samsung-banner
adverise with khmeread

ពូ​ទីន​និយាយថា​មិន​សងសឹក​អាមេរិក ដែល​បណ្តេញ​អ្នកការទូត​ខ្លួន ៣៥ នាក់​ទេ តែ​មន្ត្រី​រុស្ស៊ី​ម្នាក់​ហៅ​អូ​បា​ម៉ា​ថា "​ខួរ​តិច​"

1

     ប្រធានាធិបតី វ្ល៉ា​ឌី​មៀរ ពូ​ទីន បាន​និយាយ​កាលពី​ល្ងាច​ថ្ងៃ​សុក្រ​ថា លោក​នឹងមិន​បណ្តេញ​អ្នកការទូត​អាមេរិក ៣៥ នាក់​សងសឹក​សម្រាប់​ការដែល​អាមេរិក​ដាក់ទណ្ឌកម្ម​ទា​ក់​ទិន​ករណី Hack នោះទេ​។ 

​    ​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​បាន​គំរាម​បណ្តេញ​មន្ត្រី​អាមេរិក​សងសឹក​ចំពោះ​ការសម្រេចចិត្ត​របស់​សេត​វិមាន​ដែល​បណ្តេញ​អ្នកការទូត​រុស្ស៊ី ៣៥ នាក់​ពី​អាមេរិក ប៉ុន្តែ​ពូ​ទីន​បាន​ចូលមក​និយាយ​ជំនួស​ថា គាត់​នឹងមិន​ចូលរួម​នឹង​នយោបាយ​សងសឹក​ទៅវិញទៅមក​ទេ ចំពេល​ដែលមាន​ការចោទប្រកាន់​រុស្ស៊ី​ថា​បាន Hack ការបោះឆ្នោត​នៅ​អាមេរិក​។ 

​    ​ចំណាត់ការ​ដ៏​ភ្ញាក់ផ្អើល​របស់​ពូ​ទីន​មិនបាន​ឃាត់ឃាំង​អ្នកនាំពាក្យ​ក្រសួងការបរទេស​រុស្ស៊ី​មិនឱ្យ​រិះគន់​រដ្ឋការ​លោក​អូ​បា​ម៉ា​បានឡើយ ដោយ​លោកស្រី​អ្នកនាំពាក្យ​រូបនោះ​បាន​ហៅ​ថ្នាក់ដឹកនាំ​កំពូល​អាមេរិក​ថា "​ក្រុម​បរាជ័យ​គោលនយោបាយ​ការបរទេស ពួក​ក្តៅក្រហាយ ពួក​ខួរ​តិច​"​។ 

​    ​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី លោក​សឺ​ហ្គេ ឡាវ​រ៉ូ​វ (Sergey Lavrov) ប៊ិះ​តែ​នឹង​វាយបក​លើ​ការសម្រេចចិត្ត​របស់​អូ​បា​ម៉ា​ទៅហើយ តែ​ត្រូវ​ពូ​ទីន​ឃាត់​ទាន់​។ 

​    ​ប៉ុន្តែ​ពូ​ទីន​ឃាត់​អ្នកនាំពាក្យ​អត់​ទាន់​ទេ ដោយ​លោកស្រី ម៉ា​រៀ ហ្សា​ខា​រ៉ូ​វ៉ា (Maria Zakharova) អ្នកនាំពាក្យ​ក្រសួងការបរទេស​រុស្ស៊ី​អះអាងថា ប្រទេស​អាមេរិក និង​ប្រជាជន​អាមេរិក​ខ្មាស់​គេ​ដោយសារ​ប្រធានាធិបតី​ខ្លួនឯង ដោយ​លោកស្រី​ពណ៌នា​ចំណាត់ការ​របស់​អូ​បា​ម៉ា​ថា​ជា​វិធាន​ការយក​ស្ទីល​សម័យ​សង្គ្រាមត្រជាក់​ប្រឆាំង​មូ​ស្គូ​។ 

​    ​លោកស្រី​ព្រលះ​ថ្នាក់ដឹកនាំ​កំពូល​អាមេរិក​ថា "​ក្រុម​បរាជ័យ​គោលនយោបាយ​ការបរទេស ពួក​ក្តៅក្រហាយ ពួក​ខួរ​តិច​"​។ 

​    ​ប៉ុន្តែ​ពូ​ទីន​បានចេញ​វិធានការ​គួរឱ្យភ្ញាក់ផ្អើល​កាលពី​ល្ងាច​ថ្ងៃ​សុក្រ ដោយ​ប្រកាសថា គ្មាន​ចំណាត់ការ​ណាមួយ​ធ្វើឡើង​ប្រឆាំង​មន្ត្រី​អាមេរិក​ទេ​។ 

​    ​លោកពូ​ទីន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ចេញផ្សាយ​ដោយ​វិមាន​ក្រឹម​ឡាំង​យ៉ាង​ដូច្នេះ "​យើង​នឹងមិន​បង្កើត​បញ្ហា​សម្រាប់​អ្នកការទូត​អាមេរិក​ទេ​។ យើង​នឹងមិន​បណ្តេញ​នរណាម្នាក់​នោះឡើយ​"​។​

​    ​រីឯ​ស្ថានទូត​រុស្ស៊ី​ប្រចាំ​នៅ​អង់គ្លេស​ក៏​មិន​ណ​យ​ដែរ បាន​ព្រលះ​អាមេរិក​យ៉ាង​ចាស់ដៃ ដោយបាន​បង្ហោះ​រូប​កូន​ទា លើ Twitter ជាមួយ​អក្សរ LAME លើ​រូបនោះ ដោយ​ចង់​សំដៅថា​ប្រធានាធិបតី​អាមេរិក​គឺ​គ្មាន​ឥទ្ធិពល​ទេ​។ ហើយ​នៅលើ Twitter ផ្លូវការ​របស់​ស្ថានទូត​នោះបាន​សរសេរ​នៅ​ខាងក្រោម​រូប​ថា "​ប្រធានាធិបតី​អូ​បា​ម៉ា​បណ្តេញ​អ្នកការទូត​រុស្ស៊ី ៣៥ នាក់​យក​ស្ទីល​សម័យ​សង្គ្រាមត្រជាក់​។ គ្រប់គ្នា​រួមទាំង​ប្រជាជន​អាមេរិក​នឹង​រីករាយ​ដែល​ឃើញ​រដ្ឋការ​ចុងក្រោយ​ដ៏​អស់សង្ឃឹម​មួយ​នេះ​"​។ 

​    ​នាយករដ្ឋមន្ត្រី​រុស្ស៊ី ឌី​មេ​ទ្រី មេ​ត​វ៉េ​ដេ​វ បាន​ថ្កោលទោស​ចំណាត់ការ​អាមេរិក ដោយ​សរសេរ​លើ Facebook របស់លោក​ថា "​ពិតជា​គួរឱ្យ​ស្តាយ រដ្ឋការ​អូ​បា​ម៉ា ដែលជា​អ្នក​ចាប់ផ្តើម​ស្តារ​ទំនាក់ទំនង​យើង​ឡើងវិញ បែរជា​បញ្ចប់​ដោយ​កំហឹង​ប្រឆាំង​អាមេរិក​ទៅវិញ​។ RIP"៕ 

ប្រភព៖ CNN & Dailymail

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់