ការរកឃើញ​វត្ថុ​បុរាណ​និង​ទីតាំង​បុរាណ​ទាំង ១២ នេះហើយ​ដែល​ផ្លាស់ប្តូរ​ប្រវត្តិសាស្ត្រ​មនុស្ស​ទាំងស្រុង​!

     ការរកឃើញ​វត្ថុ​បុរាណ​និង​ទីតាំង​បុរាណវិទ្យា​ដែល​បាន​ធ្វើឡើង​នៅ​អំឡុងពេល​ផ្សេងៗ​គ្នា បានអនុញ្ញាត​ឱ្យ​យើង​ដឹង​អា​ថ៍កំ​បាំង និង​រឿង​សម្ងាត់​មួយចំនួន​ពី​អតីតកាល ដែល​យើង​តែងតែ​ចង់ដឹង​ចង់ឃើញ​។ 

​    ​វេ​ប​សាយ Bright Side បាន​លើក​យកមក​បង្ហាញ​នូវ​ការ​រ​រកឃើញ​វត្ថុ​បុរាណ​និង​ទីតាំង​បុរាណ​ចំនួន ១២ ដែល​បាន​ផ្លាស់ប្តូរ​ប្រវត្តិសាស្ត្រ​មនុស្ស​ទាំងស្រុង​។ 

​    ​១. ទាហាន​ចម្បាំង​ធ្វើ​ពី​ដីឥដ្ឋ (Terracotta Army) 
​    ​កសិករ​មកពី​ខេត្ត Shaanxi បាន​កំពុង​ជីក​អណ្តូងទឹក​មួយ ពេល​គាត់​រកឃើញ​ទាហាន​ដីឥដ្ឋ​យ៉ាងច្រើន​នេះ ក្នុង​ឆ្នាំ ១៩៤៧​។ ទាហាន​ធ្វើ​ពី​ដីឥដ្ឋ​រាប់ពាន់​គឺ​ឈរ​នៅ​ចំ​ពីមុខ​ផ្នូរ​អធិរាជ Qin Shi Huang ដើម្បី​តាម​ការពារ​ទ្រង់​នៅ​ជាតិ​ក្រោយ​។ សម្រាប់​អ្នកស្រាវជ្រាវ ការរកឃើញ​សំណង់​ដ៏​ធំ​នេះ​បាន​ក្លាយជា​សូចនាករ​មួយ​ចង្អុលបង្ហាញ​អំពី​ទស្សនៈ​របស់​មនុស្ស​អំពី​ព្រះ​ចៅ​អធិរាជ Qin Shi Huang ខណៈដែល​ព្រះ​ចៅ​អធិរាជ​មុនៗ​ក៏​ត្រូវបាន​បង្គាប់​ឱ្យ​កប់​របស់​ចាំបាច់​សម្រាប់​ទ្រង់​នៅ​ជាតិ​ក្រោយ​ផងដែរ ក្នុងនោះ​រួមទាំង​ទាហាន​មានជីវិត​។ ថ្វីបើ​ទាហាន​ដីឥដ្ឋ​ត្រូវបាន​រកឃើញ​ជាង ៦០ ឆ្នាំ ប៉ុន្តែ​ផ្នូរ​ព្រះ​ចៅ​អធិរាជ​ពិតប្រាកដ​នៅ​មិនទាន់​រកឃើញ​នៅឡើយ​ទេ​។ 

​    ​២. សៀវភៅសរសេរ​ដោយ​ដៃ​នៅ​សមុទ្រ​មរណៈ​
​    ​សៀវភៅ​បុរាណ​សរសេរ​ដោយ​ដៃ​យ៉ាងច្រើន​ត្រូវបាន​រកឃើញ​នៅតាម​បណ្តោយ​ឆ្នេរ​ភាគ​ពាយ័ព្យ​នៃ​សមុទ្រ​មរណៈ (Dead Sea)​។ ការសិក្សា​ជាច្រើន​បាន​បង្ហាញថា សៀវភៅសរសេរ​ដៃ​នេះ​មាន​អាយុ​ចាស់​ជាង​សៀវភៅ​រកឃើញ​គ្រា​មុន​មាន​ឈ្មោះថា Old Testament ដល់​ទៅ ១០០០ ឆ្នាំ​ឯណោះ​។ ដោយសារ​សៀវភៅ​ទាំងអស់នេះ ទើប​យើង​ដឹង​ច្បាស់​ថា​តើ​ជីវិត​មនុស្ស​សម័យបុរាណ​មាន​សភាព​បែបណា​។ 

​    ​៣. ចំណារ​លើ​ជញ្ជាំង​ប្រាសាទ​ប៊ី​ហ៊ី​ស្តា​ន់ (Behistun Inscription) 
​    ​ចំណារ​នេះ​ត្រូវបាន​រកឃើញ​ដោយ​អ្នកធ្វើដំណើរ​ផ្សងព្រេង​អង់គ្លេស​ឈ្មោះ Robert Sherley អំឡុង​បេសកកម្ម​ការទូត​របស់​លោក​ក្នុង​តំបន់​ឈូង​សមុទ្រ​ពែ​ក្ស​ក្នុង​ឆ្នាំ ១៩៥៨​។ វា​ជា​អក្សរ​ចម្រុះ​ភាសា ដែល​បញ្ជា​ឱ្យ​ឆ្លាក់​ដោយ​មហា​អធិរាជ Darius​។ ចំណារ​លើ​ជញ្ជាំង​ប្រាសាទ​ប៊ី​ហ៊ី​ស្តា​ន់ (Behistun) នៅលើ​ជម្រាលភ្នំ ប្រាប់​យើង​អំពី​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ ដែល​បាន​កើតឡើង​នៅមុន​ឆ្នាំ ៥២៣-៥២១ មុន​គ​.​ស​.​។ ចំណារ​នេះ​អនុញ្ញាតឱ្យ​បុរាណ​វិទូ​សិក្សា​អំពី​អរិយធម៌​ល្បីៗ​សម័យបុរាណ ដូចជា Mesopotamia, Sumer, Akkad, Persia, និង Assyria​។ 

​    ​៤. ទួល​ថ្ម​អូ​ឌូ​វ៉ៃ ច​ច (Olduvai Gorge)
​    ​ទួល​ថ្ម​អូ​ឌូ​វ៉ៃ ច​ច (Olduvai Gorge) ជា​កន្លែង​ប្រមូលផ្តុំ​នូវ​ការរកឃើញ​ជាច្រើន​នា​សម័យ​បុរេប្រវត្តិ​។ ទួល​នេះ​ត្រូវបាន​រកឃើញ​ដោយ​អ្នកស្រាវជ្រាវ​សត្វល្អិត​ជនជាតិ​អាល្លឺម៉ង់ លោក Wilhelm Kattwinkel ក្នុង​ឆ្នាំ​១៩១១ ពេល​គាត់​ជួបប្រទះ​វា​ដោយ​ចៃដន្យ ខណៈ​កំពុង​ដេញចាប់​មេអំបៅ​។ ពពួកមនុស្ស​បុរាណ​បី​ដាច់ដោយឡែក​ពីគ្នា​ត្រូវបាន​រកឃើញ​ពី​ទួល​មួយ​នេះ ក្នុងនោះ​មាន​ពួក​មនុស្ស  Australopithecus, Homo habilis និង Homo erectus​។ 

​    ​៥. ប្រាសាទអង្គរវត្ត​
​    ​គេ​ចាប់ផ្តើម​កំណត់ត្រា​អំពី​សំណង់​អច្ឆរិយៈ​នេះ​ក្នុង​ឆ្នាំ​១៦០១​។ ក្នុង​ឆ្នាំ​នោះ លោក Marcelo Ribandeyro មកពី​អេ​ស្ប៉ា​ញ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ចំពោះ​ប្រាសាទអង្គរវត្ត​ក្នុងព្រៃ​នៃ​ប្រទេស​កម្ពុជា​។ ទោះយ៉ាងណា បុរស​អេ​ស្ប៉ា​ញ​រូបនេះ​មិនអាច​ស្រាយអាថ៍កំបាំង​ដើម​របស់​ប្រាសាទ​នេះ​បានទេ ហើយ​ប្រាសាទ​នេះ​បាន​បន្ត​គ្មាន​នរណា​ស្គាល់​អស់​ជាង ២០០ ឆ្នាំក្រោយ​មកទៀត​។ 

​    ​អង្គរវត្ត​គឺជា​ប្រាសាទ​សាសនា​ធំ​បំផុត​ក្នុង​ពិភពលោក​។ វា​ជា​សំណង់​ធំ​មាន​បី​ថ្នាក់ ជណ្តើរ​ច្រើន ច្រកចូល​ច្រើន និង​មាន​កំពូល ៥​។ ប្រាសាទអង្គរវត្ត​ជា​ដួងព្រលឹង​របស់​ប្រជាជន​ខ្មែរ ហើយ​យើង​អាច​និយាយបានថា វា​ជា​បេះដូង​នៃ​អរិយធម៌​ដ៏​អស្ចារ្យ​ក្រៃលែង​។ 

​    ​៦. ទីក្រុង​ត្រ​យ (Troy)
​    ​ទីក្រុង​បុរាណ​ត្រ​យ (​សព្វថ្ងៃ​ឈ្មោះ Ilion ក្នុងប្រទេស​ក្រិ​ក​) ត្រូវបាន​រកឃើញ​ក្នុង​ទសវត្សរ៍ ១៨៧០ ដោយ​បុរាណ​វិទូ​អាល្លឺម៉ង់ Heinrich Schliemann​។ បន្ទាប់ពី​ធ្វើ​កំណាយ ប្រវត្តិសាស្ត្រ​ទីក្រុង​នេះ​ត្រូវបាន​បែក​ចែកជា​សម័យកាល​ជាច្រើន រាប់​ចាប់ពី​សម័យកាល​ត្រ​យ​ទីមួយ​រហូតដល់​ត្រ​យ​ទី​៤​។ ត្រ​យ​ទី​បួន​ត្រូវគេ​ជឿថា​មាន​អាយុ​កាលពី​ឆ្នាំ ១៩០០ ដល់ ១៣០០ មុន​គ​.​ស​.​។​

​    ​៧. ឧបករណ៍​មេកា​និក​ឈ្មោះ Antikythera Mechanism 
​    ​ឧបករណ៍​មេកា​និក ដែល​រកឃើញ​តាំងពី​អំឡុង​ឆ្នាំ ១០០ មុន​គ​.​ស​. ត្រូវបាន​រកឃើញ​ក្នុង​បំណែក​សំពៅ​មួយ​ក្បែរ​កោះ​ប្រទេស​ក្រិ​ក​ក្នុង​ឆ្នាំ ១៩០១​។ យោងតាម​អ្នកវិទ្យាសាស្ត្រ ឧបករណ៍​មេកា​និក​ឈ្មោះ Antikythera Mechanism គឺមាន​ស្ពឺ​សំរឹទ្ធ​យ៉ាងតិច ៣០ នៅក្នុង​ឡាំង​ឈើ ទាំង​ផ្នែក​ខាងមុខ និង​ខ្នង ដែលមាន​ប្រដាប់​មួល​ធ្វើ​ពី​សំរឹទ្ធ​ជាច្រើន​ទៀត​។ ប្រដាប់​មួល​ទាំងនោះ​ត្រូវគេ​ប្រើ​ដើម្បី​គណនា​ចលនា​បំលាស់​ទី​របស់​ផ្កាយ និង​ភព​នានា​។ អ្នកវិទ្យាសាស្ត្រ​ជឿថា ឧបករណ៍​មេកា​និក​នេះ​ក៏ត្រូវ​បាន​ប្រើ​ដើម្បី​កំណត់​កាលបរិច្ឆេទ​ច្បាស់លាស់​សម្រាប់​ចាប់ផ្តើម​កីឡា​អូឡាំពិក​ផងដែរ​។ ឧបករណ៍​នេះ​គណនា​វដ្ត ៤ ឆ្នាំ​ម្តង​យ៉ាង​សុក្រឹត​។ 

​    ​៨. ធ្មេញ​របស់​មនុស្ស​បុរាណ​នៅ​រូងភ្នំ Denisovan
​    ​ធ្មេញ​និង​ឆ្អឹង​ម្រាមដៃ​របស់​មនុស្ស​បុរាណ​ដ៏​ចាស់​បំផុត​មួយ​ត្រូវបាន​រកឃើញ​ក្នុង​រូងភ្នំ Denisovan ក្បែរ​ទីក្រុង Biysk ប្រទេស​រុស្ស៊ី​។ អ្នកវិទ្យាសាស្ត្រ​ជឿថា ធ្មេញ​និង​ម្រាមដៃ​នេះ​មាន​អាយុកាល ៥០.០០០ ឆ្នាំ​។ បន្ទាប់ពី​ការស៊ើបអង្កេត​ជាច្រើន​រួចមក អ្នកវិទ្យាសាស្ត្រ​បានធ្វើការ​សន្និដ្ឋានថា មនុស្ស​បុរាណ​ដែល​គេ​មិន​ធ្លាប់​ស្គាល់​ពីមុន​នេះ​គឺ​ធ្លាប់​រស់នៅ​ទឹកដី Altai​។ ក្រុម​អ្នកស្រាវជ្រាវ​ជឿជាក់ថា មនុស្ស​ជំនាន់ Denisovan មាន​ស្បែក​ខ្មៅ ភ្នែក​ខ្មៅ និង​សក់ខ្មៅ​។ 

​    ​៩. ទីក្រុង Pompeii
​    ​ក្នុងនាម​ជា​អាណានិគម​របស់​រ៉ូ​ម៉ាំង ទីក្រុង​នេះ​ធ្លាប់ជា​កំពង់ផែ​និង​រមណីយដ្ឋាន​ដ៏​រស់​រវើក​ជាមួយ​ផ្ទះ​ធំៗ ប្រាសាទ រោងល្ខោន និង​អាង​ងូតទឹក​។ ទីក្រុង​បុរាណ​នេះ​មាន​រង្គសាល សាល និង​រោង​ធំៗ​។ ប្រជាជន​ទីក្រុង​នេះ​មាន​ចំនួន​ប្រហែល ២០.០០០ នាក់​នៅមុន​ប​ន្ទុះ​ភ្នំភ្លើង Vesuvius ក្បែរ​នោះ​នៅ​ថ្ងៃទី ២៤ សីហា ឆ្នាំ​៧៩ នៃ​គ​.​ស​. ដែល​គ្របដណ្តប់​ផេះ និង​កម្អែល​ពេញទី​ក្រុង​នេះ​។ ទីក្រុង Pompeii ត្រូវបាន​រកឃើញ​ដោយ​លោក Domenico Fontana ប៉ុន្តែ​រហូតដល់​ឆ្នាំ ១៧៤៨ ទើប​គេ​ចាប់ផ្តើម​ធ្វើ​កំណាយ​។ ការធ្វើ​កំណាយ​ទីក្រុង​នេះ​បាន​ផ្តល់នូវ​ការយល់ដឹង​ទូលំទូលាយ​ដ៏​សំខាន់​និង​ពិសេស​បំផុត​អំពី​ជីវិត​មនុស្ស​សម័យ​រ៉ូ​ម៉័ង​។ របកគំហើញ​ទីក្រុង​នេះហើយ​ជា​បច្ច័យ​នាំឱ្យ​រចនាប័ទ្ម​សំណង់​នានា​ពី​សម័យ​ចក្រភព​រ៉ូ​ម៉័ង​ត្រូវបាន​យកមកប្រើ​មកទល់​សព្វ​ថ្ងៃ​។​

​    ​១០. គុហា Lascaux
​    ​គុហា​នេះ​ត្រូវបាន​រកឃើញ​ដោយ​ក្មេង​ជំទង់ ៤ នាក់​នៅ​ថ្ងៃទី​១២ កញ្ញា ១៩៤០​។ ក្នុង​គូ​ហា​នេះ​មាន​រូប​ជាង ២០០០ នៃ​ពពួកសត្វ (​ក្តាន់ ឆ្មា បក្សី រមាស ខ្លាឃ្មុំ ។​ល​។​) មនុស្ស និង​រូប​សញ្ញា​បង្កប់ន័យ​អា​ថ៍កំ​បាំង​។ អ្នកស្រាវជ្រាវ​យល់ថា មនុស្ស​មិន​បានមក​រស់នៅ​ទីនេះ​ទេ តែ​មកលេង​ម្តងម្កាល​ដើម្បី​រ៉ាយរ៉ាប់​ដំណើរ​ព្រឹត្តិការណ៍​តាមរយៈ​ការ​គូរ​រូបភាព​ទាំងនេះ​។ 

​    ​១១. ដុំថ្ម Rosetta
​    ​ដុំថ្ម Rosetta ជា​សិលា​ចារិក​មួយ​ដែល​គេ​រកឃើញ​ក្នុងប្រទេស​អេ​ហ្ស៊ី​ប​ក្នុង​ឆ្នាំ ១៧៩៩ ហើយ​វា​មាន​អាយុកាល​តាំងពី​ឆ្នាំ ១៩៦ មុន​គ​.​ស​.​។ លើ​សិលា​ចារិក​នេះ​មាន​ចារ​នូវ​ព្រះរាជក្រឹត​របស់​ស្តេច​អេ​ហ្ស៊ី​ប​បុរាណ​។ ថ្ម​នេះ​ត្រូវបាន​ដាក់តាំង​បង្ហាញ​ដំបូង​នៅ​វត្ត​មួយ ហើយ​ក្រោយមក​បាន​រើចេញ និង​តម្កល់ទុក​នៅ​ភូមិ Rosetta​។ 

​    ​១២. ប្រាសាទ Machu Picchu
​    ​ទីក្រុង​បុរាណ​របស់​ជនជាតិ Inca ដ៏​ល្បី​នេះ​របស់​ប៉េ​រូ​នេះ​ត្រូវបាន​សាងសង់ឡើង​ប្រហែល​ក្នុង​ឆ្នាំ ១៤៤០ ហើយ​មាន​វត្តមាន​រហូតដល់​ឆ្នាំ ១៥៣២​។ ប្រាសាទ​នេះ​ត្រូវបាន​រកឃើញ​ដោយ​អ្នកប្រវត្តិសាស្ត្រ​អាមេរិក​មកពី​សាកលវិទ្យាល័យ Yale លោក Hiram Bingham​។ ប្រាសាទបុរាណ Machu Picchu ដ៏​ស្រស់ស្អាត​នេះ​គឺជា​គំរូ​ល្អ​ឯកនៃ​សំណង់​របស់​អរិយធម៌ Inca​។ មាន​សំណង់​តូចៗ​ប្រមាណ ២០០ ស្ថិតនៅ​ជុំវិញ​តំបន់​ប្រាសាទ​នេះ ដែលមាន​ផ្ទៃក្រឡា ៣៦៥ ម៉ែត្រ​គុណ ៣០០ ម៉ែត្រ​៕

ប្រភព៖បរទេស

Untitled 1 adverise with khmeread

អ្នកនឹងចូលចិត្ត