រថយន្ត​​ដឹក​ភ្ញៀវ​បរទេសមួយគ្រឿង បើក​លឿន ជ្រុល​ចង្កូត​បុក​គុម្ព​ឫស្សី​

    សៀមរាប ៖ ប៉ូលិស​ស្រុក​បន្ទាយស្រី​បានឱ្យដឹង​នៅ​រសៀល​ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០១៧​ថា មាន​រថយន្ត ០១​គ្រឿង​ម៉ាក​កាមរី​ឆ្លាម ពណ៌​ស្លាប​ក្អែក ពាក់​ស្លាក​លេខ ក្រុងព្រះសីហនុ 2A-1886 បើកបរ​ដោយ​ឈ្មោះ គឹម សុង ភេទ​ប្រុស រស់នៅ​ច្រក​ជាំ​ស្រងាំ ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ដឹក​ភ្ញៀវ​ជនជាតិ​បរទេស​ចំនួន ០២ ​នាក់ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ដើម្បី​ដើរលេង​កម្សាន្ត។​

    លុះ​មកដល់​ចំណុច​ផ្លូវកែង​ខាងត្បូង​រង្វង់​មូល​កូនដំរី​ចម្ងាយ​ប្រហែល ៣០០ ​ម៉ែត្រ រថយន្ត​បាន​រេ​ចង្កូត​ធ្លាក់​ពីលើ​ផ្លូវ​បណ្ដាលឱ្យ​បុក​គុម្ព​ឫស្សី​ទៅមុខ​លេង​រួច ក្នុង​ហេតុការណ៍​នេះដែរ​មិន​បណ្ដាល​ឱ្យ​អ្នកណាម្នាក់​គ្រោះថ្នាក់​ដល់​អាយុជីវិត​នោះទេ ពួកគាត់​រងរបួស​ស្រាលៗ​តែប៉ុណ្ណោះ​។​

    គ្រោះថ្នាក់​នេះ​កើតឡើង​កាលពី​យប់​ថ្ងៃទី​០៣ ខែមករា ឆ្នាំ​២០១៧ ស្ថិតនៅ​ក្នុងភូមិ​តា​កុះ ឃុំ​ព្រះ​ដាក់ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។​

    ប៉ូលិស​បាន​បន្តថា ចំពោះ​ភ្ញៀវ និង​អ្នកបើកបរ សមត្ថកិច្ច​មិនបាន​ធ្វើការ​ឃាត់ខ្លួន​នោះទេ ដោយ​ភាគី​ទាំងសងខាង​រងរបួស​បន្តិចបន្តួច ហើយ​អ្នកបើកបរ​រថយន្ត​បង្ក​បាន​សន្យា​នាំ​ពួកគាត់​ដើរ​លេង រហូត​ចប់​កម្មវិធី​ដែលមាន និង​ជូន​ពួកគាត់​ទៅដល់​ច្រក​ជាំ​ស្រងាំ​វិញ។​

    ចំពោះ​រថយន្ត​ត្រូវបាន​ប៉ូលិស​ស្រុក​បន្ទាយស្រី​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ជា​បណ្ដោះអាសន្ន ដើម្បី​រង់ចាំ​ម្ចាស់​រថយន្ត​នាំ​ភ្ញៀវ​ដើរ​លែង​ចប់​កម្មវិធី​រួចហើយ ទើប​ធ្វើ​កំណត់​ហេ​តុ​ប្រគល់​រថយន្ត​ជូន​វិញ៕

adverise with khmeread