រឿង​ពិត​គឺ​ប្តី​វាយ​ក្បាល​ប្រពន្ធ​មួយ​វែក​...​រហូតដល់​ស្លាប់

    ភ្នំពេញ ៖ រឿង​ពិត​បានបង្ហាញ​ហើយ តាមរយៈ​ការធ្វើ​កោសល្យ​ពិច្ឆ័យ​របស់​សម​ត្ថកិ​ច្ច​បាន​បញ្ជាក់ថា​គឺ​ ប្តី​វាយ​ក្បាល​ប្រពន្ធ​មួយ​វែក​...​រហូតដល់​ស្លាប់ មិនមែន​ដួល​ស្លាប់​ក្នង​បន្ទប់ទឹក​ដូច​ប្តី​អះអាង​កាលពី​ពេលព្រឹក​នោះទេ។​

    តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​ជា​ប្ដី បាន​បញ្ជាក់ថា នៅ​ម៉ោង​ប្រមាណ ជាង​១១​យប់​ថ្ងៃទី​៥ ខែមករា ខ្លួន​និង​ប្រពន្ធ​បាន​ឈ្លោះប្រកែក​គ្នា ដោយសារ​រឿង​ផឹកស៊ី ហើយ​ជនសង្ស័យ​បាន​យក​វែក​សម្ល វាយ​ក្បាល​រហូតដល់​ប្រពន្ធ​រងរបួស​ធ្ងន់ ហើយ​បាន​ដាច់ខ្យល់​ស្លាប់ នៅ​ម៉ោង​ប្រមាណ​៥​ទៀបភ្លឺ ថ្ងៃទី​៦ ខែមករា​ ២០១៧​នេះ​។​

    បន្ទាប់​ម​មក​ជនសង្ស័យ​បាន​បញ្ជូន​ប្រពន្ធ​របស់ខ្លួន​មក​មន្ទីរពេទ្យ ដោយ​ប្រាប់​គ្រូពេទ្យ​ថា ប្រពន្ធ​ដួល​បោក​ក្បាល​ក្នុង​បន្ទប់ទឹក ប៉ុន្ដែ​ពេលនោះ ដំណឹង​នេះ​បាន​ដឹងឮ​ដល់​សមត្ថកិច្ច​របស់​មូ​ល​ដ្ឋា​ន ហើយ​បាន​បើក​ការស្រាវជ្រាវ ទើប​ដឹងថា ជនរងគ្រោះ​មិន​ស្លាប់​ដោយសារ​ដួល​ក្នុង​បន្ទប់​នោះទេ គឺ​ប្ដី​វាយ​រហូតដល់​ស្លាប់​។ 

    គួររំលឹកថា ព័ត៌មាន​បឋម​បានឱ្យដឹងថា ស្ត្រី​ម្នាក់​ទើប​សម្រាលកូន​បាន​រយៈពេល​៨​ខែ ហើយ​បាន​រងគ្រោះ​ដួល​បោក​ក្បាល​នៅក្នុង​បន្ទប់ទឹក បណ្ដាលឱ្យ​សន្លប់​ស្ដូកស្ដឹង តែ​បុរស​ជា​ប្ដី​មិនទាន់បាន​នាំទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះបន្ទាន់​ភ្លាមៗ​នោះឡើយ គឺ​ប្ដី​បាន​កោសខ្យល់​ឱ្យ​នាង​ទៅវិញ លុះ​ព្រឹក​ឡើង​នៅតែ​មិនដឹង​ខ្លួន​ទើប​ប្ដី​សម្រេចចិត្ត​ដឹក​ទៅ កាន់​គ្លីនិក​ឯកជន​មួយ។​

    ពេល​ដឹក​ប្រពន្ធ​ដល់​ខាង​គ្លីនិក​នោះ​មិន​ហ៊ាន​ទទួល​ព្យាបាល​ឡើយ ព្រោះ​ស្ថានភាព ធ្ងន់ធ្ងរ​ពេក ទើប​ប្ដី​បាន​ដឹក​តាម​ម៉ូតូ​រ៉ឺម៉ក​កង់​បី​ទៅកាន់​មណ្ឌល​សុខភាព​ពោធិ៍ចិនតុង ដើម្បី​សង្គ្រោះ​បន្ត ពេលទៅដល់ ក្រុមគ្រូពេទ្យ​បាន​ពិនិត្យមើល ឃើញថា​ស្ត្រី​នោះបាន​ស្លាប់​បាត់ទៅហើយ គឺ​ស្លាប់​មុនពេល​ដឹក​ទៅដល់​ទីនោះ​ម្ល៉េះ​។  

    ហេតុការណ៍​ខាងលើនេះ បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០១៧ នៅក្នុង​មណ្ឌល​សុខភាព​ពោធិ៍ចិនតុង ស្ថិតនៅ​ក្នុងភូមិ​តា​ងួន សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

    ស្ត្រី​ដែល​ស្លាប់​នោះ​ឈ្មោះ ខេន ស្រី​ខួច អាយុ​២៧​ឆ្នាំ មុខរបរ​មេផ្ទះ មាន​ស្រុកកំណើត​នៅក្នុង​ភូមិ​ប្រាសាទ ឃុំ​ភ្នំ​សន្ទុក ស្រុក​ភ្នំ​សន្ទុក ខេត្តកំពង់ធំ​។ ចំណែក​ប្តី​ឈ្មោះ អឿន អាយុ​៣៨​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប មាន ស្រុកកំណើត​នៅក្នុង​ភូមិ​កំពង់ក្តី ឃុំ​ខ្ពង់រាប កោះសូទិន កំពង់ចាម អ្នក​ទាំងពីរ​នាក់​នោះ មានកូន​ចំនួន​៣​នាក់ ហើយ​សព្វថ្ងៃ​ស្នាក់នៅ​ផ្ទះជួល​ក្នុងភូមិ​ចោមចៅ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

    ក្រោយពេល​កើត ហេតុ​កម្លាំង​ប៉ូលិស​មូលដ្ឋាន​បាន​ចុះទៅ ធ្វើការ​ពិនិត្យ​ជាក់ស្ដែង ទើប​ដឹងថា ប្តី​ជា​អ្នក​វាយ​ប្រពន្ធ​សោះ។ អ្វីដែល​គួរ​ឱ្យ​អាណិត​នោះ គឺ​ក្មេង​តូច​៣​នាក់ នៅ​កំព្រា ពីព្រោះ​ម្តាយ​ត្រូវស្លាប់ និង​ឪពុក​ត្រូវ​ជាប់គុក៕

adverise with khmeread