អាសូរ​ណាស់​!​ ម៉ូតូ​រ៉ឺ​មក​កង់​បី បើក​បុក​គ្នា​ជាមួយ​ម៉ូតូ​ហុងដា របួស​ស្ត្រី​ម្នាក់​ដាច់​ជើង​ស្តាំ​សល់​តែ​ស្បែក (មានវីដេអូ)

    ភ្នំពេញ ៖ នារី​ម្នាក់​បាន​របួស​ដាច់​ជើង​ខាងស្តាំ រីឯ​ប្តី​រងរបួស​ស្រាល​ដោយ​រ៉ឺម៉ក​កង់​បី ឆ្លងថ្នល់​ទៅបុក​ម៉ូតូ​ហុងដា​ពេញទំហឹង របស់​ជនរងគ្រោះ កាលពី​វេលា​ម៉ោង​១១ ​និង​៣៥​នាទី​យប់​ថ្ងៃទី១ មករា ២០១៧ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ មុខ​វិទ្យាល័យ​ជម្ពូ​វ័ន ស្ថិតក្នុង​ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ​។​

    សាក្សី​ពី​កន្លែងកើតហេតុ បានឱ្យដឹងថា មុនដំបូង​គេ​ឃើញ ម៉ូតូ​រងគ្រោះ​ម៉ាក ហុងដា​ឌ្រី​ម ​ស៊េរី​២០១៦​ ពាក់​ស្លាក​លេខ​កំពង់ធំ 1H-8349 ជិះ​ឌុប​គ្នា​២​នាក់​ប្តី​ប្រពន្ធ​ធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ​៤​ទិសដៅ​ពី​លិចទៅ​កើត។​

    ចំណែង​រ៉ឺម៉ក​កង់​បី​បើក​ដោយ​បុរស​ម្នាក់​ចេញពី​ផ្លូវ​បេតុង​ផ្សារ​ឯករាជ្យ​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ឡើងមក​ផ្លូវជាតិ​៤​ឆ្លងថ្នល់​ក្នុង​ល្បឿន​លឿន​ក៏​ជ្រុល​ចង្កូត​ទៅបុក​ម៉ូតូ​រងគ្រោះ​២​នាក់​ប្តី​ប្រពន្ធ​ពេញទំហឹង បណ្ដាលឱ្យស្ត្រី​ជា​ប្រពន្ធ​រងរបួស​បាក់ជើង (ឆ្អឹង​ខ្ទេច​សល់​តែ​ស្បែក) រីឯ​បុរស​ជា​ប្តី​រងរបួស​ស្រាល។​

    ដោយឡែក​ម៉ូតូ​រ៉ឺម៉ក​កង់​បី បាន​បើក​រត់​ពី​កន្លែងកើតហេតុ​ជាង​១០០​ម៉ែត្រ ម្ចាស់​បាន​ទុកចោល​ទើបត្រូវ​ប្រជាពលរដ្ឋ​ឃាត់​បាន​។ ​ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ត្រូវបាន​រថយន្ត​គ្លីនិក​ឯកជន រស្មី ដឹក​ទៅ​សង្គ្រោះ​បន្ត​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​។​ ចំណែក​ម៉ូតូ​របស់​ជនរងគ្រោះ និង​ម៉ូតូ​រ៉ឺម៉ក​កង់​បី ត្រូវបាន​សមត្ថកិច្ច​ជំនាញ​វាស់វែង​នាំមក​រក្សាទុក​នៅ​ផ្នែក ចរាចរណ៍​ខណ្ឌ​ពោធិ​សែន​ជ័យ ដើម្បី​រង់ចាំ​ការដោះស្រាយ៕

 

adverise with khmeread