ភ្នំពេញ ៖ ជនសង្ស័យប្រុសស្រី៣នាក់ និងគ្រឿងញៀនចំនួន២៤កញ្ចប់ រួមជាមួយនឹងទូហ្គេមបាញ់ត្រីចំនួន១ ត្រូវបានកម្លាំងប៉ូលិសប៉ុស្ដិ៍ទន្លេបាសាក់ចុះបង្ក្រាប់ នៅវេលាម៉ោង១ និង២០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ នៅចំណុចកន្លែងទូហ្គេមបាញ់ត្រី ផ្ទះលេខ8GAE-0 ផ្លូវសុធារស ស្ថិតក្នុងក្រុម១ ភូមិ១ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
ប៉ូលិសមូលដ្ឋានបានឱ្យដឹងថា ជនសង្ស័យទី១-ឈ្មោះ ធឿន ចាន់ ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅផ្លូវបេតុង សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ , ទី២-ឈ្មោះ កែវចន្ថា ភេទស្រី អាយុ៣២ឆ្នាំ ស្នាក់នៅផ្លូវ4GBអាគារប៊ូឌីញ ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន និងទី៣-ឈ្មោះ វុធ វណ្ណារី ភេទស្រី អាយុ៣០ឆ្នាំ ជាអ្នកកាន់កាប់ទូរហ្គេមបាញ់ត្រី ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង សង្កាត់ស្រះចក ខណ្ឌដូនពេញ។
ប៉ូលិសបានបន្តថា នៅមុននឹងឈានដល់ការចុះបង្ក្រាបនោះគឺ កម្លាំងសមត្ថកិច្ចបានល្បាតនិងរឹតបន្តិងកន្លែងកើតហេតុខាងលើ រហូតដល់មានការសង្ស័យថា មានករណីជនសង្ស័យកំពុងតែឈរលក់គ្រឿងញៀននៅមុខទីតាំងហ្គេមបាញ់ត្រីនោះ ហើយកម្លាំងប៉ូលិសក៏បានចុះឃាត់ខ្លួនបុរសស្ត្រី២នាក់ដែលធ្វើសកម្មភាពជួញដូរគ្រឿងញៀននៅនឹងកន្លែងកើតហេតុ និងបានរកឃើញថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន២៤កញ្ចប់តូច។
ក្រោយមកកម្លាំងប៉ូលិសក៏បានឃាត់ខ្លួនស្ត្រីម្នាក់ទៀតដែលជាអ្នកកាន់កាប់កន្លែងហ្គេមបាញ់ត្រី និងដកហូតទូហ្គេមយកទៅរក្សាទុកនៅសាលាសង្កាត់ទន្លេបាសាក់។
ក្រោយពីឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ខាងលើរួមនឹងវត្ថុតាងរួចមក សមត្ថកិច្ចបានយកមកសួរនាំ និងឃុំបណ្តោះអាសន្ននៅប៉ុស្ដិ៍ទន្លេបាសាក់ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនពួកគេទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការទៅតាមនីតិវិធីច្បាប់៕
