អ្នករត់​ម៉ូតូ​កង់​បី​ម្នាក់​ដេកស្លាប់​លើ​ម៉ូតូ​កង់​បី​របស់ខ្លួន​

    ភ្នំពេញ ៖ បុរស​អ្នករត់​ម៉ូតូ​កង់​បី​ម្នាក់​ដេកស្លាប់​លើ​ម៉ូតូ​កង់​បី​របស់ខ្លួន នៅមុខ​ពុទ្ធសាសនបណ្ឌិត្យ ផ្លូវ​រដ្ឋសភា ក្រុម​៧៨ ភូមិ​៤ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន កាលពី​វេលា​ម៉ោង​១​កន្លះ​រំលង​អា​ធ្រា​ត្រ​ថ្ងៃទី​៧ ​មករា​ ២០១៧​នេះ សង្ស័យ​គាំងបេះដូង។​

    ប៉ូលិស​មូលដ្ឋាន​បានឱ្យដឹងថា ជនរងគ្រោះ​ឈ្មោះ ​ឌិន បូ​រិ​ន អាយុ​៣៣​ឆ្នាំ មុខរបរ​រត់​ម៉ូតូ​កង់​៣ មាន​ទីលំនៅ​ភូមិ​-​ឃុំ​វិហា​សួគ៌ ស្រុក​មុខកំពូល ខេត្តកណ្តាល។​

    តាម​ការបំភ្លឺ​របស់​សាក្សី​ឈ្មោះ​ ស៊ិន វណ្ណៈ​ ភេទ​ប្រុស​ អាយុ​៤២​ឆ្នាំ​ និង​ឈ្មោះ ​វ៉ាន់ ធៀន ភេទ​ប្រុស ​អាយុ​៣៧​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប​នៅ​ទីនោះ បាន​បំភ្លឺ​ប្រាប់​ប៉ូលិស​ប្រហាក់ប្រហែលគ្នា​ថា ខណៈ​ពួកគាត់​បានទិញម្ហូប​មក​ហូប​ពេលយប់ ស្រាប់តែ​ឃើញ​ជនរងគ្រោះ​ចំតិត​គូទ​លើ​ម៉ូតូ​កង់​បី ហើយ​គាត់ ​(​ស៊ិន វណ្ណៈ​)​ ក៏​ទៅ​មើល​ជិត​អ​ង្រួ​តរ៉ឺម៉ក រួច​ហៅ​ឈ្មោះ ​វ៉ាន់ ធៀន ទៅ​ជួយ​មើល​ជួយ​រុញចេញ ព្រោះ​កៀប​ក្បាល​នឹង​ពូករ៉ឺ​ម៉ក​។​

    សាក្សី​បន្តថា នៅពេល​លើក​ជនរងគ្រោះ​ចេញ ស្រាប់តែ​ឃើញ​ហូរឈាម​តាម​ច្រមុះ ក៏​នាំគ្នា​រឹត​ទ្រូង ប៉ុន្តែ​ជនរងគ្រោះ​គ្មាន​ដង្ហើម ទើប​ដឹងថា​គាត់​ស្លាប់​ហើយ រួច​រាយការណ៍​ទៅ​ប៉ូលិស​ប៉ុស្តិ៍​។​
    
    ប៉ូលិស​មូលដ្ឋាន​បាន​ចុះទៅ​ភ្លាម ដោយ​សន្និដ្ឋាន​បឋម​ថា អាច​ស្លាប់​ដោយ​គាំងបេះដូង​ហើយ​ដឹក​សព​ទៅ​តម្កល់​នៅ​វត្ត​តាំងក្រសាំង រង់ចាំ​ការចុះពិនិត្យ​របស់​សម​ត្ថ​កិច្ច​ជំនាញ ហើយ​ប្រគល់​សព​ជូន​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី៕


1
adverise with khmeread