ទីបំផុត​អ្នកវិទ្យាសាស្ត្រ​រកឃើញ​ទីតាំង​ពិតប្រាកដ​របស់ "​រលកសញ្ញា​ចម្លែក​ក្នុង​អវកាស​" ដែល​គេ​រកឃើញ​ដំបូង​តាំងពី​ឆ្នាំ ២០០៧

    ​រលកសញ្ញា​ចម្លែក​មួយ​ដែល​ធ្វើឱ្យ​អ្នកវិទ្យាសាស្ត្រ​ងឿងឆ្ងល់​អស់​ជាច្រើន​ឆ្នាំ​ឥឡូវ​ត្រូវបាន​រកឃើញ​ទីតាំង​របស់​វា​នៅក្នុង​ចក្រវាល​ដែលមាន​ចម្ងាយ​ពី​ផែនដី ៣ ពាន់​លាន​ឆ្នាំ​ពន្លឺ​។​

​    ​ជាង​មួយ​ទសវត្សរ៍​បន្ទាប់ពី​ការផ្ទុះ​ឡើង​នូវ​រលកសញ្ញា​វិទ្យុ​ដ៏​លឿន (FRB) ត្រូវបាន​រកឃើញ ក្រុម​អ្នកស្រាវជ្រាវ​អន្តរជាតិ​មួយ​បាន​រកឃើញ​ពី​ទីតាំង​ដើម​របស់​រលកសញ្ញា​បែបនេះ គឺ​ចេញពី​កញ្ចុំ​ផ្កាយ​កាឡាក់ស៊ី​តូច​មួយ​នៅក្នុង​ក្រុម​ផ្កាយ Auriga​។​

​    ​ដំបូង​ក្រុម​អ្នកវិទ្យាសាស្ត្រ​បានគិត​ថា រលកសញ្ញា​នេះ​បានចេញ​មកពី​កាឡាក់ស៊ី Milky Way របស់​យើង ប៉ុន្តែ​នៅក្នុង​របាយការណ៍​ថ្មី​មួយ​នៅក្នុង​ព្រឹត្តិប័ត្រ​ព័ត៌មាន Nature បាន​បញ្ជាក់ថា រលកសញ្ញា​នេះ​គឺមាន​ប្រភព​ម៉ាស ១ ភាគរយ​នៃ​កញ្ចុំ​ផ្កាយ​កាឡាក់ស៊ី​តូច​នោះ​ធៀប​នឹង​កញ្ចុំ​ផ្កាយ​កាឡាក់ស៊ី Milky Way របស់​យើង​។​

​    ​អ្នកស្រាវជ្រាវ​ឈ្មោះ Shami Chatterjee នៅ​សាកលវិទ្យាល័យ Cornell University បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​យ៉ាង​ដូច្នេះ​ថា "​ចំណាំងផ្លាត​នៃ​រលកសញ្ញា​ទាំងនេះ​ច្បាស់​ជាមាន​ថាមពល​ដ៏​ខ្លាំងក្លា ទើប​អាច​មើលឃើញ​នៅ​ចម្ងាយ ៣ ពាន់​លាន​ឆ្នាំ​ពន្លឺ​ដូច្នេះ​"​។​

​    ​ការផ្ទុះ​ឡើង​នូវ​រលកសញ្ញា​ដ៏​លឿន​នេះ​ត្រូវបាន​រកឃើញ​ដំបូង​ក្នុង​ឆ្នាំ ២០០៧ ហើយ​ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​ព្យាយាម​រក​ប្រភពដើម​របស់​វា​ចាប់តាំងពី​ពេល​នោះមក​។​

​    ​ឥឡូវ​ដោយហេតុថា FRB ត្រូវបាន​រកឃើញ​ពី​ទីតាំង​ដើម​របស់​វា ក្រុម​អ្នកវិទ្យាសាស្ត្រ​ប្រហែលជា​អាច​ពន្យល់​ពី​មូលហេតុ​ដែល​បង្ក​ឱ្យ​រលកសញ្ញា​នេះ​ភាយ​មកដល់​ភពផែនដី​យើង​។​

​    ​លោក Chatterjee បាន​និយាយថា "​យើង​គិតថា វា​ប្រហែលជា​ផ្កាយ​នឺ​ត្រុ​ង ទើបនឹង​កកើត​ជាមួយ​ដែន​ម៉ាញេទិក​ដ៏​ធំ​នៅក្នុង Supernova (​កើតឡើង​ពី​ប​ន្ទុះ​ផ្កាយ​) ឬក៏​ពពក​ហ្គាស -- ដូច្នេះហើយ​ទើប​ផលិត​បាន​នូវ​បំ​ភាយ​រលកសញ្ញា​ដ៏​ខ្លាំង​បែបនេះ​"​។​

​    ​នឺ​ត្រុ​ង​គឺជា​ផ្កាយ​មាន​ទំហំ​តូច​និង​មាន​ឥទ្ធិពល​ខ្លាំងក្លា​ជាមួយ​ម៉ាស់​ធំ​ជាង​ព្រះអាទិត្យ​ពីរដង​។ ផ្កាយ​នឺ​ត្រុ​ង​កកើតឡើង​ដោយ​ការផ្ទុះ​ផ្កាយ​ធំៗ (Supernova) ពេលដែល​ជីវិត​របស់​ពួកវា​ត្រូវ​ដល់ទី​បញ្ចប់​រួច​ក៏​ផ្ទុះ​ទៅក្នុង​អាកាស​គ្រប់ទិសទី​៕

ប្រភព៖CNN, DailyMail

Untitled 1 adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់