ឪពុកម្តាយ​ភាគច្រើន​ប្រដៅ​កូន​តាមរបៀប​ទាំង ៦ នេះ ទើប​ធ្វើឱ្យ​កូន​ធំ​ឡើង​ខ្វះ​ជំនឿ​ចិត្ត និង​ខ្លាច​ភាពជោគជ័យ​

    ​ធ្វើ​ឪពុកម្តាយ​គេ​មិន​ងាយស្រួល​នោះឡើយ ហើយ​អ្វីដែល​រឹតតែ​ពិបាក​គឺ​ដំបូន្មាន​ដែល​ឪពុកម្តាយ​ជ្រើសរើស​យកមក​ប្រដែប្រដៅ​កូន​។ ហើយ​តាម​ការសិក្សា​បានឱ្យដឹងថា ឪពុកម្តាយ​ភាគច្រើន​បង្កើត​កំហុស ៦ យ៉ាង​ក្នុងការ​ប្រៀនប្រដៅ​កូន ជាហេតុ​ធ្វើឱ្យ​កូនៗ​ធំ​ឡើង​គ្មាន​ភាពជឿជាក់​លើ​ខ្លួនឯង និង​មិន​ចង់​ក្លាយជា​មនុស្ស​ជោគជ័យ​។ 

​    ​១. មិន​អនុញ្ញាតឱ្យ​កូន​ខ្លួនឯង​ធ្វើការ​ប្រថុយប្រថាន ព្រោះ​ខ្លាច​បាត់បង់​កូន​ជាទី​ស្រឡាញ់​
​    ​ការពារ​កូន​ខ្លាំងពេក​ធ្វើឱ្យ​ពួកគេ​ខកខាន​រៀនសូត្រ​ពី​សង្គម​ដោយ​ខ្លួនឯង និង​មិនបាន​ធំ​លូតលាស់​ចិត្តគំនិត​នោះឡើយ​។ ទុកឱ្យ​កូន​ចេញ​ក្រៅ ឱ្យ​ស្គាល់​អ្វី​ទៅ​ការបែកបាក់​ស្នេហា ការឈ្លោះប្រកែក​ជាមួយ​ក្មេងក្មាង​គ្នា​វា និយាយ​រួម​ទុកឱ្យ​កូនៗ​ប្រឡូក​បទពិសោធន៍​និង​រៀនសូត្រ​ពី​ជីវិត​ដោយ​ខ្លួនឯង​។ ដូច្នេះ​ពេល​កូន​ធំ​ឡើង វា​នឹងមិន​ក្លាយជា​មនុស្ស​ពិបាក​ចុះ​ចំណោម​គេ​ទេ​។​

​    ​២. ដោះស្រាយ​បញ្ហា​របស់​កូន​រហូត មិន​ទុកឱ្យ​វា​ជួយ​ខ្លួនឯង​
​    ​ការដែល​លោកអ្នក​ជួយ​ដោះស្រាយ​រាល់​បញ្ហា​របស់​កូន នឹងធ្វើ​ឱ្យ​កូន​បាត់បង់​ជំនាញ​ដោះស្រាយ​បញ្ហា​ដោយ​ខ្លួនឯង ជាហេតុ​ធ្វើឱ្យ​កូន​ធំ​ឡើង​ក្លាយជា​មនុស្ស​ចាំតែ​ពឹង​អ្នកដទៃ និង​ចុងក្រោយ​ធ្វើឱ្យ​កូន​នោះ​ក្លាយជា​មនុស្ស​អសមត្ថភាព​។ 

​    ​៣. ងាយ​សរសើរ ងាយ​បង្អាប់​កូន​ពេក​
​    ​តាម​ការសិក្សា ការដែល​ឪពុកម្តាយ​ងាយ​សរសើ​កូន គ្រាន់តែ​ធ្វើ​អ្វីមួយ​បានល្អ ពេលនោះ​ផ្នត់គំនិត​កូនៗ គឺ​យល់ថា ខ្លួនគេ​ជាម​នុស្ស​ពិសេស​រហូត ដូច្នេះ លើក​ក្រោយៗ​ទៀត កូនៗ​នឹង​រំពឹង​ការសរសើរ​ពី​ឪពុកម្តាយ​ជានិច្ច បើ​គ្មាន​ពាក្យ​សរសើរ នឹង​ខឹង​ឬ​អន់ចិត្ត​ភ្លាម​។ ហើយ​ការដែល​ងាយ​និយាយ​ពាក្យ​បង្អាប់​ឬ​រិះគន់​កូន លើក​ក្រោយ​កូនៗ​នឹង​ខ្លាច​មិន​ហ៊ាន​ធ្វើ​អ្វីមួយ​ដែល​ខ្លួន​ចេះ​ទេ ព្រោះ​ខ្លាច​មាន​កំហុស ត្រូវ​ឪពុកម្តាយ​ស្តីបន្ទោស ឬ​និយាយ​បង្អាប់​។ 

​    ​៤. ឱ្យ​កូន​ប្រឹង​ធ្វើ​អ្វីមួយ នឹង​បាន​រង្វាន់​
​    ​ការដែល​លោកអ្នក​ផ្តល់​រង្វាន់​ជា​ថ្នូរ​នឹង​ការប្រឹងប្រែង​រៀនសូត្រ នោះ​កូនៗ​នឹង​លែង​ប្រឹងរៀន ពេល​លែងមាន​រង្វាន់​។ ជំនួស​ឱ្យ​ការផ្តល់​រង្វាន់ ឪពុកម្តាយ​ទាំងឡាយ​គួរ​ប្រដៅ​កូន​ឱ្យ​ប្រឹងប្រែង​ប្រជែង​ឱ្យ​ឈ្នះ​មិត្ត​រួម​ថ្នាក់ កុំឱ្យ​ចាញ់​គេ​។ ធ្វើបែបនេះ ក្មេង​នឹង​ក្លាយជា​មនុស្ស​រឹងមាំ​និង​មាន​ជំនឿ​ចិត្ត​លើ​ខ្លួនឯង ព្រោះ​ការប្រកួតប្រជែង​ក្នុងចំណោម​មិត្តភក្តិ​វា​គឺ​មិន​ចប់ ដូច​ការផ្តល់​រង្វាន់​ទេ​។ 

​    ​៥. ចូលចិត្ត​ប្រៀបធៀប​កំហុស​កូន​ខ្លួនឯង​ទៅនឹង​ចំណុច​ល្អ​របស់​កូន​អ្នកដទៃ​
​    ​ក្នុងនាម​ជា​ឪពុកម្តាយ​គេ លោកអ្នក​ក៏​ធ្លាប់ធ្វើ​ខុស​ដែរ​។ ពេល​កូន​អ្នកធ្វើ​ខុស សូមកុំ​យក​កំហុស​កូន​ទៅ​ប្រៀបធៀប​នឹង​កូន​អ្នកដទៃ ដែល​ល្អ​អ៊ីចេះ ល្អ​អ៊ីចុះ​។ កូនៗ​គ្រប់រូប មិន​ចង់​មាន​អារម្មណ៍​ថា​ខ្លួនឯង​ជា​កូនក្មេង​បៀម​ដៃ​អសមត្ថភាព ដូច​ពីមុន​ទេ​។ ការដែល​លោកអ្នក​ប្រៀបធៀប​តែ​ចំណុច​អន់​កូន​ខ្លួនឯង​ទៅ​ចំណុចខ្លាំង​របស់​កូន​អ្នកដទៃ នឹង​រឹតតែ​ធ្វើឱ្យ​កូនលោក​អ្នក យល់ថា​ខ្លួនឯង​ជា​មនុស្ស​អន់​។ យក​ល្អ លោកអ្នក​គួរ​លើកឡើង​ពី​កំហុស​ស្រដៀង​គ្នា ដែល​លោកអ្នក​ធ្លាប់​សាង​ពី​តូច មក​ប្រាប់​កូន រួច​លើក​ហេតុផល​។ ធ្វើបែបនេះ​កូនៗ​នឹងមាន​អារម្មណ៍​ថា ឪពុកម្តាយ​គោរព​ខ្លួនគេ​ជាម​នុស្ស​ធំ​មានការ​គិតគូរ​ពិចារណា ហើយ​វា​នឹង​បណ្តុះ​គំនិត​កូន​ឱ្យ​ប្រឹងប្រែង​ធ្វើឱ្យ​ខ្លួនឯង​រឹតតែ​ប្រសើរឡើង​។​

​    ​៦. និយាយ​ផ្សេង អនុវត្ត​ផ្សឹ​ង​
​    ​បើកាលណា​លោកអ្នក​ប្រដៅ​កូន​ឱ្យធ្វើ​អ្វីមួយ ដាច់ខាត​ត្រូវគោរព​តាម​សម្តី​ខ្លួនឯង​ផង​។ កូនៗ​នឹង​បាត់​ជំនឿ ពេលដែល​លោកអ្នក​ប្រដៅ​កូន​កុំឱ្យ​លេងល្បែង តែ​ខ្លួនឯង​អង្គុយ​អ៊ុត​បៀរ​ឡើង​ឈ្ងុយ​៕ 

1 adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់