Real Madrid តាម​ស្មើ​ឯតទគ្គ​កម្ម​មិនដែល​ចាញ់ ៣៩ ប្រកួត​ជាប់​គ្នា​របស់ Barcelona

    ​កំពូល​តារា​លី​ក​កំពូល​អេ​ស្ប៉ា​ញ La Liga ក្រុម​អធិរាជ​ស Real Madrid បាន​តាម​ស្មើ​កំណត់ត្រា​ដ៏​មាន​សក្តានុពល​នៃ​ដំណើរការ​ប្រកួត​មិន​ស្គាល់​រសជាតិ​ចាញ់​ចំនួន ៣៩​លើក​របស់​ក្រុម​អ្នកមាន​បុណ្យ Barcelona ខណៈដែល​ពួកគេ​បាន​វាយ​សំពង​យ៉ាងដំណំ​ទៅលើ​ក្រុម Granada ក្នុង​លទ្ធផល ៥-០ កាលពី​យប់​ថ្ងៃ​សៅរ៍​។​

​    ​ក្រុម​របស់លោក Zinedine Zidane អាច​សម្រេច​គ្រាប់​បាល់​បាន​បួន​គ្រាប់ បន្ទាប់ពី​ប្រកួត​បាន​ត្រឹម​រយៈពេល ៣២​នាទី ដែល​គ្រាប់​បាល់​បើកឆាក​សម្រេច​ដោយ Isco ដោយ​ទទួលបាន​ការបញ្ជូន​ពី Karim Benzema ។​

​    ​Benzema ធ្វើបាន​សម្រេច​គ្រាប់​បាល់​ទី​ពីរ បន្ទាប់ពី​បាល់​ផ្លាត​ចេញពី​អ្នកចាំទី Guillermo Ochoa ដែល​សង្គ្រោះ​បាល់​ចេញពី​ការ​ស៊ុត​របស់ Luka Modric មុនពេល​ដែល Cristiano Ronaldo បានតែ​ត​សម្រេច​នូវ​គ្រាប់​បាល់​ទី​បី​។​

​    ​មួយ​គ្រាប់​ទៀត​របស់ Isco បន្ទាប់ពី​ការ​វ៉ៃ​កាត់​បញ្ជូន​ដោយ Modric និង​លទ្ធផល​ត្រូវបាន​បញ្ចប់​ដោយ Casemiro ជាមួយនឹង​បាល់​តែ​ត​ចេញពី​ការបញ្ជូន​បាល់ Free-kick របស់ James Rodriguez ។​

​    ​ជ័យជម្នះ​មួយ​នេះ​ជួយ​ឱ្យ Real Madrid មាន​បួន​ពិន្ទុ និង​សល់​មួយ​ប្រកួត​ក្នុង​ដៃ​ឈរ​នៅ​ពីលើ​ចំណាត់ថ្នាក់​ទី​ពីរ​ក្រុម Sevilla និង​ដាច់​ចំណាត់ថ្នាក់​ទី​បី Barcelona ចំនួន​ប្រាំមួយ​ពិន្ទុ​ដែល​នៅសល់​មួយ​ប្រកួត​ក្នុង​ដៃ​ដូចគ្នា​៕

adverise with khmeread
ប្រភព៖ BBC