តិចតួចស្តួចស្តើង មនុស្សគ្រប់រូបច្បាស់ជាធ្លាប់ត្រូវឆ្កែដេញ ឬ ខាំ។ ករណីខ្លះឆ្កែចេះតែព្រុសមិនចេះខាំ ករណីខ្លះប៉ះឆ្កែអត់ព្រុសតែចេះខាំ។ ដូចករណីឆ្កែព្រុសផងខាំផង តើលោកអ្នកត្រូវធ្វើយ៉ាងណាដើម្បីកុំឱ្យឆ្កែខាំ? គេមានល្បិចដូចខាងក្រោមនេះដើម្បីការពារខ្លួនកុំឱ្យឆ្កែខាំលោកអ្នក។
១. កុំស្លន់ស្លោ ឈរឱ្យស្ងៀម
គេជឿជាក់ថាឆ្កែនិងសត្វដទៃទៀតមានអារម្មណ៍ដឹងថាមនុស្សចេះភ័យខ្លាចវា។ ប៉ុន្តែលោកអ្នកច្បាស់ជាពិបាកនៅស្ងៀមណាស់ ពេលឆ្កែកំពុងព្រុសនិងចង់ត្របាក់លោកអ្នក។ ប្រសិនបើលោកអ្នកស្រែក គ្រវីដៃ ឬរត់ លោកអ្នកអាចធ្វើឱ្យចរឹតប្រមាញ់ចំណីរបស់ឆ្កែស្តែងចេញមកក្រៅហើយវានឹងវាយប្រហារលោកអ្នកចៀសមិនរួចឡើយ។
២. បន្ថយល្បឿនរត់មកដើរយឺតៗវិញ!
ប្រសិនបើលោកអ្នកជួបឆ្កែពេលកំពុងរត់ ត្រូវបន្ថយល្បឿនមកដើរធម្មតាវិញ។ រួចបែរទិសដើរបញ្ច្រាស់ទិសរបស់ឆ្កែ ប៉ុន្តែត្រូវចោលភ្នែកលួចមើលវាផង។ ជាងនេះទៅទៀត ប្រសិនបើលោកអ្នកឈរធ្មឹងដាក់ដៃចុះដូចគោរពទង់ជាតិ ឆ្កែនឹងលែងចាប់អារម្មណ៍លោកអ្នក ហើយដើរចេញតែម្តង។
៣. កុំសម្លឹងចំភ្នែកឆ្កែ!
សម្លឹងចំភ្នែកឆ្កែនឹងរឹតតែធ្វើឱ្យវាកាច។ ការសម្លឹងចំភ្នែកវាបានន័យថាជាការគំរាមកំហែងមួយដាក់ឆ្កែ ដូច្នេះវានឹងវាយប្រហារលោកអ្នក។
៤. បញ្ឆោតឆ្កែជាមួយរបស់អ្វីមួយ!
ជាការពិត មានរបស់អ្វីមួយក្នុងដៃពិតជាអាចជួយបាន។ បោះអ្វីមួយឱ្យវាទំពារ ដូចជា ស្បែកជើង ដបទឹក ឬ កាបូបស្ពាយ។ ធ្វើបែបនេះនឹងបញ្ឆោតឆ្កែបានយូរគួរសម ហើយលោកអ្នកនឹងមានពេលគ្រប់គ្រាន់ដើម្បីគេចខ្លួន៕
ប្រភព៖បរទេស
