ឆ្នាំ​​ ២០១៦ ​នៅ​ភ្នំពេញ​គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់​ ២៣៩ ​នាក់​ និង​របួស ​៤៣៦​ នាក់​

    ភ្នំពេញ ៖ នាយការិយាល័យ​ប៉ូលិស​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ បានឱ្យដឹងថា ឆ្នាំ​២០១៦ នៅ​រាជធានី​ភ្នំពេញ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​៤៥៧​ករណី​ប្រៀបធៀប​ឆ្នាំ​២០១៥​កើនឡើង​១២​ករណី។​

    លោក​វរៈសេនីយ៍ឯក ចេ​វ  ហាក់ នាយការិយាល័យ​ប៉ូលិស​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​បន្តថា ក្នុងចំណោម​នោះ​មាន​មនុស្ស​២៣៩​នាក់​បាន​ស្លាប់​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៥​កើនឡើង​៤​នាក់, អ្នករងរបួស​មាន​៤៣៦​នាក់​ធៀប​ឆ្នាំ​២០១៥​កើនឡើង​៥៣​នាក់​និង​យានយន្ត​ខូចខាត​១៨៤​គ្រឿង​កើនឡើង​៣១​គ្រឿង។​

    លោក​ ចេ​វ ហាក់​ បន្តថា គ្រោះថ្នាក់​ច​រា​រណ៍​ខាងលើ​លោក​សង្កេតឃើញថា ចំពោះ​កត្តា​មនុស្ស បង្កឡើង​ចំនួន​៩៩​ភាគរយ ដូចជា បើក​យានយន្ត​ប្រជែង​,​ បើកបរ​មិន​ត្រឹមត្រូវ​តាមច្បាប់​ចរាចរណ៍​ផ្លូវគោក, បើកបរ​ដោយ​បំពាន និង បើកបរ​ក្នុងស្ថានភាព​ស្រវឹង។ ​ក្នុងនោះ​អ្នកបើកបរ​ក្នុងស្ថានភាព​ស្រវឹង​មាន​ពី​១៣ ​ទៅ​១៤​ភាគរយ។ ចំពោះ​កត្តា​ផ្លូវថ្នល់ ​និង​កត្តា​យានយន្ត​គឺមាន​១​ភាគរយ ប៉ុណ្ណោះ។​

    លោក ​ចេ​វ ហាក់​ បន្តថា ជាទូទៅ​ប្រជាពលរដ្ឋ​មិន​ចង់ដឹង មិន​ចង់​ឮ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នោះទេ ក្នុងករណីនេះ​លោក​សំណូមពរ​ដល់​អ្នកបញ្ជា​យានយន្ត​ទាំងអស់​គឺ​ទី​១-​ត្រូវគោរព​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ឱ្យបាន​ម៉ដ្ដចត់ ទី​២-​ពេល​បើកបរ​ត្រូវ​ចេះ​យោគយល់ អធ្យាស្រ័យ​គ្នា កុំ​បើកបរ​លើស​ល្បឿន​កំណត់ និង ទី​៣-​ត្រូវគោរព​សិទ្ធិ​ជា​អាទិភាព​យោគយល់​គ្នា​ទៅវិញទៅមក ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍។​

    លោក​សេង  ចាន់ថន អ​តី​តៈ​នាយផ្នែក​ដោះស្រាយ​គ្រោះថ្នាក់​ចរាចរណ៍​រាជធានី​ភ្នំពេញ ដែល​ទើបនឹង​ចូលនិវត្តន៍ បានឱ្យដឹង​ដែរ​ថា លើ​កត្តា​មនុស្ស​ដែល​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ លោក​សង្កេតឃើញថា  ១-​ការប្រើប្រាស់​ល្បឿន​លឿន​នៅ​ទីប្រជុំជន ផ្លូវ​ប្រសព្វ ដោយ​អ្នកបញ្ជា​យានយន្ត​បើក​ហួស​ល្បឿន​កំណត់​បង្ក​គ្រោះថ្នាក់​ញឹកញាប់ ២-​នៅ​ផ្លូវខ្វែង ផ្លូវ​ប្រសព្វ និង រង្វង់​មូល បើកបរ​មិន​គោរព​សិទ្ធិ​គ្នា មិន​គោរព​ភ្លើង​សញ្ញា ស្លាកសញ្ញា និង​មិន​គោរព​សិទ្ធិ​ស្តាំ​ដៃ និង ទី​៣-​អ្នកបើកបរ​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង មាន​ជាតិ​អាកុល​ខ្ពស់ ដូចជា​ផឹកស្រា​និង​ស្រា​បៀរ​។​ល​។​

    លោក ​សេង ចាន់ថន បន្តថា លើ​កត្តា​យានយន្ត​រួមមាន ១-​បើកបរ​ផ្ទុះ​កង់ បែក​កង់​ដោយ​មិនបាន​ត្រួតពិនិត្យ​ជាមុន និង​២-​ដឹក​ផ្ទុក​លើស​ចំណុះ ដឹក​ច្រើនពេក បើកបរ​ខ្វះ​ការប្រុងប្រយ័ត្ន  ដូចជា​ករណី​គ្រោះថ្នាក់​ដល់​កម្មករ​ច្រើន​នាក់​កន្លងមក។​

    ចុងក្រោយ លោក​បាន​សំណូមពរ​ដល់​អ្នកបើក​បរ​ទាំងអស់​ត្រូវគោរព​ច្បាប់​ចរាចរណ៍​, បើកបរ​ត្រូវមាន​ក្រមសីលធម៌  កុំ​បើក​ច្រាសទិស ហើយ​អ្នកបើកបរ​ត្រូវ​ទិស​ក៏ត្រូវ​ចេះ​យោគយល់ ព្រោះ​បើ​អាង​ត្រូវ​បើ​កបំ​បុក​ទាំង​បំពាន​មាន​គ្រោះថ្នាក់​ដូច​តែ​គ្នា និង បើកបរ​ត្រូវ​ចេះ​យោគយល់​អធ្យាស្រ័យ​ឱ្យ​គ្នា​ទៅវិញទៅមក៕

Image5
adverise with khmeread
Loading ad ...