ប៉ូលិស​ស្រុក​ស្អាង​វ៉ៃខ្នោះ​ជនសង្ស័យ​ម្នាក់​លក់​ថ្នាំញៀន​

    កណ្តាល ៖ ប៉ូលិស​ស្រុក​ស្អាង​បាន​បើក​កិច្ចប្រតិបត្តិការ​ណ៍​បង្ក្រាប​មុខសញ្ញា​ជួញដូរ​សារធាតុ​ញៀន​ខុសច្បាប់ នៅ​ថ្ងៃទី​០១ ​មករា​ ២០១៧ វេលា​ម៉ោង១២ ​និង​១១​នាទី នៅ​ចំណុច ភូមិ​ព្រែក​ប៉ាង ឃុំកោះ​ខែល ស្រុក​ស្អាង ខេត្តកណ្តាល ដោយ​ឃាត់​ជនសង្ស័យ​ម្នាក់។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ហុង ហេង​ពៅ ភេទ​ប្រុស អាយុ២៣​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងដែក ទីលំនៅ​បច្ចុប្បន្ន ភូមិ​ទេព​អរជូន ឃុំ​កោះ​ខែល ស្រុក​ស្អាង ខេត្តកណ្តាល។ ​វត្ថុតាង​ចាប់យក​រួមមាន ១-​ម្សៅ​ក្រាម​ពណ៌​ស​សង្ស័យថា​ជា​សារធាតុ​ញៀន​ (​ម៉ា​ទឹកកក​) ០៤​កញ្ចប់​ (០២​កញ្ចប់​តូច​.០១ កញ្ចប់​មធ្យម​.០១​កញ្ចប់​ធំ), ២-​ម៉ាស់​ពាក់​មុខ ពណ៌​ខ្មៅ​០១, ៣-​ទូរ​ស័ព្ទ ចំនួន ០១ ​គ្រឿង ម៉ាក iPhone 4 ពណ៌​ស និង​៤-​ម៉ូតូ​០១​គ្រឿង ម៉ាក ហុងដា សេ ១២៥ សេរី​ឆ្នាំ ២០១៥​ពណ៌​ខ្មៅ​ស្លាកលេខ​កណ្តាល 1P-9187។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃទី០១​ មករា ​២០១៧ វេលា​ម៉ោង​១២​ និង​១១​នាទី ក្រោយពេល​ទទួលបាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា មាន​ករណី ជួញដូរ​គ្រឿងញៀន​នៅ​ចំណុច​ ​ភូមិ​ព្រែក​ប៉ាង ឃុំ​កោះ​ខែល ស្រុក​ស្អាង កម្លាំង​សមត្ថកិច្ច​នគរបាល​ផ្នែក​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ស្រុក បាន​ទៅដល់​ចំណុច​នោះ ប្រទះឃើញ​ជនសង្ស័យ​ម្នាក់ កំពុង​ជិះ​ម៉ូតូ​នៅ​ចំណុចកើតហេតុ​ខាងលើ ពេលនោះ​កម្លាំង​សមត្ថកិច្ច​បានធ្វើ​ការត្រួត​ពិនិត្យ​រកឃើញ​គ្រឿងញៀន​(​ម៉ា​ទឹកកក​) ០៣​កញ្ចប់​.០១ កញ្ចប់​មធ្យម និង​០២ កញ្ចប់​តូច​នៅក្នុង​ម៉ាស់​ពាក់​មុខ រួច​ធ្វើការ​ឃាត់ខ្លួន រួម​និង​វត្ថុតាង បញ្ជូនមក​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ស្អាង ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី។​

    នៅ​ចំពោះមុខ​សមត្ថកិច្ច ឈ្មោះ ហុង ហេង​ពៅ បាន​សារភាពថា កាលពី​ថ្ងៃទី៣១ ​ធ្នូ​ ២០១៦ ខ្លួន​បាន​ទិញ​គ្រឿងញៀន​០១​កញ្ចប់ តម្លៃ ១២០.០០០​រៀល ពី​ឈ្មោះ នឿន ភេទ ប្រុស អាយុ ២៦ ឆ្នាំ មុខរបរ រត់​ម៉ូតូឌុប (​នៅ​ចំណុច ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​) ទីលំនៅ​មិន​ពិតប្រាកដ ដើម្បី​យកមក​វេច​ខ្ចប់​លក់ ក្នុង​០១​កញ្ចប់​តម្លៃ ៦០.០០០​រៀល និង​លាក់ទុក​នៅផ្ទះ​០១​កញ្ចប់​ធំ​ទៀត។​

    នៅវេលា​ម៉ោង១២ ​និង​៤៥​នាទី ថ្ងៃខែ​ឆ្នាំ​ដដែល ដោយមាន​បញ្ជា​ផ្ទា​ល់ពី​លោក​ អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្តកណ្តាល និង​មានការ​សម្របសម្រួល ពី​លោក​ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្តកណ្តាល កម្លាំង​សមត្ថកិច្ច​ស្រុក​ស្អាង បន្តទៅ​ត្រួតពិនិត្យ​ផ្ទះ​របស់​ឈ្មោះ ហុង ហេង​ពៅ នៅ​ចំណុច​ភូមិ ទេព​អរជូន ឃុំ​កោះ​ខែល បាន​រកឃើញ​គ្រឿងញៀន (​ម៉ា​ទឹកកក​) ០១​កញ្ចប់​ធំ បន្ថែមទៀត ដើម្បី​បន្ត​អនុវត្តតាម​នីតិវិធី៕

Unnamed %281%29 adverise with khmeread

មតិយោបល់