adverise with khmeread 11

ធ្វើ​ការឱ្យ​ក្រុមហ៊ុន​ថ្មីថ្មោង​ផ្តល់​អត្ថប្រយោជន៍​ច្រើន​?

    ​នៅពេល​គិតដល់​ការធ្វើ​ការឱ្យ​ក្រុមហ៊ុន​ថ្មី​ទើប​បើក អ្នក​ច្បាស់​ជា​គិត​ទៅដល់​បរិយាកាស​ធ្វើការ​ប្រកបដោយ​ភាព​ឈ្មុសឈ្មុល​តែ​គ្មាន​ស្ថេរភាព​យូរអង្វែង និង​ធ្វើការ​ហត់​ច្រើន​ម៉ោង​។ វា​អាចជា​ការពិត ប៉ុន្តែ​អ្វីដែល​សំខាន់​គឺថា​អ្នក​មិនត្រូវ​មើលរំលង​អត្ថប្រយោជន៍​នៃ​ការធ្វើ​ការឱ្យ​ក្រុមហ៊ុន​ថ្មីថ្មោង​នោះឡើយ​។ កុំ​បដិសេធ​ឱកាស​ការងារ​នៅ​ក្រុមហ៊ុន​ថ្មី​ទើប​បើក ដោយ​មិន​គិតពី​អត្ថប្រយោជន៍​ដូចខាងក្រោម​នេះ​៖

​    ​១. ការងារ​របស់​អ្នកមាន​តម្លៃ​ដូច​ពេជ្រ​
​    ​ធ្វើការ​ឱ្យ​សារ​ជីវ​កម្ម​ធំៗ ជាពិសេស​នៅ​ដំណាក់កាល​អាជីព​ដំបូង​របស់​អ្នក អ្នក​ច្បាស់​ជា​គាំង​នៅត្រង់​ប្រភេទ​កិច្ចការ​ណាមួយ ដែល​ពុំមាន​ឥទ្ធិពល​អ្វី​បន្តិច​ឡើយ​ដល់​បេសកកម្ម ឬ​ផលចំណេញ​របស់​ក្រុមហ៊ុន​។ ប៉ុន្តែ​ប្រសិនបើ​ធ្វើ​ការឱ្យ​ក្រុមហ៊ុន​ទើប​បើក​វិញ បុគ្គលិក​ទាំងអស់​សុទ្ធ​តែ​ជា​ផ្នែក​ដ៏​សំខាន់​ចំពោះ​ភាពជោគជ័យ​របស់​ក្រុមហ៊ុន ដូច្នេះ​ការងារ​ដែល​អ្នកធ្វើ​គឺ​ពិតជា​មានតម្លៃ​ដូច​ពេជ្រ​។

​    ​២. ទទួលបាន​ជំនាញ​ច្រើន​
​    ​វា​គ្មានអ្វី​ភ្ញាក់ផ្អើល​ទេ​ដែលថា​ក្រុមហ៊ុន​ថ្មី​មាន​ថវិកា​តិចតួច​ក្នុង​ការជួល​បុគ្គលិក​។ ទោះបី​នេះ​មានន័យថា​អ្នកនឹង​មិន​ទទួលបាន​ប្រាក់ខែ​ច្រើន និង​ត្រូវ​ធ្វើការ​ច្រើន​ម៉ោង ក៏ប៉ុន្តែ​វា​ក៏មាន​ន័យ​ដែរ​ថា​អ្នកនឹង​ទទួលបាន​បទពិសោធន៍​ដែល​មិនអាច​កាត់ថ្លៃ​បាន​។ ក្នុងនាម​ជា​បុគ្គលិក​ក្រុមហ៊ុន​ទើប​បើក​ថ្មី អ្នកនឹង​ត្រូវ​មេ​ដាក់​ការងារ​ច្រើន​ដែល​ខុសពី​សមត្ថភាព​របស់​អ្នក​។ ទោះ​នេះ​ធ្វើឱ្យ​កើត​ស្ត្រេ​ស៍​និង​ត្រូវ​ចំណាយពេល​ធ្វើការ​ច្រើនក្តី ក៏ប៉ុន្តែ​អ្នក​ក៏បាន​បង្កើន​ជំនាញ​រឹតតែ​ច្រើន​ផងដែរ​។

​    ​៣. បាន​ក្រេបជញ្ជក់​នូវ​វប្បធម៌​របស់​ក្រុមហ៊ុន​ថ្មី​
​    ​ប្រសិនបើ​អ្នក​មិន​ចង់​ស្លៀកពាក់​ឯកសណ្ឋាន​ផ្លូវការ​ទេ ដូច្នេះ​ក្រុមហ៊ុន​ទើប​បើក​អាច​នឹងមាន​វប្បធម៌​ដ៏​សម​ឥតខ្ចោះ​សម្រាប់​អ្នក​។ បរិយាកាស​ក្រុមហ៊ុន​ថ្មីថ្មោង​មាន​លក្ខណៈ​ងាយស្រួល​ជាង​ក្រុមហ៊ុន​ធំៗ​ឆ្ងាយ​ណាស់ នៅពេល​និយាយ​ដល់​ការ​ស្លៀកពាក់ ឋានានុក្រម​បុគ្គលិក និង​ច្បាប់​បុគ្គលិក​។

​    ​ដោយសារ​ក្រុមការងារ​របស់​ក្រុមហ៊ុន​ថ្មីថ្មោង​មាន​ទំហំ​តូច​ជាង​ក្រុមការងារ​នៅ​ក្រុមហ៊ុន​សាជីវកម្ម ដូច្នេះ​អ្នកនឹង​ធ្វើការ​ទាំង​អារម្មណ៍​ប្រៀប​បី​ដូចជា​គ្រួសារ​តែមួយ​នៅក្នុង​ក្រុម​។ ពេល​មាន​បញ្ហា​ចង់​ដោះស្រាយ​គឺ​ដោះស្រាយ​ចេញ​ភ្លាម​។ តែ​នៅ​ក្រុមហ៊ុន​សារ​ជីវ​កម្ម អ្នក​ត្រូវ​ឆ្លងកាត់​មេ​ច្រើន​ដំណាក់កាល​ណាស់​ទម្រាំ​ទទួលបាន​ដំណោះស្រាយ​។

​    ​៤. បាន​រៀនសូត្រ​ពី​របៀប​ក្លាយជា​សហគ្រិន​
​    ​ប្រសិនបើ​អ្នក​សុបិន​ចង់​បើក​ក្រុមហ៊ុន​ផ្ទាល់ខ្លួន​នៅ​ថ្ងៃ​ណាមួយ អ្នក​គួរ​ធ្វើ​ការឱ្យ​ក្រុមហ៊ុន​ទើប​បើក ព្រោះ​អ្នកនឹង​ទទួលបាន​បទពិសោធន៍​ដែល​អ្នកត្រូវការ​ដើម្បី​ឈាន​កាន់តែ​កៀក​នឹង​គោលដៅ​បើក​ក្រុមហ៊ុន​របស់​អ្នក​។ ដោយសារ​បុគ្គលិក​ក្រុមហ៊ុន​ថ្មីថ្មោង​ធ្វើការ​ជិតស្និទ្ធ​ជាមួយគ្នា អ្នកនឹង​អាច​រៀនសូត្រ​ពី​របៀប​ធ្វើការ​សម្រេចចិត្ត​នៅ​ថ្នាក់​កំពូល របៀប​បង្កើន​ទំនាក់ទំនង​ជាមួយ​អតិថិជន និង​របៀប​ដោះស្រាយ​បញ្ហា​ការងារ​ប្រចាំថ្ងៃ​។

​    ​៥. បង្កើត​បណ្តាញ​អតិថិជន​សក្តានុពល​បាន​ច្រើន​
​    ​ធ្វើការ​នៅ​ក្រុមហ៊ុន​តូច​ឬ​ថ្មីថ្មោង អ្នក​ចាំបាច់​ត្រូវ​ចេញទៅ​ទាក់ទង​អតិថិជន​ដោយផ្ទាល់​ដើម្បី​ពង្រីក​ការចែក​ចាយ​ផលិតផល​របស់​អ្នក ដូច្នេះ​អ្នកនឹង​បាន​ជួប និង​ទាក់ទង​ផ្ទាល់​ជាមួយ​អតិថិជន​ជាច្រើន​ជួសមុខ​ឱ្យ​ក្រុមហ៊ុន​អ្នក​។

​    ​តើ​នេះ​មានន័យ​យ៉ាងដូចម្តេច​សម្រាប់​អ្នក​? អ្នកនឹង​ជួយ​ក្រុមហ៊ុន​ឱ្យ​រីកចម្រើន ខណៈ​បង្កើត​បណ្តាញ​ទាក់ទង​បាន​កាន់តែច្រើន​។ ពេលដែល​ក្រុមហ៊ុន​អ្នក​ចាប់​ផ្តើមចេញ​ផលិតផល​ថ្មី អ្នក​ច្បាស់​ជា​ត្រូវ​មេ​ចាត់​ឱ្យ​ចែកចាយ​ផលិតផល​នោះ រួច​អ្នក​ច្បាស់​ជា​បាន​ជួប​អតិថិជន​សក្តានុពល ដែលជា​ប្រយោជន៍​ទៅ​ថ្ងៃមុខ​របស់​អ្នក​៕

adverise with khmeread
ប្រភព៖ ឡាយ​ហ៊ែ​ក​

អ្នកនឹងចូលចិត្ត

មតិយោបល់