កណ្តាល ៖ ប៉ូលិសស្រុកមុខកំពូលបានបង្ក្រាបការជួញដូរដោយខុសច្បាប់នូវសារធាតុញៀនករណីទី ១៥ កាលពីថ្ងៃទី០៥មករា២០១៧ វេលាម៉ោង៨យប់ចំណុចមុខផ្ទះវ៉េង មាន ក្នុងបរិវេណផ្សារព្រែកអញ្ចាញចាស់ភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាលឃាត់បានជនសង្ស័យម្នាក់។
ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ រឿង សុខសាត ហៅសឿន ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរនៅភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន)។
វត្ថុតាងចាប់យក ១.ម្សៅក្រាមពណ៌សថ្លាសង្ស័យ ជាសារធាតុញៀនចំនួន ០៣ កញ្ចប់តូច, ២.ទូរសព្ទដៃម៉ាក hiya ពណ៌ សខ្មៅ០១គ្រឿង, ៣.ម៉ូតូម៉ាកហុងដាC125 ពណ៌ខ្មៅ ស្លាកលេខសៀមរាប 1B-9214 ឆ្នាំ២០០៥ ចំនួន០១គ្រឿង។
ប៉ូលិសបន្តថា នៅថ្ងៃទី០៥ មករា ២០១៧ វេលាម៉ោង៨យប់ជនសង្ស័យបាន ជិះម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០០៥ ពណ៌ខ្មៅ ស្លាកលេខសៀមរាប 1B-9214 ចេញពីផ្ទះ យកថ្នាំញៀនទៅលក់ឱ្យជនមិនស្គាល់ឈ្មោះនៅចំណុចរោងម៉ាស៊ីនភ្លើងចាស់ ភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល។
ពេលជិះដល់ចំណុចកើតហេតុ ក៏ត្រូវសមត្ថកិច្ចឃាត់ និងធ្វើការឆែកឆេរលើខ្លួនបានរកឃើញថ្នាំញៀនចំនួន ០៣ កញ្ចប់តូចហើយក៏បញ្ជួនជនសង្ស័យមកអធិការដ្ឋានស្រុកមុខកំពូលដើម្បីចាត់ការតាមនីតិវិធី៕
