ភ្នំពេញ ៖ រហូតមកទល់ថ្ងៃទី៣០ ធ្នូនេះ សមត្ថកិច្ចមិនទាន់ចាប់ខ្លួនជនដៃដល់ដែលបាញ់ប្រហារ មកលើយុវជនម្នាក់ របួសធ្ងន់ដែលបានណាត់ជួបគ្នាហើយមានទំនាស់ ស្រាប់តែភាគីម្ខាងបាញ់ភាគីម្ខាងទៀតតែម្តង។
គួររំលឹកថា ទំនាស់គ្នាផ្ទុះអាវុធ បណ្ដាលឱ្យរងរបួសកើតឡើងកាលពីវេលាម៉ោង៣ និង១០នាទីទៀបភ្លឺ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចមុខផ្ទះលេខ៥៩ ផ្លូវលេខ២៤០ ភូមិ៨ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។
អំពើបាញ់ប្រហារដែលសមត្ថកិច្ចមិនអាចត្រួតត្រាបានខាងលើនេះ បង្កឡើងដោយជនសង្ស័យ៦នាក់ (ប្រុស៤ ស្រី២) ប្រដាប់ដោយអាវុធខ្លីមិនស្គាល់ម៉ាក មធ្យោបាយម៉ូតូ៣គ្រឿងម៉ាក XR ពណ៌សមួយគ្រឿង, ម៉ាក ហុងដាC125 ពណ៌ខ្មៅ មួយគ្រឿង, និងម៉ាកនិចពណ៌ស មួយគ្រឿង។ ជនសង្ស័យអ្នកបាញ់ត្រូវបានគេហៅឈ្មោះ ភ័ណ្ឌ ភេទប្រុស អាយុប្រហែល៣២ឆ្នាំ ជិះម៉ូតូ XR។
ចំណែក ជនរងគ្រឿងឈ្មោះ ពេញ សុភ័ក្ត្រ ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅផ្ទះលេខ៥៣ ផ្លូវ៣៥៧ សង្កាត់បឹងកេងកង១ រងរបួសមួយគ្រាប់ ចំស្លាបប្រជាវវខាងស្ដាំ បៀមគ្រាប់ សម្រាកនៅមន្ទីពេទ្យកាល់ម៉ែត។
របាយការណ៍សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះជាមួយក្រុមជនសង្ស័យបានទូរស័ព្ទឈ្លោះគ្នា រួចណាត់គ្នាមកជួបនៅចំណុចខាងលើហើយក៏មានទំនាស់ពាក្យសម្ដីរឿងប្រច័ណ្ឌស្រីស្នេហ៍ រួចក៏បណ្ដាលឱ្យផ្ទុះអាវុធតែម្ដង។
ក្រោយពីផ្ទុះអាវុធរួចក្រុមជនសង្ស័យក៏នាំគ្នាជិះម៉ូតូគេចខ្លួនបាត់តែម្ដង៕
