លោក Mark Clattenburg ជាប់ជាអាជ្ញាកណ្តាលឆ្នើមប្រចាំឆ្នាំ២០១៦

          លោក Mark Clattenburg បាន​ជាប់​ជា​អាជ្ញាកណ្តាល​ល្អ​ដាច់គេ​ក្នុង​ពិភព​លោក​​ក្នុងកម្មវិធីប្រគល់​ពាន Globe Soccer Awards ។

          អាជ្ញាកណ្តាល​សញ្ជាតិ​អង់គ្លេស​រូបនេះ​ ទទួលបានជោគជ័យ​​ខ្លាំង​នៅ​ឆ្នាំ​២០១៦​នេះ ដោយ​លោក​ធ្វើ​ជា​អាជ្ញាកណ្តាល​កាត់​សេចក្តី​ទាំង​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​ក្របខណ្ឌ​ឆេម​ពាន​លីក​រវាងក្រុម​ Real Madrid និង​ក្រុម​ Atletico Madrid និង​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ Euro 2016 នៅ​ប្រទេសបារាំង។

          លោក Clattenburg ក៏បាន​ដឹកនាំ​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ FA Cup រវាង​ក្រុម Crystal Palace និង Manchester United ផងដែរ។

          ក្រៅពី​ការចូល​រួម​ដឹកនាំ​​ការប្រកួត​ធំៗ​ លោក Clattenburg ក៏បាន​បង្ហាញ​សមត្ថភាព​ក្នុងការ​គ្រប់គ្រង​ការប្រកួត ទោះក្នុងស្ថានភាព​ណាក៏ដោយ។​ 

          លោកធ្លាប់ដឹកនាំការប្រកួត​នៅពេល​ក្រុម​អុកឡុក​ក្រូអាត​គប់កាំជ្រួច​ភ្លើង​ចូល​ទីលាន​ អំឡុង​ពេលក្រុម​​សាធារណរដ្ឋ​ឆែកប្រកួត​ជា​មួយ​ក្រុម​ក្រូអាតនៅ​ Euro 2016 ។

          លោក Clattenburg បាន​ចាត់វិធានការ​ណ៍​ភ្លាម​ៗ ជម្លៀសកីឡាករ​ចេញ​ពី​កាំជ្រួចភ្លើង​ដែលកំពុង​ឆេះ ហើយ​ផ្អាកការប្រកួត​ច្រើន​នាទី។

          ជ័យលាភីផ្សេងទៀតគឺលោក Fernando Santos ដែល​បាន​ជាប់​ជា​គ្រូ​បង្វឹក​​ឆ្នើម​ប្រចាំឆ្នាំ បន្ទាប់ពី​ដឹកនាំក្រុម Portugal លើក​ពាន Euro 2016 ។

          ចំណែក​ក្លឹប Real Madrid ជាប់ជា​ក្លឹប​ឆ្នើម​ប្រចាំឆ្នាំ បន្ទាប់ពី​លើក​ពាន Champions League ហើយ​ប្រធាន​ក្លឹប Florentino Perez ជាប់ជា​ប្រធាន​ក្លឹប​ឆ្នើម​ប្រចាំ​ឆ្នាំ​។ គ្រីស្ទៀណូ រ៉ូណាល់ដូ ជាប់ជា​កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំ​ផងដែរ។

          កម្មវិធីប្រគល់​ពាន Global Soccer Awards ត្រូវបាន​រៀបចំធ្វើ​នៅទីក្រុង Dubai កាលពីថ្ងៃទី​២៧​និង​២៨​ខែធ្នូ៕

adverise with khmeread