន​មាន​ឈ្មោះថា KGB នោះ​។​

​    ​រីឯ​លោក ដូ​ណា​ល់​ត្រាំ វិញ​បាន​និយាយថា ខណៈដែល​រូបលោក​ជឿថា​អាមេរិក​គួរតែ "​បន្តដំណើរ​ទៅរក​អ្វីដែល​ធំ​ជាង​និង​ប្រសើរ​ជាង​នេះ​" លោក​នឹង​ជួប​ជាមួយ​មេដឹកនាំ​ទីភ្នាក់ងារ​ទាំងពីរ​នៅ​សប្តាហ៍​ក្រោយ​ដើម្បី​ពិភាក្សា​អំពី​ស្ថានការណ៍​នេះ​។​

​    ​មន្ត្រី​ស៊ើបការណ៍​សម្ងាត់​រុស្ស៊ី ៣៥ នាក់ ដែល​ស្ថិតនៅ​ស្ថានទូត​រុស្ស៊ី​ប្រចាំ​ក្រុង​វ៉ាស៊ីនតោន និង​ស្ថាន​កុងស៊ុល​រុស្ស៊ី​ក្នុង​ទីក្រុង​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ ត្រូវបាន​ប្រកាស​ជាម​នុស្ស "​មិនគួរ​រាប់អាន​" និង​បញ្ជា​ឱ្យ​ចាក​ចេញពី​សហរដ្ឋអាមេរិក​ក្នុង​រយៈពេល ៧២ ម៉ោង​។ មន្ត្រី​អាមេរិក​ក៏បាន​បិទទ្វារ​ទីតាំង​រុស្ស៊ី​ពីរ​កន្លែង​ទៀតផង​ដែរ​ក្នុង​ញូវយ៉ក និង​រដ្ឋ​ម៉ា​រី​លែ​ន​៕

ប្រភព៖ បរទេស

adverise with khmeread