កណ្តាល ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់មួយកើតឡើងរវាង រថយន្តនិងម៉ូតូ២គ្រឿងបណ្តាលឱ្យរបួសធ្ងន់មនុស្សចំនួន២នាក់ និងស្លាប់២នាក់ភ្លាម, ខូចខាតម៉ូតូ ២ គ្រឿង និងរថយន្ត១គ្រឿងនៅថ្ងៃទី០៧ មករា ២០១៧ វេលាម៉ោង៨ និង១០នាទីយប់លើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ24-25 ស្ថិតក្នុងភូមិលើ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។
ប៉ូលិសនិយាយថា គ្រោះថ្នាក់នេះបង្កឡើងដោយម៉ូតូម៉ាកហុងដាC125 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1DE-9762 បើកបរដោយឈ្មោះ ស៊ី សៀក ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិតាំងជ្រៃ ឃុំសណ្ដែក ស្រុកបាធាយ ខេត្តកំពង់ចាម មានឌុបមនុស្សម្នាក់ពីក្រោយឈ្មោះ ផាន់ សុធារ៉ា ភេទស្រី អាយុ១៧ឆ្នាំ មានទីលំនៅ ភូមិដូនរាម ឃុំស្ដៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង។
ម៉ូតូនេះបានធ្វើដំណើរពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុបានមកបុករថយន្ត០១គ្រឿងម៉ាក C.R.V ពណ៌សំបកឱឡឹកពាក់ស្លាកលេខ ភ្នំពេញ 2D-8848 បើកបរដោយឈ្មោះ ស ហៀង ភេទស្រី អាយុ២៧ឆ្នាំ មានទីលំនៅផ្ទះលេខ22 ផ្លូវ339 ភូមិ៥ សង្កាត់បឹងកក់១ ខណ្ឌទួលគោក ដែលធ្វើដំណើរពីជើងទៅត្បូង បណ្ដាលឱ្យម៉ូតូដួលនៅលើទ្រូងផ្លូវ។
ស្របពេលនោះក៏មានរថយន្ត១គ្រឿងមិនស្គាល់ម៉ាកមកពីទិសខាងត្បូង បានមកកិនមនុស្សដែលដួលទាំង០២នាក់នោះបណ្ដាលឱ្យស្លាប់នៅកន្លែងកើតហេតុទាំង០២នាក់តែម្តង។ ស្របពេលនោះដែរ ក៏មានម៉ូតូ ០១ គ្រឿងទៀតម៉ាកហុងដាC125 ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1FD-6678 អ្នកបើកបរ (មិនស្គាល់ឈ្មោះដោយសន្លប់បាត់ស្មាតី) និងមានឌុបមនុស្សម្នាក់ពីក្រោយ(មិនស្គាល់ឈ្មោះសន្លប់បាត់ស្មាតី)ធ្វើដំណើរពីត្បូងទៅជើង បានមកបុកម៉ូតូហុងដាខាងលើនោះបន្ថែមបណ្ដាលឱ្យរបួសធ្ងន់ ដល់អ្នកជិះម៉ូតូដែលមិនស្គាល់ឈ្មោះទាំង០២នាក់ថែមទៀត។
បន្ទាប់មកប៉ូលិសបានចាត់ចែង បញ្ចូនជនរងគ្រោះទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យភ្នំពេញ។ ចំពោះសពទាំង០២នាក់ បានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកអ្នកបើកបររថយន្ត បានឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសស្រុកមុខកំពូល។ រីឯរថយន្តនិងម៉ូតូទាំង០២បាន យកមករក្សាទុកនៅស្រុកមុខកំពូល។
មូលហេតុនៃគ្រោះថ្នាក់នេះបណ្ដាលមកពីក្រុមហ៊ុនចិនជួសជុលផ្លូវ ហើយចិនបិទផ្លូវមួយចំហៀង៕
