អ្នកចាត់ការទូទៅក្រុមកាំភ្លើងធំ Arsenal លោក Arsene Wenger បានទទួលស្គាល់ថា ក្រុមរបស់គាត់អាចលេងបានល្អប្រសើរបើមាន Jack Wilshere បន្ទាប់ពីកើតមានវិបត្តិរបួសខ្សែបម្រើព្រោងព្រាត។
តារាបាល់ទាត់អន្តរជាតិអង់គ្លេសរូបនេះ ត្រូវបានចំណាយពេលពេញមួយរដូវកាលនៅលើកិច្ចព្រមព្រៀងខ្ចីជើងទៅកាន់ក្លឹប Bournemouth បន្ទាប់ពីបានផ្សាភ្ជាប់ទំនាក់ទំនងជាមួយនឹងអ្នកចាត់ការទូទៅលោក Eddie Howe នៅក្នុងការផ្ទេរដ៏គួរឱ្យភ្ញាក់ផ្អើលក្នុងទីផ្សាររដូវក្តៅ គឺចំថ្ងៃចុងក្រោយនៃការបិទទ្វារទីផ្សារដោះដូរ។
Wilshere បានជាប់គាំងក្នុងការបង្ហាញសម្ថភាពនៅក្នុងរយៈពេលប៉ុន្មានរដូវកាលក្រោយនៅឯ Arsenal ហើយគាត់បានប្រឈមជាមួយនឹងការប្រកួតប្រជែងតំណែងសម្រាប់រដូវកាលនេះ បន្ទាប់ពីកាំភ្លើងធំបានចុះហត្ថលេខាទិញខ្សែបម្រើ Granit Xhaka និង Mohamed Elneny បន្ថែមសម្រាប់ក្លឹប។
ទោះជាយ៉ាងណាក្តី ខណៈដែលបច្ចុប្បន្នក្នុងតំបន់អាហ្វ្រិកនឹងមានការប្រារព្ធកម្មវិធីប្រជែងពានក្នុងតំបន់សម្រាប់ខែនេះ និងខែក្រោយ វាក៏បានក្លាយទៅជាបញ្ហាជាប់គាំងសម្រាប់ក្លឹបទីក្រុងឡុងដ៍ខាងជើងនេះផងដែរ ខណៈដែលលោក Wenger ទទួលស្គាល់ថា គាត់អាចនឹងកោះហៅ Wilshere ត្រឡប់មកវិញនៅគ្រានេះ។
Wenger បានបញ្ជាក់ថា "ត្រឹមត្រូវហើយ ខ្ញុំអាចប្រើ Wilshere នាពេលឥឡូវនេះ។ អ្វីដែលអយុត្តិធម៌នៅគ្រាខ្លះក្នុងរដូវកាលនេះគឺថា អ្នកដឹងថានៅដំណាក់កាលខ្លះអ្នកត្រូវការកីឡាកររូបនេះ។ ប៉ុន្តែនៅការចាប់ផ្តើមរដូវកាល អ្នកត្រូវតែមានតុល្យភាពត្រឹមត្រូវមួយរវាងការប្រកួតប្រជែង និងឱកាសសម្រាប់កីឡាករបញ្ចេញថ្វីជើង។ ប៉ុន្តែមកទល់សព្វថ្ងៃ ខ្ញុំនៅតែយល់ឃើញថាការសម្រេចចិត្តឱ្យគាត់ចាកចេញគឺត្រឹមត្រូវ"៕
