ត្រាំ​ព្រមាន​ថា គ្មាន​កុំព្យូទ័រ​ណាមួយ​មាន​សុវត្ថិភាព​នោះឡើយ​

    ​លោក​ប្រធានាធិបតី​ជាប់ឆ្នោត ដូ​ណា​ល់​ត្រាំ បាន​និយាយថា "​គ្មាន​កុំព្យូទ័រ​ណាមួយ​មាន​សុវត្ថិភាព​ឡើយ​" នៅពេល​និយាយ​ដល់​ការរក្សា​ឯកសារ​ឯកជន ដែល​នេះ​បង្ហាញ​ពី​មន្ទិលសង្ស័យ​ថ្មី​មួយទៀត​អំពី​សុវត្ថិភាព​ទូរគមនាគមន៍​អន​ឡាញ​ដែល​រដ្ឋការ​របស់លោក​ជិត​យកមកប្រើ​ប្រាស់​សម្រាប់​ការងារ​ប្រចាំថ្ងៃ រហូតដល់​ការងារ​ទំនាក់ទំនង​អន្តរជាតិ​។​

​    ​លោក​ត្រាំ​បាន​ប្រាប់​អ្នកកាសែត​អំឡុង​ការ​ថ្លែង​នៅ​ថ្ងៃ​ចូលឆ្នាំ​សកល​យ៉ាង​ដូច្នេះ​ថា "​អ្នកដឹង​ទេ ប្រសិនបើ​អ្នកមាន​អ្វីមួយ​ដ៏​សំខាន់ សរសេរ​វា​ហើយ សូម​ផ្ញើ​វា​តាមរយៈ​អ្នក​នាំ​សំបុត្រ ដែលជា​វិធី​បុរាណ​។ ខ្ញុំ​សូម​ប្រាប់​ទៅ​ចុះ គ្មាន​កុំព្យូទ័រ​ណាមួយ​មាន​សុវត្ថិភាព​ឡើយ​"​។​

​    ​លោក​ត្រាំ​បាន​ច្រានចោល​ការចោទប្រកាន់​ម្តង​ហើយ​ម្តងទៀត​ដោយ​ទីភ្នាក់ងារ​ស៊ើបការណ៍​អាមេរិក​ដែលថា ប្រទេស​រុស្ស៊ី​បាន​ព្យាយាម​ជះឥទ្ធិពល​មកលើ​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​តាមរយៈ​ការ​ហ៊ែ​ក​។​

​    ​លោក​ប្រធានាធិបតី បា​រ៉ា​ក់​អូ​បា​ម៉ា បាន​បញ្ជាការ​ដាក់ទណ្ឌកម្ម​ទៅលើ​ទីភ្នាក់ងារ​ស៊ើបការណ៍​រុស្ស៊ី​កាលពី​សប្តាហ៍​មុន ដោយបាន​បិទ​អគារ​ពីរ​របស់​រុស្ស៊ី​និង​បណ្តេញ​អ្នកការទូត​ចំនួន ៣៥ នាក់ ខណៈ​សហរដ្ឋអាមេរិក​បាន​និយាយថា ពួក​រុស្ស៊ី​ពិតជា​បាន​ស៊ើបការណ៍​សម្ងាត់​មែន​។​

​    ​យ៉ាងណាក្តី រដ្ឋាភិបាល​រុស្ស៊ី​បាន​ច្រានចោល​ការចោទប្រកាន់​នេះ​។​

​    ​លោក​ត្រាំ​មាន​គម្រោង​ជួប​ជាមួយ​មន្ត្រី​ស៊ើបការណ៍​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​ដើម្បី​ស្វែងយល់​អំពី​ការចោទប្រកាន់​។ គាត់​បាន​និយាយថា គាត់​ចង់ឱ្យ​មន្ត្រី​អាមេរិក​ប្រាកដប្រជា​ព្រោះ​វា​ពិតជា​ការចោទប្រកាន់​ដ៏​ធ្ងន់ធ្ងរ​។ 

​    ​គាត់​ក៏បាន​ចង្អុល​ពី​បរាជ័យ​របស់​ទីភ្នាក់ងារ​ស៊ើបអង្កេត​ជុំវិញ​ការលើកឡើង​ពី​អាវុធ​ប្រល័យ​លោក​ក្នុងប្រទេស​អ៊ីរ៉ាក់​មុននឹង​ការឈ្លានពាន​របស់​សហ​រដ្ឋ​អាមេរិក ហើយ​គាត់​ក៏បាន​ប្រកាស​ខ្លួន​គាត់​ថា ជា​អ្នកជំនាញ​ខាង​រឿងនេះ​។​

​    ​គាត់​បាន​និយាយថា "​ខ្ញុំ​ដឹង​រឿង​ច្រើន​ពី​ការ​ហ៊ែ​ក ហើយ​ការ​ហ៊ែ​ក​នេះ​គឺជា​រឿង​ដ៏​ពិតជា​ពិបាក​ដើម្បី​បញ្ជាក់​ដូច្នេះ​វា​អាចជា​នរណា​ផ្សេង​"​។ គាត់​បាន​បន្ថែមថា គាត់​ក៏​ដឹង​រឿង​ដែល​មនុស្ស​ដទៃ​មិនដឹង ហើយ​ដូច្នេះ​ពួកគេ​មិនអាច​ប្រាកដ​ពី​ស្ថានភាព​បានឡើយ​៕

 

1 adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់