កំពត ៖ ប៉ូលិសខេត្តកំពតបានកោះហៅអ្នកញៀនថ្នាំ ៣ នាក់រួមជាមួយអាណាព្យាបាលមកធ្វើកិច្ចសន្យាឱ្យបញ្ឈប់សេពគ្រឿងញៀននៅចំពោះមុខសមត្ថកិច្ច និងបង្ក្រាបករណីជួញដូរគ្រឿងញៀនបានម្នាក់នៅស្រុកអង្គរជ័យ។
ករណីទី១- ប៉ូលិសស្រុកជុំគីរី នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង៨ និង៣០នាទីបានសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាល ត្រពាំងរាំង បានកោះហៅអ្នកដែលមានផ្ទុកសារធាតុញៀនក្នុងខ្លួន មកសាកសួរព័ត៌មាន និងធ្វើការអប់រំ ចុះកិច្ចសន្យា និងអញ្ជើញឪពុក-ម្តាយ បងប្អូន ធានាយកទៅមណ្ឌលកែប្រែបានចំនួន ០៣ នាក់ នៅភូមិត្រពាំងវែង ឃុំត្រពាំងរាំង ស្រុកជុំគីរី ខេត្តកំពត។
ប៉ូលិសនិយាយថា ជនសង្ស័យរួមមាន ១.ឈ្មោះ ប៉ាក សុខឃឿន ភេទប្រុស អាយុ៣៤ឆ្នាំ, ២.ឈ្មោះ នៅ តឿ ភេទប្រុស អាយុ២៩ឆ្នាំ និង៣.ឈ្មោះ ង៉ែត យុទ្ធា ភេទប្រុស អាយុ ២៣ឆ្នាំ។ អ្នកទាំងបីយល់ព្រម និងធ្វើកិច្ចសន្យាខាងលើ ដើម្បីកែខ្លួន។
ករណីទី២-ប៉ូលិសស្រុកអង្គរជ័យ នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង១១ និង៤៥នាទី បានបង្ក្រាបមុខសញ្ញាចែកចាយ និងប្រើប្រាស់ថ្នាំញៀន នៅភូមិក្រសាំង ឃុំចំប៉ី ស្រុកអង្គរជ័យ ដោយឃាត់ខ្លួនជនសង្ស័យបានម្នាក់។
ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ ស៊ន ដឿន ភេទប្រុស អាយុ២២ឆ្នាំ និងដកហូតបានថ្នាំញៀនចំនួន ០២ កញ្ចប់តូច។ បច្ចុប្បន្នជនសង្ស័យកំពុងកសាងសំណុំរឿងដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕
