សៀមរាប ៖ កម្លាំងប៉ូលិសការិយាល័យប្រឆាំងគ្រឿងញៀន ដោយបានការចូលរួមសហការពីកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់គោកចក និងកម្លាំងប្រជាការពារភូមិបានចុះបង្ក្រាបករណីរក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅក្នុងកន្លែងអ៊ិនធើណេត យីហោ៧៧៧៧ ស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាបនៅវេលាម៉ោង១២ និង៣០នាទី អាធ្រាត្រថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៧ ឃាត់ខ្លួនជនសង្ស័យ ៣ នាក់។
លោកវរៈសេនីយ៍ទោ អ៊ុំ សាអាត នាយប៉ូលិសការិយាល័យប្រឆាំងគ្រឿងញៀនបានឱ្យដឹងថា ជនសង្ស័យ ១-ឈ្មោះ ម៉ី សុធា ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរគ្មាន មានទីលំនៅភូមិតាវៀនសង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប (រក្សាទុកនិងជួញដូរ) (មានសារធាតុញៀនក្នុងខ្លួន), ២-ឈ្មោះ សឿន សំណាង ភេទប្រុស អាយុ២៧ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅភូមិត្បូងដំរី ឃុំគ្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ សព្វថ្ងៃស្នាក់នៅបន្ទប់ជួលភូមិវាល សង្កាត់គោកចកក្រុង ខេត្តសៀមរាប (ចាត់ចែង) (មានសារធាតុញៀនក្នុងខ្លួន) និង៣-ឈ្មោះ ច័ន្ទ រស្មី ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរចុងភៅ មានទីលំនៅខណ្ឌដូនពេញ សង្កាត់ចតុមុខ សព្វថ្ងៃស្នាក់នៅភូមិមណ្ឌល០១ សង្កាត់ស្វាយដង្គំ ក្រុង-ខេត្តសៀមរាប (ចាត់ចែង) (មានសារធាតុញៀនក្នុងខ្លួន)។
លោកនាយការិយាល័យបានបន្តថា វត្ថុតាងដែលសមត្ថកិច្ចដកហូតបានមាន៖ ម្សៅមេតំហ្វេតាមីន (ម៉ាទឹកកក) ចំនួន ០១ កញ្ចប់ ទំងន់០,៥ក្រាម, ទូរស័ព្ទដៃចំនួន ០១ គ្រឿង, ម៉ូតូចំនួន ០១ គ្រឿងម៉ាកហុងដាឌ្រីមC125 ពណ៌ខ្មៅស៊េរីឆ្នាំ២០០៥ ពាក់ស្លាកលេខ សៀមរាប 1M- 4331 និង ឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀនកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងខេត្តសៀមរាបចាត់ការតាមនីតិវិធីច្បាប់៕
