ប៉ូលិស​ខេត្តកំពត​ឃាត់​ជនសង្ស័យ​ពាក់ព័ន្ធ​គ្រឿងញៀន​ ៨ ​នាក់​

    កំពត ៖ រយៈពេល ​២ ​ថ្ងៃ​ប៉ូលិស​ខេត្តកំពត​បាន​ឃាត់​ជនសង្ស័យ​ពាក់ព័ន្ធ​គ្រឿងញៀន​ ៨ ​នាក់​លើ​៥​ករណី​ផ្សេងគ្នា​ហើយ​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការខេត្ត​ជា​បន្តបន្ទាប់។​

    ករណី​ទី​១-​ប៉ូលិស​ស្រុក​បន្ទាយមាស នៅ​ថ្ងៃទី០៣ ខែមករា ឆ្នាំ​២០១៧ វេលា​ម៉ោង៩ ​និង​១៥​នាទី យប់​បាន​ចុះបង្ក្រាប​ករណី​ជួញដូរ​ថ្នាំញៀន នៅ​ភូមិ​ទូក​មាស ឃុំ​ទូក​មាស​ខាងលិច ស្រុក​បន្ទាយមាស ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួនម្នាក់។​

    ប៉ូលិស​និយាយថា ឈ្មោះ ទេព វុទ្ធី (​ហៅ​ស្លូញ​) ភេទ​ប្រុស អាយុ២៨​ឆ្នាំ នៅ​ភូមិ​ទូក​មាស ឃុំ​ទូក​មាស​ខាងលិច និង​ដកហូត​បាន​ថ្នាំញៀន​ចំនួន ០១​ កញ្ចប់​តូច។ បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​កសាង​សំណុំរឿង​ដើម្បី​អនុវត្តតាម​នីតិវិធី​ច្បាប់។​

    ករណី​ទី​២-​ប៉ូលិស​ស្រុក​កំពង់ត្រាច នៅ​ថ្ងៃទី០៣ ខែមករា ឆ្នាំ​២០១៧ វេលា​ម៉ោង១ ​និង​៤៨​នាទី រសៀល​កម្លាំង​ខេត្ត បាន​ចុះបង្ក្រាប​ករណី​ចែកចាយ​គ្រឿងញៀន នៅ​ចំណុច​ភូមិ​កំពង់ត្រាច​ទី​២ ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច ខេត្តកំពត ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួនម្នាក់។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ តាន់ ឡើយ ភេទ​ប្រុស អាយុ២៥​ឆ្នាំ និង​ដកហូត​បាន​ថ្នាំញៀន​ចំនួន០១​កញ្ចប់​ធំ។ បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​កសាង​សំណុំរឿង​ដើម្បី​អនុវត្តតាម​នីតិវិធី​ច្បាប់។​

    ករណី​ទី​៣-​ប៉ូលិស​ស្រុក​អង្គរជ័យ នៅ​ថ្ងៃទី០៣ ខែមករា ឆ្នាំ​២០១៧ វេលា​ម៉ោង១ ​និង​៣០​នាទី រសៀល​កម្លាំង​ខេត្ត បាន​ចុះបង្ក្រាប​ករណី​ជួញដូរ​ថ្នាំញៀន នៅ​ចំណុច​ភូមិ​តា​កោ ឃុំ​ដំបូក​ខ្ពស់ ស្រុក​អង្គរជ័យ ខេត្តកំពត​ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​បានម្នាក់។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ តឹក កោ​ក ភេទ​ប្រុស អាយុ២៦​ឆ្នាំ និង​ដក ហូត​បាន​ថ្នាំញៀន​ចំនួន ០១​កញ្ចប់​ធំ។ បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​កសាង​សំណុំរឿង​ដើម្បី​អនុវត្តតាម​នីតិវិធី​ច្បាប់។​

    ករណី​ទី​៤-​ប៉ូលិស​ស្រុក​ទឹកឈូ នៅ​ថ្ងៃទី០២ ខែមករា ឆ្នាំ​២០១៧ វេលា​ម៉ោង​៧​យប់​ក្រោម​ការសម្របសម្រួល និង​ដឹកនាំ​ដោយ​លោក​ព្រះរាជអាជ្ញារង ខាន់ សុផល បង្ក្រាបបាន​ករណី​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​មួយ នៅ​ភូមិ​វត្ត​អង្គ ឃុំ​ព្រៃ​ឃ្មុំ ស្រុក​ទឹកឈូ។ ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន០៣​នាក់​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ គឺ៖ ១.​ឈ្មោះ នី កើត ភេទ​ប្រុស អាយុ២៩​ឆ្នាំ នៅ​ភូមិ​តា​ដឹប សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត, ២.​ឈ្មោះ ខែម ចា​ត ភេទ​ប្រុស អាយុ៣២​ឆ្នាំ នៅ​ភូមិ​វត្ត​អង្គ ឃុំ​ព្រៃ​ឃ្មុំ ស្រុក​ទឹកឈូ ខេត្តកំពត និង​៣. ឈ្មោះ នឹក ប៉ះ ភេទ​ប្រុស អាយុ២៣​ឆ្នាំ នៅ​ភូមិ​វត្ត​អង្គ ឃុំ​ព្រៃ​ឃ្មុំ ស្រុក​ទឹកឈូ និង​ដកហូត​បាន​ថ្នាំញៀន​ចំនួន ០៧​ កញ្ចប់ (​ធំ ០១​កញ្ចប់ និង​តូច ០៦​កញ្ចប់​)។​

    បច្ចុប្បន្ន​ជនសង្ស័យ​ទាំងបី​នាក់​កំពុង​កសាង​សំណុំរឿង​ដើម្បី​អនុវត្តតាម​នីតិវិធី​ច្បាប់។​

    ករណី​ទី​៥-​ប៉ូល​ស​ស្រុក​ឈូក នៅ​ថ្ងៃទី០២ ខែមករា ឆ្នាំ​២០១៧ វេលា​ម៉ោង១ ​និង​២០​នាទី រសៀល កម្លាំង​ខេត្ត​បាន​ចុះបង្ក្រាប​ករណី​ជួញដូរ​ថ្នាំញៀន នៅ​ចំណុច​ភូមិ​ព្រិច ឃុំ​បឹង​និមល ស្រុក​ឈូក ខេត្តកំពត ដោយ ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​២​នាក់។​

    ប៉ូលិស​និយាយថា ជនសង្ស័យ ឈ្មោះ ជា រិ​ទ្ធ​ថុ​ន ភេទ​ប្រុស អាយុ៣៦​ឆ្នាំ និង​ដកហូត​បាន​ថ្នាំញៀន​ចំនួន ០៣​កញ្ចប់​តូច។​

    បន្ទាប់មក​បាន​បន្តទៅ​បង្ក្រាប នៅ​ចំណុច​ភូមិ​សត្វ​ពង ឃុំ​សត្វ​ពង ស្រុក​ឈូក ខេត្តកំពត ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ប្រាក់ រស្មី ភេទ​ប្រុស អាយុ ៣២​ឆ្នាំ និង​ដកហូត​បាន​ថ្នាំញៀន​ចំនួន ០១​កញ្ចប់​ធំ (​ទម្ងន់ ០៥​ហ៊ុន​) ជញ្ជីង​ថ្លឹង​ថ្នាំញៀន​ចំនួន ០១​ គ្រឿង ត្រា​សញ្ញា​ក្បាល​ខ្មោច​មួយ (​សម្រាប់​សម្គាល់​លើ កញ្ចប់​ពេល​លក់​ថ្នាំញៀន​ចេញ​ក្រៅ​)៕

adverise with khmeread