ឃាត់​ជនសង្ស័យ ​៣ ​នាក់​ប៉ុនប៉ង​លួច​គាស់​ផ្ទះ​ដែល​ចាក់សោ​ចោល

    ភ្នំពេញ ៖ ផ្ទះមួយ​ដែល​ម្ចាស់​គេ​ចាក់សោ​ចោល ​ត្រូវបាន​ជនសង្ស័យ ​៣ ​នាក់​ប៉ុនប៉ង​លួច​គាស់​ផ្ទះ​តែ​ត្រូវ​សមត្ថកិច្ច​ល្បាត​តាមផ្លូវ​ប្រទះឃើញ​ហើយ​ធ្វើការ​ឃាត់ខ្លួន​ឆែកឆេរ​ក៏​រកឃើញ​ឧបករណ៍​ឆ្កឹះ​សោ ​និង​ដែក​កាច់​សោក​ម៉ូតូ​ព្រមទាំង​ថ្នាំញៀន​មួយកញ្ចប់​នៅជាប់​ខ្លួន​ពួកគេ​ថែមទៀត។​

    ប៉ូលិស​បាន​ឃាត់ខ្លួន​ពួកគេ​កាលពី​វេលា​ម៉ោង ០១ ​រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី៤ ​ខែមករា ឆ្នាំ​២០១៧ ត្រង់​ចំណ​ច​ភូមិ​គោក​ឃ្លៀង តាម​បណ្ដោយ​ផ្លូវ​២០១០ ស្ថិតក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ។​

    នាយរង​ប៉ុស្ដិ៍​ភ្នំពេញ​ថ្មី លោក ឌួង វណ្ណៈ​ បានឱ្យដឹងថា ដំបូង​រូបលោក​និង​កម្លាំង​សមត្ថកិច្ច​ផ្សេងទៀត​បានធ្វើការ​ល្បាត​ក្នុង​មូលដ្ឋាន​របស់លោក​ដូច​សព្វដង ដើម្បី​ទប់ស្កាត់ ​និង​កាត់បន្ថយ​បទល្មើស​ផ្សេងៗ​ទៀត​ដែល​កើតមានឡើង​នៅក្នុង​មូលដ្ឋាន។​

    ខណៈពេល​កំពុងតែធ្វើកា​រ​ល្បាត​ត្រង់ចំណុច​ខាងលើ​ស្រាប់តែ​ប្រទះឃើញ​ជនសង្ស័យ​បីនាក់​ខាងលើ​កំពុងតែ​ប៉ុនប៉ង​លួច​គាស់​ផ្ទះមួយ​កន្លែង​ដែល​បាន​ចាក់សោ​ចោល​ហើយ​គ្មាន​ម្ចាស់​នៅផ្ទះ​នោះ​ពេលនោះ​កម្លាំង​សមត្ថកិច្ច​បានធ្វើ​ការឃាត់​ខ្លួន​ដើម្បី​ឆែកឆេរ​ក៏បាន​រកឃើញ​ឧបករណ៍​ឆ្កឹះ​សោ​និង ឧបករណ៍​កាច់ក​ម៉ូតូ​ព្រមទាំង​ថ្នាំញៀន​មួយកញ្ចប់​តូច​។​

    លោក​បន្តថា ជនសង្ស័យ​ទាំងបី​ខាងលើ​មានឈ្មោះ ភា រុន ភេទ​ប្រុស អាយុ​៣៣ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល​ម្ដុំ​ផ្សារ​សំណង់​១២ សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក, ​ឈ្មោះ ​ចាន់ ឌី ភេទ​ប្រុស អាយុ​៣៣ឆ្នាំ មុខរបរ​ជាង​ឆ្លាក់​ឈើ ស្នាក់នៅ ផ្ទះជួល​ម្ដុំ​សំណង់​១២ សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក និង​ឈ្មោះ ​ជា វី ភេទ​ស្រី អាយុ​៣៥ឆ្នាំ មុខរបរ​មេកា​ខារ៉ាអូខេ ស្នាក់នៅ​ភូមិ​ដំណាក់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​

    បច្ចុប្បន្ន​ជនសង្ស័យ​ទាំងបី​នាក់​កំពុង​កសាង​សំណុំរឿង​នៅ​អធិការ​ខណ្ឌ​សែន​សុខ​និង​បញ្ជូន​បន្តទៅ​តុលាការ​រងចាំ​ការចាត់ការ​ទៅតាម​នីតិវិធី៕

1
adverise with khmeread