កំពត ៖ កម្លាំងកងរាជអាវុធហត្ថស្រុកដងទង់ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ៥ នាក់ ជាបន្តបន្ទាប់ ជាប់ពាក់ព័ន្ធជាមួយករណី រក្សាទុក និងចែកចាយនូវសារធាតុញៀនកាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៦ កន្លងទៅនេះ។
មន្ត្រីអាវុធហត្ថ បានឱ្យដឹងថា ដំបូងឃាត់បានជនសង្ស័យ៣នាក់គឺ ១.ឈ្មោះ ភី ឆាយយ៉ា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ កម្មករ, ២.ឈ្មោះ អ៊ិន ឌីណា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ កសិករ និង៣.ឈ្មោះ ញ៉ែត សារិន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ កម្មករសំណង់។ អ្នកទាំង០៣ រស់នៅចំណុចកើតហេតុខាងលើ។ ចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមាន ១. ថ្នាំញៀន ប្រភេទម៉ាទឹកកកចំនួន០១កញ្ចប់ និង២. ម៉ូតូ ចំនួន០២គ្រឿង។ បន្ទាប់ពីធ្វើការឃាត់ខ្លួនរួចមក ជនសង្ស័យត្រូវបានបញ្ជូនទៅមូលដ្ឋាន កងរាជអាវុធហត្ថ ដើម្បីធ្វើការសាកសួរបន្ត។
ក្រោយពីធ្វើការសាកសួររួចមក ជនសង្ស័យបានឆ្លើយសារភាពថា រូបគេនៅសល់បក្ខពួកចំនួន០២នាក់ទៀត ដែលរួមមាន១.ឈ្មោះ សៀង សំណាង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ កម្មករ និង២.ឈ្មោះ ស៊ឹម លីថូ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ កម្មករ។ អ្នកទាំង០២នាក់នោះ រស់នៅភូមិក្រាំង សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត។
បន្ទាប់ពីទទួលបានចម្លើយសារភាព នៅវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃដដែល កម្លាំងអាវុធហត្ថស្រុកដងទង់ បានសុំការពី កម្លាំងកងរាជអាវុធហត្ថខេត្តកំពត និងដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត រហូតអាចឈានទៅដល់ការឃាត់ ខ្លួនបានជនសង្ស័យទាំង០២នាក់នោះ បានដោយជោគជ័យ និងបានចាប់យកវត្ថុតាងមួយចំនួនរួមមាន ថ្នាំញៀនចំនួន០២កញ្ចប់ ដែលមានទម្ងន់ស្មើ ១.៤០ក្រាម។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តកំពត កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី៕
