ផ្ទុះ​កូដកម្ម​នៅ​រោងចក្រ​វីន​សុន​កម្មករ​ទាមទារ​ឱ្យ​ថៅកែ​ទូទាត់​ប្រាក់​អត្ថប្រយោជន៍​

    កំពង់ស្ពឺ  ៖ កម្មករ កម្មការិនី​ រោងចក្រ​កាត់ដេរ​វីន​សុន​អ៊ិន​ធ​ល​ហ្គា​មេន ​(​ខេ​ម​បូ​ឌា​) ​អិ​ល​ធី​ឌី​ជាច្រើន​នាក់​តំណាងឱ្យ​កម្មករ​សរុប​ជាង​៦០០​នាក់​បាននាំគ្នា​ធ្វើ​កូដកម្ម​អហិង្សា​នៅមុខ​សួន​ឧស្សាហកម្ម​វ៉ា​យ​សេ​វេន ដែលមាន​ទីតាំង​ស្ថិតនៅ​ផ្លូវជាតិ​លេខ​៤ ភូមិ​រំដួល ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ កាលពី​ព្រឹ​ក្ងៃ​ទី​៥​ មករា ​ឆ្នាំ​២០១៧​នេះ ដើម្បី​ទាមទារ​ឱ្យ​ម្ចាស់​ទីតាំង ​និង​លោក​ថៅកែ​រោងចក្រ​បើកប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​ជូន​ពួកគាត់ ព្រោះ​ពួកគេ​រំលោភ​លើ​កិច្ចសន្យា​ក្នុងអំឡុងពេល​ព្យួរការងារ​។​

    តំណាង​កម្មករ បានឱ្យដឹងថា កម្មករ​រោងចក្រ​បានមក​ប្រមូល​ផ្តុំគ្នា​ដើម្បី​តវ៉ា​និង​ទាមទារ​លក្ខខណ្ឌ​២​ចំណុច បន្ទាប់ពី​ភាគី​ថៅកែ​រោងចក្រ​វីន​សុន និង ម្ចាស់​ទីតាំង​គឺ​លោក​ឧកញ៉ា​ ​អ៊ី ឆែ ឃុបឃិត​គ្នា​ដឹកជញ្ជូន​សម្ភារៈ​រោងចក្រ​ចេញ​អស់ ខណៈពេល​កម្មករ​កំពុង​ព្យួរការងារ​រយៈពេល​២​ខែ គិត​ចាប់ពី​ថ្ងៃទី​១១ ​តុលា​ ឆ្នាំ​២០១៦ ​ដល់​ថ្ងៃទី​២៩​ ធ្នូ ​ឆ្នាំ​២០១៦។​

    តំណាង​កម្មករ​បា​នប​ន្ត​ថា ក្នុង​រយៈពេល​កំពុង​ព្យួរការងារ កម្មករ​ទាំងអស់​បាន​នាំគ្នា​ទៅរក​ការងារ​ផ្សេងៗ​ដើម្បី​ទ្រទ្រង់​ជីវភាព។ ស្រាប់តែ​ពេល​ត្រឡប់មកវិញ​លក​ថៅកែ​ និង​ម្ចាស់​ទីតាំង​ឃុបឃិត​គ្នា​ដឹក​សម្ភារៈ​ចេញ​អស់។ ក្នុងករណីនេះ​កម្មករ​ទាំងអស់​បានទាមទា​រ​២​ចំណុច​គឺ ១-​សុំឱ្យ​ក្រុមហ៊ុន​ទូទាត់​ប្រាក់​ឈ្នួល ​និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​តាមច្បាប់​ស្តីពី​ការងារ ជូន​កម្មករ​ម្នាក់ៗ​តាម​អតីតភាព​ការងារ​ជាក់ស្តែង និង​២-​សុំឱ្យ​ម្ចាស់​ទីតាំង​យកប្រាក់​ថ្លៃ​កក់​អគារ​ចំនួន​៦​ខែ​មក​ទូទាត់​ប្រាក់​ឈ្នួល​ និង​ប្រាក់​អត្ថប្រយោជន៍​​ផ្សេងៗ​។​

    ក្រុមកម្មករ កម្មការិនី​ទាំងអស់​ក៏បាន​ស្នើសុំ​លោក​ប្រធាន​មន្ទីរ​ការងារ​ខេត្តកំពង់ស្ពឺ លោក​អភិបាលខេ្ត​កំពង់ស្ពឺ ជាពិសេស​ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មេត្តាជួយ​ធ្វើ​អន្តរាគមន៍​ និង​ជួយ​ដោះស្រាយ​ជាបន្ទាន់ ពីព្រោះ​កម្មករ​ជាង ​៦០០ ​នាក់​រង​នូវ​ភាពអយុត្តិធម៌​ និង​កំពុង​ជួប​បញ្ហា​ប្រឈម ដូចជា​ថ្ងៃ​ឈ្នួល​ផ្ទះ ថ្លៃ​ទឹក​ភ្លើង និង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ។​

    ជុំវិញ​ការទាមទារ​របស់​កម្ម​ករ កម្មការិនី​ខាងលើនេះ ខ្មែរ​រីដ មិនអាច​សុំ​ការបំភ្លឺ​ពី​លោក​ថៅកែ​រោងចក្រ​និង​ម្ចាស់​ទីតាំង​បានឡើយ​នា​ល្ងាច​ថ្ងៃ​ដដែល​នេះ៕​

Unnamed %281%29
adverise with khmeread
Loading ad ...