កណ្តាល ៖ ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសចាប់ខ្លួនក្នុងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រភេទម៉ាទឹកកក នាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង៦ និង១៥នាទីយប់ ស្ថិតនៅចំណុចលើផ្លូវលេខ១១០ ក្នុងភូមិព្រែកតាឯក ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល។
ប៉ូលិសនិយាយថា ជនសង្ស័យ ឈ្មោះ ឡេង គឹមហៃ ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិពោធិក្រោម ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ។ វត្ថុតាងចាប់យក ១-ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន (ម៉ាទឹកកក) ០២កញ្ចប់ ០១កញ្ចប់ (មធ្យម ) ០១កញ្ចប់ (តូច) និង២-ម៉ូតូ០១គ្រឿងម៉ាក់ VIVA ពណ៌ខ្មៅស្លាកលេខ ភ្នំពេញ 1BD-7340។
ប៉ូលិសបន្តថា នៅថ្ងៃទី៣០ ធ្នូ ២០១៦ វេលាម៉ោង៦ និង១៥នាទីយប់កម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនស្រុក សហការជាមួយ កម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលត្រើយស្លា បានធ្វើការចុះល្បាតតាមភូមិសាស្ត្រ បានប្រទះឃើញជនសង្ស័យកំពុងជិះម៉ូតូ ០១ គ្រឿង នៅចំណុចលើផ្លូវលេខ១១០ស្ថិតក្នុងភូមិព្រែកតាឯក កម្លាំងប៉ូលិសមានការសង្ស័យ បានធ្វើការត្រួតពិនិត្យរកឃើញគ្រឿងញៀន ០១កញ្ចប់(តូច)នៅជាប់ខ្លួនរបស់ឈ្មោះ ឡេងគឹមហៃ រួចធ្វើការនាំខ្លួនជនសង្ស័យរួមនិងវត្ថុតាង បញ្ជូនមកប៉ុស្តិ៍រដ្ឋបាលត្រើយស្លា ដើម្បីសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ឈ្មោះ ឡេង គឹមហៃ បានសារភាពថា ខ្លួនបានទទួលលុយ ពីឈ្មោះ ម៉ៅ ភេទប្រុស អាយុ ២៨ ឆ្នាំ នៅភូមិពោធិកណ្តាល ឃុំត្រើយស្លា ១៥ ម៉ឺនរៀល ដើម្បីយកទៅទិញគ្រឿងញៀនពីឈ្មោះ ជាតិ នៅភូមិឬស្សីជ្រោយ ឃុំស្វាយប្រទាលក្នុងតម្លៃ១កញ្ចប់ ១៥ ម៉ឺនរៀល កាលពីនៅថ្ងៃទី៣០ ធ្នូ ២០១៦ វេលាម៉ោង២រសៀល រួចបានលាក់ទុកនៅក្នុងផ្ទះរបស់ខ្លួន (ហៃ)។
លុះដល់វេលាម៉ោង៧ និង១៤នាទី យប់ថ្ងៃខែឆ្នាំដដែលដោយមានបញ្ជាពី ស្នងការប៉ូលិសខេត្តកណ្តាល និងមានការសម្របសម្រួល ពីលោក ព្រះរាជ្ញាអមសាលាដំបូងខេត្តកណ្តាល កម្លាំងសមត្ថកិច្ចបានបន្តទៅត្រួតពិនិត្យរកឃើញគ្រឿងញៀន (ម៉ាទឹកកក) ០១កញ្ចប់ (មធ្យម) នៅក្នុងផ្ទះរបស់ ឈ្មោះ ឡេង គីមហៃ បន្ថែមទៀត។
បន្ទាប់មកបានបញ្ជូនជនសង្ស័យរួមនិងវត្ថុតាង មកកាន់អធិការដ្ឋានប៉ូលិសស្រុកស្អាង ដើម្បីបន្តចាត់ការ តាមនីតិវិធី។
