ស្នេហ៍មិនសមបំណង! ធ្លាប់ស្រលាញ់គ្នា តែបែរទៅភ្ជាប់ពាក្យជាមួយស្រីផ្សេងកើតចិត្តព្រៃផ្សៃជះទឹកអាស៊ីតរបួស ២ នាក់

    ភ្នំពេញ ៖ មាន​ករណី​វាយប្រហារ​ដោយ​ទឹក​អាស៊ីត កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃទី​២ ​មករា ​ឆ្នាំ​២០១៧ នៅ​ចំណុច​ក្រុមទី​៣ ផ្លូវ​បេតុង ភូមិ​ត្រពាំង​ស្វាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ បណ្តាលឱ្យ​បុរស​ម្នាក់ និង​នារី​ម្នាក់​រងរបួស​ធ្ងន់ធ្ងរ ហើយ​ស្ត្រី​ជា​ជនដៃដល់​ត្រូវ​ប៉ូលិស​ចាប់ខ្លួន។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ប៉ាច ចាន់​សេរី​រ័ត្ន ភេទ​ស្រី អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​នៅផ្ទះ អាសយដ្ឋាន​ស្នាក់នៅ​ផ្ទះជួល ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ។ ដកហូត​ដប​ទឹក​អាស៊ីត​មួយ​ និង​ម៉ូតូ​ម៉ា​កនិច​ ពណ៌​ក្រហម​ ស្លាក​លេខ​ភ្នំពេញ ​1DE-8865 ​ជិះ​ធ្វើ​សកម្មភាព។​

    ចំណែក​ជនរងគ្រោះ ឈ្មោះ គា សំណាង ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​ជាងដែក ស្នាក់នៅ​ផ្ទះជួល ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ របួស​ថ្ពាល់​ឆ្វេង​,​ ដៃ​ឆ្វេង​និង​ដើមទ្រូង និង ជនរងគ្រោះ​ម្នាក់ទៀត​ឈ្មោះ សាន សុខា ភេទ​ស្រី អាយុ​១៨​ឆ្នាំ ជា​សិស្សសាលា​វិចិត្រសិល្បៈ  មាន​ទីលំនៅ​ផ្ទះជួល ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ របួស​ពេញ​ផ្ទៃមុខ​ និង​ដើមទ្រូង។ ​ពួកគេ​ទាំង​២​នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​ពេទ្យ លោកសង្ឃ។​

    ប៉ូលិស​បន្តថា ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​ចេញពី​ផ្ទះជួល ក្នុង​គោលបំណង​ទៅ​ជួប​ជនរងគ្រោះ គា សំណាង នៅ​ខណ្ឌ​ព្រែក​ព្នៅ​។ លុះ​ពេលមកដល់​ជនសង្ស័យ​បាន​ជួប​ជាមួយ​ជនរងគ្រោះ គា សំណាង និង​សាន សុខា ដូច​បំណង​។ ​ពេលនោះ​នារី​ជា​ជនសង្ស័យ បានឱ្យ​ជនរងគ្រោះ​ទាំងពីរ​នាក់​ជិះ​ម៉ូតូ ឌុប​ជូន​នាង​ទៅផ្ទះ​ជួល​វិញ​។​

    លុះដល់​ចំណុចកើតហេតុ ជនសង្ស័យ​បាន​យក​ដប​ទឹក​អាស៊ីត​ពី​កាបូបស្ពាយ ហើយ​ជះ​ទៅលើ​ជនរងគ្រោះ ទាំងពីរ​បណ្ដាលឱ្យ​របួស​ធ្ងន់ រួច​បាន​ដឹកបញ្ជូន​ទៅកាន់​មន្ទី​ពេទ្យ ព្រះ​កុស​មៈ ហៅ​ពេទ្យ​លក​សង្ឃ ដើម្បី​ព្យាបាល​។​

    មូលហេតុ​ជនរងគ្រោះ (ខាងប្រុស) ធ្លាប់មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​នារី ​ប៉ាច ចាន់​សេរី​រ័ត្ន ក្រោយមក​បែរជា​ទៅ​ភ្ជាប់ពាក្យ​ជាមួយ​នារី​ឈ្មោះ​ សាន សុខា ទើប​កើតរឿង​វាយប្រហារ​ដោយ​ទឹក​អាស៊ីតនេះ​ឡើង។​

    ក្រោយមក​កម្លាំង​ប៉ូលិស​ប៉ុស្ដិ៍​សង្កាត់​ភ្នំពេញ​ថ្មី បាន​ឃាត់ខ្លួន​ជនសង្ស័យ ប៉ាច ចាន់​សេរី​រ័ត្ន មក​សាកសួរ​នៅ អធិការដ្ឋាន​ខណ្ឌ សែន​សុខ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​ទៅតាម​នីតិវិធី៕​

Untitled 1
adverise with khmeread