ខ្សែប្រយុទ្ធក្រុមតោខៀវ Chelsea កីឡាករ Diego Costa បានក្លាយទៅជាគោលដៅជាមួយនឹងកញ្ចប់ទឹកប្រាក់ចំនួន ៨០លានផោនបោះមកពីក្លឹបអ្នកមានចិន Tianjin Quanjian។ នេះបើយោងតាមសេចក្តីរាយការណ៍ក្នុងតំបន់អឺរ៉ុប។
តារាបាល់ទាត់អន្តរជាតិអេស្ប៉ាញវ័យ ២៨ឆ្នាំរូបនេះ បានបង្ហាញពីទម្រង់លេងដ៏គួរឱ្យចាប់អារម្មណ៍យ៉ាងខ្លាំងសម្រាប់តោខៀវក្នុងរដូវកាលនេះ ដោយគាត់អាចស្វែងរកគ្រាប់បាល់ចំនួន ១៤គ្រាប់ជាស្រេចក្នុងការបង្ហាញខ្លួនចំនួន ១៨លើកក្នុងលីកកំពូលអង់គ្លេស Premier League។
ទម្រង់លេងរបស់ Costa ក្លាយទៅជាផ្នែកមួយដ៏ធំសម្រាប់សន្ទុះដ៏សម្បើមរបស់ Chelsea ស្ថិតនៅលើកំពូលតារាងលីក ដែលក្រុមរបស់លោក Antonio Conte បច្ចុប្បន្នមាន៦ពិន្ទុឈរដាច់ចំណាត់ថ្នាក់ទីពីរហង្សក្រហម Liverpool ។
យោងតាមសេចក្តីរាយការណ៍របស់វេបសាយ The Sun បានឱ្យដឹងថា ខ្សែប្រយុទ្ធឆ្នើមរបស់តោខៀវរូបនេះ គឺជាតារាបាល់ទាត់ចុងក្រោយបំផុតដែលបានក្លាយទៅជាគោលដៅរបស់លីកកំពូលចិន Chinese Super League ខណៈដែល Carlos Tevez និង Oscar បានផ្លាស់ទៅទីនោះជាមួយនឹងកញ្ចប់ទឹកប្រាក់ដ៏សម្បើម។
សេចក្តីរាយការណ៍អះអាងថា Tianjin បានព្យាយាមបោះទឹកចំនួន ៥០លានផោនតែត្រូវបានច្រានចោលដោយតោខៀវកាលពីខែមុន ប៉ុន្តែមានការអះអាងថា ក្លឹបចិនមួយនេះមានបំណងដើម្បីស្តារលទ្ធភាពរបស់ពួកគេឡើងវិញ និងកែលម្អការផ្តល់ជូនរបស់ខ្លួន។
ប្រសិនបើ Costa ចាកចេញពីទឹកដី Stamford Bridge គាត់ត្រូវបានគេរាយការណ៍ថានឹងរកចំណូលបានប្រហែលជា ៤៨ម៉ឺនផោនក្នុងមួយសប្តាហ៍ក្នុងប្រទេសចិន ទោះជាយ៉ាងណាក្តីមិនមានការអះអាងណាមួយបញ្ជាក់ថា លោក Conte នឹងពិចារណាលក់កីឡាកររកគ្រាប់បាល់ច្រើនជាងគេរបស់គាត់នោះឡើយ៕
