ប្រជាពលរដ្ឋ​ចាប់បាន​ចោរឆក់​ម្នាក់​ប្រគល់ឱ្យ​ប៉ូលិស​

    ភ្នំពេញ​ ៖ ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្ខពួក​២​នាក់ បានធ្វើ​សកម្មភាព​ឆក់​ទូរ​ស័​ព្ទដៃ​ពី​នារី​ម្នាក់​បានសម្រេច។ ប្រជាពលរដ្ឋ​ចាប់បាន​ព្រួត​វាយ​ម្នា​ក់មួយ​ដៃ​មួយ​ជើង​បណ្ដាល​ឱ្យទ្រមខ្លួន រួច​ប្រគល់ឱ្យ​សមត្ថកិច្ច​ចាត់ការ​បន្ត​នៅវេលា​ម៉ោង​៩ ​និង​៣០​នាទី​យប់ ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៦ នៅតាម​បណ្ដោយ​ផ្លូវ​ព្រះ​ន​រោ​ត្ដម កែង​និង​ផ្លូវ​១៧២ ស្ថិតក្នុង​ភូមិ​ទី​១៤ សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​មាន​គ្នា ​២ ​នាក់ ម្នាក់​ដែល​ឃាត់ខ្លួន​បាន​មានឈ្មោះ​ លីម សុខលី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​និង​ទីលំនៅ​មិន​ពិតប្រាកដ។ ចំណែក​ម្នាក់ទៀត មិន​ស្គាល់​អត្តសញ្ញាណ បាន​រត់​គេចខ្លួនបាត់​។​

    សមត្ថកិច្ច​មូលដ្ឋាន​បានឱ្យដឹងថា ដំបូង​ជនសង្ស័យ​ខាងលើ​បាន​ជិះ​ម៉ូតូ ​១ ​គ្រឿង​ម៉ាក អាយ ខុន មិន​ចាំ​ស្លាក​លេខ ដោយ​ជិះ​ឌុប​គ្នា​តាម​បណ្ដោយ​ផ្លូវ​ព្រះ​ន​រោ​ត្ដម ទិសដៅ​ពី​ជើង​ទៅ​ត្បូង។​

    ខណៈ​ដល់​ចំណុចកើតហេតុ​ខាងលើ​ពួកគេ​ក៏បាន​ឃើញ​នារី​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ ​(​ដែលជា​ជនរងគ្រោះ​)​ បាន​ឈរ​និយាយ​ទូ​រស័​ព្ទ​ម្នាក់ឯង។ ​ដោយ​ឃើញ​ស្ងាត់​ជនសង្ស័យ​ដែល​ឃាត់ខ្លួន ក៏បាន​ចុះ​ពីលើ​ម៉ូតូ​ដើរទៅ​ឆក់​ទូ​រស័​ព្ទពី​នារី​រងគ្រោះ​បានសម្រេច ឡើង​ជិះ​ម៉ូតូ​ទៅ​បាត់​។​

    សមត្ថកិច្ច​បាន​បន្តថា ក្រោយពី​ជនសង្ស័យ​ឆក់​ទូ​រស័​ព្ទ​បាន​ភ្លាមៗ នារី​រងគ្រោះ​បាន​ស្រែក​ឆោឡោ​ខ្លាំងៗ​ថា ចោៗ​ៗ ភ្លាមនោះ​ប្រជាពលរដ្ឋ​ដែល​នៅក្បែរ បាន​រត់​មកជួយ​ស្ទាក់​ចាប់បាន​ម្នាក់​ហើយ​វាយ​ម្នាក់មួយ​ដៃមួយជើង​បណ្ដាលឱ្យ​ទ្រមខ្លួន។​

    ចំណែក​ជនសង្ស័យ​ម្នាក់ទៀត​ ដែល​អង្គុយ​លើ​ម៉ូតូ​បាន​ជិះ​គេចខ្លួនបាត់​ពី​កន្លែងកើតហេតុ​ភ្លាមៗ។ ​ដោយឡែក​នារី​រងគ្រោះ បាន​ទៅ​ដណ្ដើម​ទូ​រស័​ព្ទ​របស់ខ្លួន​វិញ ហើយ​ចេញពី​កន្លែងកើតហេតុ​ទៅ​បាត់ ដោយ​មិនបាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នោះទេ​។​

    ក្រោយពេល​កើតហេតុ​ជនសង្ស័យ​ខាងលើ​ត្រូវបាន​ប្រជាពលរដ្ឋ​ប្រគល់ឱ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​បឹងរាំង រួច​បញ្ជូន​ទៅកាន់​អធិការដ្ឋាន​ខណ្ឌដូនពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

Unnamed
adverise with khmeread