គួរឱ្យ​អាសូរ​!!! រថយន្ត​បើក​បុក​អ្នកដើរ​ឆ្លងផ្លូវ​ស្លាប់​ម្នាក់​...​ម៉ូតូ​បើក​បុក​អ្នកដើរ​ឆ្លងផ្លូវ​ស្លាប់​ម្នាក់​ទៀត​នៅ​សង្កាត់​ចាក់អង្រែលើ​

    ភ្នំពេញ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ ២ ​លើក​បណ្តាល​ឱ្យស្លាប់​ ២ ​នាក់​ផ្សេងគ្នា​នៅក្នុង​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ  លើកទីមួយ​គឺ​រថយន្ត​បើក​បុក​ស្លាប់​បុរស​ម្នាក់​ហើយ​រថយន្ត​នោះ​បើក​រត់​បាត់ និងមួយលើកទៀត​បើក​ម៉ូតូ​បុក​អ្នកដើរ​ឆ្លងផ្លូវ​ស្លាប់​ម្នាក់​ទៀត​។ ចំណុច​សំខាន់​បុរស​ទាំង​២​នាក់​ដែល​ស្លាប់​មិន​ស្គាល់​អត្តសញ្ញាណ។​

    ករណី​ទី​១- នៅវេលា​ម៉ោង​១០ ​និង​៣០​នាទី​យប់​ថ្ងៃទី​៦ ​មករា​ ឆ្នាំ​២០១៧​នេះ មាន​ករណី​បុរស​ម្នា​ក់បាន​ស្លាប់​ភ្លាមៗ នៅ​និង​កន្លែងកើតហេតុ បន្ទាប់ពី​ដើរ​ឆ្លងផ្លូវ​មិន​ប្រយ័ត្ន នៅ​ផ្លូវ​៦០​ម៉ែត្រ ក្រោយ​រោងចក្រ​អគ្គិសនី ក្នុងភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​មាន​អាយុប្រមាណ​៣០​ឆ្នាំ ហើយ​នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ នៅឡើយ​ទេ។ ​ដំបូង​ជនរងគ្រោះ​បាន​ងើប​ដើរ​ឆ្លងផ្លូវ ស្រាប់​តែមាន​រថយន្ត​មួយគ្រឿង​ចេញ​យ៉ាង​លឿន​ពី ត្បូង​ទៅ​ជើង បុក​ជនរងគ្រោះ ពេញទំហឹង បណ្តាលឱ្យ​ស្លាប់​តែម្តង ហើយ​រថយន្ត​ថែម​ល្បឿន​គេច​បាត់។​

    ក្រោយ​កើតហេតុ សព​ជនរងគ្រោះ ត្រូវ​យកទៅ​រក្សាទុក​នៅ​វត្ត​តាំង​កសាង ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី។​

    ករណី​ទី​២- នៅវេលា​ម៉ោង​៨​ និង​១០​នាទី​យប់​ថ្ងៃទី​៦ ​មករា ​២០១៧ នៅ​ផ្លូវជាតិ​លេខ​២ មុខផ្ទះ​លេខ​១១៨៥​ ភូមិ​ព្រែ​កតា​នូ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ មាន​ករណី​ម៉ូតូ​បើក​បុក​អ្នកដើរ​ឆ្លងផ្លូវ​ស្លាប់​ម្នាក់។​

    ប៉ូលិស​និយាយថា ដំបូង​ជនរងគ្រោះ​បាន​ងើប​ដើរ​ឆ្លងផ្លូវ ពី​លិចទៅ​កើត​ស្រាប់​តែមាន​ម៉ូតូ​មួយគ្រឿង​ចេញ​យ៉ាង​លឿន​ពី​ម្តុំ​ក្បាលថ្នល់ បុក​ជនរងគ្រោះ ពេញទំហឹង បណ្តាលឱ្យ​របួសធ្ងន់ ហើយ​បាន​ស្លាប់​ខណៈ​ឡានពេទ្យ​ដឹក​ដល់​មន្ទី​ពេទ្យ​ហុង​ហាក់។​

    អ្នកបើក​ម៉ូតូ​ឈ្មោះ ​ស៊ុំ ផល្លី ភេទ​ប្រុស​ ​អាយុ​៦៤​ឆ្នាំ ជា​មន្ត្រី​ចូលនិវត្តន៍ ស្នាក់នៅ​ភូមិ​ព្រែក​ឫស្សី សង្កាត់​តា​ក្តុល ក្រុង​តាខ្មៅ ខេត្តកណ្តាល។​

    ប៉ូលិស​បន្តថា ជនរងគ្រោះ​មាន​អាយុប្រមាណ​៣៦​ឆ្នាំ ហើយ​នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ នៅឡើយ​ទេ ក្រោយ​កើតហេតុ សព​ជនរងគ្រោះ ត្រូវ​យកទៅ​រក្សាទុក​នៅ​វត្ត​តាំង​កសាង ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី។​

    ប៉ូលិស​កំពុង​អំពាវនាវ​ស្វែងរក​សាច់ញាតិ ប្រសិន​បងប្អូន​ណា​ស្គាល់​សូម​មក​ទំនាក់ទំនង​ប៉ូលិស៕

adverise with khmeread