ឃាត់​ជនសង្ស័យ​ ៥ ​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​នៅ​ខេត្ត​ព្រះសីហនុ​

    ព្រះសីហនុ ៖ កម្លាំង​ប៉ូលិស​ជំនាញ​ខេត្ត​ព្រះសីហនុ​បាន​ឃាត់ខ្លួន​ជនសង្ស័យ ​៥ ​នាក់​ ក្នុងនោះ​មាន​ជនបរទេស​ម្នាក់ ពាក់ព័ន្ធ​ករណី​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​ដោយ​ដកហូត​បាន​ថ្នាំ​២៧​កញ្ចប់ នៅ​៣​ទីតាំង​ផ្សេងគ្នា​។​

    ករណី​ទី​១-​នៅវេលា​ម៉ោង​៩ ​និង​៤០​នាទី ថ្ងៃទី​៦​ មករា​នេះ​នៅ​ចំណុច​រង្វង់​មូល​តោ​២ ស្ថិតនៅ​ភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ដោយ​កម្លាំង​ប៉ូលិស​ចរាចរណ៍​ផ្លូវគោក ដែល​កំពុង​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍ ពេលនោះ​កម្លាំង​បាន​ឆែក​ឃើញ ជនជាតិ​អាមេរិក​ម្នាក់ ឈ្មោះ Soto Michael មាន​ថ្នាំញៀន​ម៉ា​ទឹកកក​៨​កញ្ចប់ និង​កញ្ឆា​១​កញ្ចប់ ព្រមទាំង​សម្ភារៈ​ពាក់ព័ន្ធ​មួយចំនួនទៀត​។​

    ករណី​ទី​២-​នៅ​សង្កាត់​៤ ក្រុងព្រះសីហនុ ឃាត់ខ្លួន​ជនសង្ស័យ ៣​នាក់ មានឈ្មោះ ឡាង ទី អាយុ​៣១​ឆ្នាំ​, ឈ្មោះ ដាំ ម៉ី អាយុ​១៨​ឆ្នាំ និង​ឈ្មោះ ផៃ ប៊ុន​ឈាង អាយុ​១៩​ឆ្នាំ ដកហូត​បាន​ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មីន​១១​កញ្ចប់ ទូរស័ព្ទដៃ​១​គ្រឿង និង​លុយ​ចំនួន ​៥០.០០០ ​រៀល​។​

    ករណី​ទី​៣- នៅ​សង្កាត់​៣ ក្រុងព្រះសីហនុ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ ទី សេង អាយុ​២២​ឆ្នាំ ដកហូត​បាន​ថ្នាំញៀន មេ​តំ​ហ្វេ​តា​មីន​៨​កញ្ចប់ ម៉ូតូ​១​គ្រឿង និង​ទូរស័ព្ទ​១​គ្រឿង​។​

    ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់ ប៉ូលិស​បាន​បញ្ជូន​ខ្លួន​ទៅ​សួរនាំ នៅ​ស្នងការដ្ឋាន​ប៉ូលិស​ខេត្ត​ដើម្បី​ចាត់ការ​បន្ដ​តាមច្បាប់​៕

Untitled 1 adverise with khmeread