ជិះ​ម៉ូតូ​វ៉ា​រថយន្ត​មិន​ផុត​ទាក់​ដៃចង្កូត​ជាមួយ​រ៉ឺ​ម៉ក​ដួល​ចូល​ក្រោម​រថយន្ត​កិន​ស្លាប់ ​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​ទាក់​ដៃចង្កូត​ជាមួយ​រ៉ឺ​ម៉ក​ដួល​ចូល​ក្រោម​កង់​រថយន្ត​កិន​ស្លាប់​ភ្លាម​កាលពី វេលា​ម៉ោង​១០ ​និង​១៥​នាទី​ព្រឹក​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០១៧ តាម​បណ្ដោយ​ផ្លូវ​៣៧១ ភូមិ​ត្នោតជ្រុំ​២ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ​។​

    ប៉ូលិស​និយាយថា  អ្នកបើកបរ​រថយន្ត​បង្ក​មានឈ្មោះ សុខ ចន្ថា អាយុ​៣៣​ឆ្នាំ​ មុខរបរ​បើកបរ​រថយន្ត​ស្នាក់នៅ​សង្កាត់​ជើងឯក ខណ្ឌដង្កោ​ត្រូ​វ​បាន​ឃាត់ខ្លួន។ ​ចំណែក​សព​ជនរងគ្រោះ​នៅ​មិនបាន​ស្គាល់ឈ្មោះ​ទេ។​

    ប្រភពព័ត៌មាន​ពីសា​ក្សី​បានឱ្យដឹងថា ដំបូង​គេ​ឃើញ​រថយន្ត​បែន​ដឹក​ខ្សាច់​ម៉ាក​ហ៊ីណូ​ ពណ៌​ខៀវ​ ពាក់​ស្លាក​លេខ​តាកែវ ​3A.0446​ បើកបរ​ដោយ​បុរស​ម្នាក់​ទិសដៅ​ពី​លិចទៅ​កើត​។​

    ខណៈ​មកដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​ម៉ូតូ​បុរសរងគ្រោះ​ខាងលើ​ម៉ាក​ស្មាស់​វី ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ 1J.3245 ជិះ​ម្នាក់ឯង​ទិសដៅ​ស្របគ្នា​ហើយ​បាន​វ៉ា​ជែង​រថយន្ត​ខាងស្ដាំ។ ​ខណៈ​នៅ​ខាងស្ដាំ​មាន​រថយន្ត​មួយគ្រឿង​ចត​ចោល​នៅ​ច​ញ្ចើ​ម​ផ្លូវ ​និង​រ៉ឺ​ម៉ក​បើក​ស្របគ្នា​ធ្វើឱ្យ​ម៉ូតូ​ជនរងគ្រោះ​វ៉ា​មិន​ផុត​ទាក់​ដៃចង្កូត​ជាមួយរ៉ឺ​ម៉ក​បណ្ដាលឱ្យ​ដួល​ចូល​ក្រោម​កង់​រថយន្ត​កិន​ចំពាក់​កណ្ដាល​ខ្លួន​ខ្ទេច​ដាច់ខ្យល់​ស្លាប់​ភ្លាមៗ​តែម្តង​។​

    ចំណែក​រថយន្ត​បង្ក​បន្ថែម​ល្បឿន​ទៅមុខ​បាន​ប្រហែល​៣០០​ម៉ែត្រ​បំណង​រត់គេច​តែ​ត្រូវបាន​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​ដេញតាម​ចាប់បាន​អ្នកបើកបរ​យកទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​បឹងទំពុន ខណ្ឌមានជ័យ។​

    ក្រោយ​កើតហេតុ​សមត្ថកិច្ច​ជំនាញ​បាន​វាស់វែង​យក​រថយន្ត​បង្ក​និង​ម៉ូតូ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​រាជធានី​ភ្នំពេញ​រងចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​នៅពេល​ក្រោយ។​ ចំណែក​សព​ជនរងគ្រោះ​យកទៅ​តម្កល់​នៅ​វត្ត​តាំងក្រសាំង​ដើម្បី​ស្រាវជ្រាវ​រក​សាច់ញ្ញាតិ៕​

 

adverise with khmeread