បន្ទាប់ពីសាងកំហុសល្បីពេញពិភពលោករួចមក ឥឡូវតារាកំប្លែងលោក ស្ទីវ ហាវី (Steve Harvey) ទីបំផុតមានឱកាសបានជួបផ្ទាល់ជាមួយជ័យលាភីរងបវរកញ្ញាចក្រវាល នាងអេរៀដណា ហ្គូទារ៉េស (Ariadna Gutierrez) ជាលើកដំបូងបន្ទាប់ពីប្រកាសប្រគល់មកុដបវរកញ្ញាចក្រវាល២០១៥ ខុសទៅដល់នាង។
កាលពីខែធ្នូ លោកហាវីបានប្រកាសជ័យលាភីបវរកញ្ញាឯកបានទៅលើនាងហ្គូទារ៉េស តែប៉ុន្មាននាទីក្រោយមកបានចេញមកកែតម្រូវកំហុសរបស់លោក និងប្រកាសថា វាបានទៅលើបវរកញ្ញាហ្វ៊ីលីពីន នាង ភីយ៉ា វឺតស៍បាច់ ទៅវិញ។
ក្នុងកិច្ចសម្ភាសន៍នៅកម្មវិធី "The Steve Harvey Show" កាលពីយប់ថ្ងៃពុធ នាងហ្គូទារ៉េសបានបន្លំស្តីឱ្យលោកហាវី ថាលោកគួរតែរៀនអានអក្សរឡើងវិញទៅ។
នាងបានប្រាប់លោកហាវីថា "លោកគួរតែរៀនអានអក្សរលើកាតនោះឡើងវិញទៅ" មុនពេលផ្ទុះសំណើចពេញកម្មវិធីជជែកកម្សាន្ត។ នាងបានបន្ថែមថា "ព្រោះអក្សរគេសរសេរច្បាស់ណាស់នៅលើកាត។ ដូច្នេះលោកចង់ឱ្យខ្ញុំឈ្នះតើមែនទេ?"។
លោកហាវីបានឆ្លើយតបវិញថា "ពិតមែនហើយ! ខ្ញុំពិតជាចង់ឱ្យនាងឈ្នះពិតមែន! ខ្ញុំទប់អារម្មណ៍មិនជាប់ទេ ទើបខ្ញុំច្រឡំឈ្មោះនាងលើនោះ"៕
