ទំនង​ស្រវឹងស្រា​! បើករថយន្ត​ឡិច​ស៊ី​ស​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ជាប់​កង់​មួយ​

    ភ្នំពេញ ៖ រថយន្ត​ឡិច​ស៊ី​ស ​RX330 ពណ៌​ស្ករ​មួយគ្រឿង បាន​បើកបរ​ទាំង​ស្ថានភាព​ស្រវឹងស្រា ហើយ​ធ្វើដំណើ​ក្នុង​ល្បឿន​លឿន ក៏​ជ្រុល​ចង្កូត​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាលឱ្យ​រថយន្ត​ដាច់​កាឡេ​កង់​មុខ​ខាងឆ្វេង​គង​នៅលើ​របាំង​ថ្ម​ទៅមុខ​លែងរួច សំណាងល្អ​មិន​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដំណើរ​និង​ខ្លួនឯង​។​

    គ្រោះថ្នាក់​នេះដែរ​បានកើត​ឡើង​នៅវេលា​ម៉ោង៩ ​និង​១០​នាទី​យប់ ថ្ងៃទី​៥ ខែមករា ឆ្នាំ ២០១៧ នៅ​ចំណុច​មុខ​មជ្ឈមណ្ឌល​ម៉​ង់​ឌី​យ៉ា​ល់ តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង កែង​និង​ផ្លូវ​លេខ​២៣០ ស្ថិតក្នុង​សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។​

    តាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​ខាងលើ​បានឱ្យដឹងថា​ដំបូង​រថយន្ត​បង្ក​ម៉ាក​ឡិច​ស៊ីស​ RX330​ គ្រឿង​ពណ៌​ស្ករ ពាក់​ស្លាក​លេខ​ភ្នំពេញ 2U-3669 ដែល​បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ ធ្វើដំណើ​តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​យ៉ាង​លឿន។​

    ស្របពេល​អ្នកបើកបរ​ទំនងជា​ស្រវឹង​មើលមិនឃើញ​របាំង​ថ្ម​ពុះ​ចែក​ទ្រូង​ផង​នោះ ក៏​ជ្រុល​ចង្កូត​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ចំ​ពីមុខ​ពេញទំហឹង បណ្ដាលឱ្យ​រថយន្ត​បង្ក​ឡើងលើ​ទ្រូងផ្លូវ​កល់​ជាប់​កង់​មួយ​ចំហៀង ទៅមុខ​លែងរួច សំណាងល្អ​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ណ៏​ខាងលើនេះ​មិន​បណ្តាលឱ្យ​អ្នកដំណើ​និង​ម្ចាស់​រថយន្ត​បង្ក​រងរបួស​ឡើយ គឺ​គ្រាន់តែ​ខូចខាត​រថយន្ត​បង្ក​តែប៉ុណ្ណោះ​។​

    ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មកដល់​កន្លែងកើតហេតុ និង​សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ ធ្វើការ​វាស់វែង​យក​រថយន្ត​នេះ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរ​ណ៏​ជើងគោក ដើម្បី​រង់ចាំ​ការដោះស្រាយ​នៅពេល​ក្រោយ៕

adverise with khmeread