នេះប្រហែលជារឿងដែលអ្នកមិនធ្លាប់ឮនោះឡើយ។
អំឡុងការប្រកួតមួយក្នុងលីកលំដាប់ទីបីអង់គ្លេស League Two ដែលក្រុម Portsmouth ទទួលបានលទ្ធផលជ័យជម្នះ ១-០ ទៅលើ Luton កាលពីដើមសប្តាហ៍នេះ កីឡាករ Cameron McGeehan របស់ក្រុម Luton បានទទួលរងការធាក់យ៉ាងធ្ងន់ធ្ងរពី Michael Doyle ហើយវាបណ្តាលឱ្យបាក់ជើងរបស់គាត់។ ដោយមើលទៅស្ថិតនៅក្នុងស្ថានភាពឈឺចាប់បំផុត តារាបាល់ទាត់វ័យក្មេងវ័យ ២១ឆ្នាំរូបនេះ មិនអាចទ្រាំទ្រនឹងស្ថានភាពឈឺចាប់របស់ខ្លួននោះឡើយ ដូច្នេះគាត់ក៏បានបញ្ចេញកំហឹងរបស់ខ្លួនដោយដាល់មួយដៃទៅលើទីលាន។
អ្នកប្រហែលជាយល់អារម្មណ៍មួយនេះ ប៉ុន្តែជាអកុសល លោកអាជ្ញាកណ្តាល Tim Robinson ពិតជាមិនមានសមានចិត្តចំពោះកីឡាកររបួសឡើយ ដោយគាត់បានពិន័យកាតលឿងទៅលើ McGeehan សម្រាប់ការបញ្ចេញប្រតិកម្មកំហឹងរបស់គាត់អំពីបញ្ហារបួសដ៏ធ្ងន់ធ្ងររបស់ខ្លួន។
អ្នកចាត់ការទូទៅក្រុម Luton លោក Nathan Jones ពិតជាមិនពេញចិត្តជាមួយនឹងការសម្រេចចិត្តរបស់អាជ្ញាកណ្តាលនោះឡើយ ដោយក្រោយបញ្ចប់ការប្រកួតគាត់បាននិយាយថា "ខ្ញុំយល់ថានោះជាប្រតិកម្មរបស់គាត់បន្ទាប់ពីរបួស។ ខ្ញុំមិនដឹងថាវាយ៉ាងម៉េចទេ ប៉ុន្តែច្បាស់ណាស់ អាជ្ញាកណ្តាលគួរតែមានសមានចិត្តឬក្តីអាណាតិខ្លះផងបើឃើញរបួសដូច្នេះ"៕
