ចាប់បាន​ឃាតករ​ម្នាក់​ដែល​ចូល​អារ​-​ក...ប្លន់​សម្លាប់​ជនរងគ្រោះ ​៣ ​នាក់​ក្នុង​បន្ទប់​ជួល នៅ​ក្រុង​សៀមរាប​

    សៀមរាប ៖ បុរស​ជា​ឃាតករ​ដែល​ចូល​អារ​-​ក ប្លន់​សម្លាប់​ជនរងគ្រោះ​៣​នាក់ ដល់​បន្ទប់​ជួល នៅ​ក្រុង​សៀមរាប ដែល​បណ្តាល​ឱ្យស្លាប់​២​នាក់ និង​របួសធ្ងន់​ម្នាក់ ត្រូវបាន​កម្លាំង​ប៉ូលិស​ចាប់ខ្លួនបាន​នៅ​ស្រុក​ជីក្រែង ខេត្តសៀមរាប កាលពី​ល្ងាច​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០១៧​ម្សិលមិញ។

    លោក ភឹង ចិន្ដា​រ៉េត ស្នងការរង​ប៉ូលិស​ខេត្តសៀមរាប បាន​ប្រាប់​នៅ​យប់​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០១៧​ថា មុខសញ្ញា​ដែលជា​ឃាតករ​ប្លន់​សម្លាប់​ជនរងគ្រោះ​៣​នាក់ ដល់​បន្ទប់​ជួល​នោះ​ត្រូវបាន​កម្លាំង​ប៉ូលិស​ចាប់ខ្លួនបាន​ហើយ ដោយ​ឃាតករ​ឈ្មោះ ជា សុខ​ជីន អាយុ​២៣​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ស្រុក​រលារ​ប្អៀ​រ ខេត្តកំពង់ឆ្នាំង​។​

    លោក​ស្នងការរង​ខេត្តសៀមរាប បន្តថា ប្រតិបត្តិការ​តាម​ចាប់ខ្លួន ជន​ជា​ឃាតករ​នេះ​ត្រូវបាន​ធ្វើឡើង​ដោយ​កម្លាំង​ប៉ូលិស​របស់លោក បាន​សហការ​ជាមួយ​កម្លាំង​ប៉ូលិស​នាយកដ្ឋាន​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ កម្លាំង​ប៉ូលិស​តាម​បណ្តា​ខេត្ត ព្រមទាំង​កម្លាំង​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ​ល្អ​ដែល​បាន​ជួយ​រាយការណ៍​ពី​ករណីនេះ​។​

    លោក​ស្នងការរង បាន​បន្តថា កម្លាំង​ជំនាញ និង​កម្លាំង​អធិការ​ក្រុង​បាន​បែងចែក​កម្លាំង​ពិសេស​ជា​៣​ក្រុម ដោយ​មួយក្រុម​សហការ​ជាមួយ​កម្លាំង​ប៉ូលិស​រាជធានី​ភ្នំពេញ ស្រាវជ្រាវ​នៅ​ភ្នំពេញ​, ក្រុម​មួយទៀត សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ខេត្តកំពង់ឆ្នាំង ស្រាវជ្រាវ​នៅ​ខេត្តកំពង់ឆ្នាំង និង​មួយក្រុម​ទៀត​ស្រាវជ្រាវ​នៅ​ខេត្តសៀមរាប​តែម្ដង។ ​ទីបំផុត​ជនសង្ស័យ​ត្រូវបាន​ចាប់ខ្លួន​នៅ ស្រុក​ជីក្រែង ដោយ​កម្លាំង​ប៉ូលិស​នៅ​ទីនោះ​។​

    ជាមួយគ្នានេះ លោក ភឺ​ង ចិន្តា​រ៉េត ក៏​សូម​ថ្លែងអំណរគុណ​ដល់​កម្លាំង​ប៉ូលិស​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​ចូល​ប្រតិបត្តិការ រហូត​តាម​ចាប់​ជនដៃដល់​រូបនេះ​បាន​។​

    គួររំលឹកថា មនុស្ស​៣​នាក់ ត្រូវបាន​ឃាតក​ចិត្ត​ឆៅ​ចូល​អារ​-​ក ប្លន់​សម្លាប់​ដល់​ក្នុង​បន្ទប់​ជួល បណ្តាល​ឱ្យ​ស្លាប់​២​នាក់​ក្នុង​ថ្លុកឈាម និង​ស្ត្រី​ម្នាក់​ដែល​រងរបួស​ធ្ងន់​ដែល​ត្រូវ​ឃាតករ​អារ​-​ក កាត់​ដៃ​ម្ខាង​ក្រវាត់ចោល នៅមាន​ដង្ហើម ក៏បាន​ខ​ល​ទៅ​បងប្អូន​មកជួយ​ហើយ​ពេលនេះ កំពុងស្ថិត​ក្នុងការ​សង្គ្រោះ​បន្ទាន់​នៅឡើយ៕​

Untitled 1 adverise with khmeread

មតិយោបល់