ស្នងការ​ខេត្តក្រចេះ​បញ្ជា​ប៉ូលិស​បន្ថែម​កម្លាំង​រុករក​បុរស​នេសាទ​ និង​កូនប្រុស​ដែល​បាត់​ខ្លួន​

    ក្រចេះ ៖ កម្លាំង​សមត្ថកិច្ច​ និង​អ្នកស្រុក​នៅតែ​បន្ត​ការរុករក​បុរស​នេសាទ​ជាឪ​ពុក ​និង​កូនតូច​ម្នាក់​នៅ​ស្រុក​សំបូរ បន្ទាប់ពី​អ្នក​ទាំងពីរ​បានចេញ​ទៅ​សាមង​វេលា​ទៀបភ្លឺ​ថ្ងៃទី​២ ខែមករា ម្សិលមិញ នៅ​កន្ទុយ​កោះ​ក្នុងភូមិ​ចារ​ថ្នោល ឃុំ​សំបូរ ស្រុក​សំបូរ តែ​មិនឃើញ​ត្រឡប់មកវិញ ដោយ​គេ​សង្ស័យថា ជនរងគ្រោះ​អាច​ជួប​ឧ​ប្ប​តិ្ត​ហេតុ​លង់ទឹក​។​

    លោក​ឧ​ត្ត​ម​សេនីយ៍ លន់ សុផាត ស្នងការ​ប៉ូលិស​ខេត្តក្រចេះ​បាន​បញ្ជា​កម្លាំង​ប៉ូលិស​ជាច្រើន​នាក់​ក្រោម​ការដឹកនាំ​ពី​លោក​ស្នងការរង​ពីររូប​ប្រើប្រាស់​កម្លាំង​ប៉ូលិស​ចរាចរណ៍​ជើង​ទឹក រិះរក​វិធី​គ្រប់​មធ្យោបាយ​ឱ្យអស់​ល​ទ្ធភាព ដើម្បី​ចុះទៅ​រុករក​ជនរងគ្រោះ​ទាំងពីរ​នាក់​ឪ​ពុក​និង​កូន​។

    នៅ​រសៀល​ថ្ងៃទី​២ មករា ​២០១៧ លោក​ឧ​ត្ត​ម សេនីយ៍ លន់ សុផាត​ បានផ្តល់​អំណោយ​ជា​សម្ភារៈ​និង​ថវិកា​រួមមាន ប្រេងម៉ាស៊ូត​ចំនួន​១០០​លីត្រ និង​ថវិកា​ចំនួន​៥០​ម៉ឺន​រៀល ជូន​ដល់​គ្រួសារ​បុរសរងគ្រោះ​និង​កូនប្រុស​ដែល​បាត់​ខ្លួន​។​

    អំណោយ​ទាំងនេះ​ក៏ត្រូវ​បាន​នាំយក​ទៅជូន​ដោយផ្ទាល់​ពី​សំណាក់​លោក​វរៈសេនីយ៍ទោ ​ប៊ុន ឈឿន អធិការ​ប៉ូលិស​ស្រុក​សំបូរ និង​សហការី នាំយកទៅ​ប្រគល់ជូន​ដល់​លំនៅដ្ឋាន ក្នុងភូមិ​ចារ​ថ្នោល ឃុំ​សំបូរ ស្រុក​សំបូរ​តែម្តង៕

adverise with khmeread