នៅពេលវត្ថុអ្វីមួយធ្លាក់នៅពេលយប់ដ៏ស្ងាត់ជ្រងំ នោះមនុស្សតែងបន្ទោសសត្វឆ្មាឬកណ្តុរដែលបន្លឺសំឡេងធ្លាក់វត្ថុទាំងនោះ។ ប៉ុន្តែវីដេអូមួយនេះវិញដែលហាក់បង្ហាញអ្វីមួយដ៏គួរឱ្យខ្លាចពេលមើលម្នាក់ឯង ត្រូវបានបញ្ចេញនៅលើបណ្តាញសង្គមបន្ទាប់ពីបុរសម្នាក់បានត្រឡប់មកផ្ទះរបស់គាត់វិញ ដោយឃើញរបស់រប៉ាត់រប៉ាយពេញផ្ទះ។
វត្ថុហាក់ធ្លាក់ចេញពីផ្ទះបាយដោយខ្លះឯងនៅផ្ទះរបស់លោក Rusty Johnson នៅទីក្រុង Fayetteville រដ្ឋ North Carolina សហរដ្ឋអាមេរិក។ Rusty បានបង្ហោះវីដេអូនេះដោយសរសេរបន្ថែមពីលើយ៉ាងដូច្នេះថា "ខ្ញុំបានមកផ្ទះវិញដោយឃើញវត្ថុមួយចំនួនធ្លាក់ចេញពីទីតាំងហើយបានសម្រេចចិត្តមើលឃ្លីបវីដេអូដែលបានថតទុក។ វាបានបន្លាចខ្ញុំយ៉ាងខ្លាំង។ ខ្ញុំប្រហែលជាមានអារម្មណ៍ភ័យខ្លាចប៉ុន្តែវាហាក់ដូចជា ខ្ញុំអាចមានអារម្មណ៍ថា នរណាម្នាក់ឬអ្វីមួយកំពុងមើលមកខ្ញុំ"។
លោកបានបន្តថា "វាដូចជាធ្វើខ្ញុំមានអារម្មណ៍រងសម្ពាធខ្លាំងហើយភ័យខ្លាច។ ភ្លាមៗបន្ទាប់មកទៀត ខ្ញុំស្រាប់តែមានអារម្មណ៍មិនល្អមិនធ្លាប់មានពីមុនមក ខ្ញុំហាក់មានរលកកំហឹងខ្លាំងក្លាឆ្លងកាត់ខ្ញុំជាងមួយម៉ោងកន្លះ ដែលខ្ញុំមិនអាចពន្យល់បានទេ។ ខ្ញុំគ្មានអ្វីដែលត្រូវខឹងសោះឡើយ។ រឿងនេះធ្វើឱ្យខ្ញុំព្រឺសម្បុរមួយរំពេច និងធ្វើឱ្យខ្ញុំភ័យរួញរា។ ខ្ញុំច្បាស់ជាត្រូវក្បត់កិច្ចសន្យាជួលផ្ទះ ហើយរើចេញហើយ"។
លោកបានបន្តថា លោកនឹងបន្តថតផ្ទះរបស់គាត់ដរាបណាគាត់នៅតែរស់នៅផ្ទះនេះ ប៉ុន្តែប្រសិនបើវានៅតែកើតឡើងគាត់នឹងរើផ្ទះហើយ៕
