​បុរស​ដែល​ទស្សន៍ទាយ​ត្រូវ​អំពី​ការដួលរលំ​សហភាពសូវៀត ទាយ​ថា អាមេរិក​នឹង​របូត​តំណែង​មហាអំណាច​លេខ​១​ក្នុង​ឆ្នាំ​២០២០

​    ​សង្គម​វិទូ​មួយរូប​ដែល​បាន​ទស្សន៍ទាយ​ការដួលរលំ​នៃ​សហភាពសូវៀត​បាន​ព្រមាន​ថា អំណាច​ទូទាំង​សកលលោក​របស់​សហរ​ដ្ឋ​អាមេរិក​កំពុងស្ថិត​ក្នុងដំណាក់កាល​នៃ​ការធ្លាក់​ចុះក្រោម​ការដឹក​នាំ​របស់លោក ដូ​ណា​ល់ ត្រាំ ហើយនឹង​ដួលរលំ​ខណៈ​មហាសេដ្ឋី​រូបនេះ​ស្ថិតក្នុង​សេត​វិមាន​។​

​    ​សាស្ត្រាចារ្យ​ន័​រ​វែ​សលោក Johan Galtung ត្រូវបាន​ស្គាល់​ជាទូទៅ​ជា "​បិតា​ស្ថាបនិក​នៃ​ការសិក្សា​សន្តិភាព​" សម្រាប់​ធ្វើជា​មុខវិជ្ជា​វិទ្យាសាស្ត្រ និង​ត្រូវបាន​ស្គាល់​ចំពោះ​ការ​ទស្សន៍ទាយ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ រួមទាំង​ការ​ងើប​បោះ​បោរ​នៅ​វិមាន​ធៀ​អាន​ម៉េង​ក្នុងប្រទេស​ចិន និង​ការវាយប្រហារ​ថ្ងៃទី ១១ កញ្ញា​។​

​    ​គាត់​បាន​បង្កឱ្យមាន​កា​រ​ចាប់អារម្មណ៍​ក្នុង​ឆ្នាំ ២០០០ គឺ​នៅពេល​គាត់​បាន​ទស្សន៍ទាយ​ថា អំណាច​សកលលោក​រប​ស់​សហរដ្ឋអាមេរិក​នឹង​ដួលរលំ​នៅ​ឆ្នាំ ២០២៥​។​

​    ​ប៉ុន្តែ​ក្រោម​រដ្ឋបាល​លោក Bush គាត់​បាន​កែប្រែ​ការ​ទស្សន៍ទាយ​ចំពោះ​ការដួលរលំ​មក​ត្រឹម​ឆ្នាំ ២០២០ វិញ​។ ឥឡូវ​គាត់​និយាយថា ធាតុពិត​កំពុង​លេចឡើង​បន្ទាប់ពី​លោក​ត្រាំ​ឈ្នះឆ្នោត​។​

​    ​យុទ្ធនាការ​បោះឆ្នោត​រប​ស់លោក​ត្រាំ​ចំពោះ​ការ​ប្រឆាំងនឹង​អន្តោប្រវេសន៍ គឺ​ចៃដន្យ​ជាមួយ​ដំណាក់កាល​ចុងក្រោយ​ដែល​បាន​ទស្សន៍ទាយ​នៅក្នុង​សៀវភៅ​របស់​សង្គម​វិទូ​រូបនេះ​ដែលមាន​ចំណងជើង​ថា "The Fall of the American Empire—and then What?" កន្លែង​ដែល​គាត់​ព្យាករណ៍​ពី​ការកើនឡើង​នៃ​របប​ហ្វា​ស៊ី​ស​និយម​មុននឹង​អំណាច​របស់​ប្រទេស​នេះ​ធ្លាក់ចុះ​។​

​    ​លោក​ប្រធានាធិបតី​ជាប់ឆ្នោត​ត្រាំ​បាន​សន្យាថា នឹង​និរទេស​ជនអន្តោប្រវេសន៍​ខុសច្បាប់​ចំនួន​បី​លាន​នាក់​ឱ្យ​កាន់តែ​ឆាប់​នៅពេល​គាត់​ចូលធ្វើការ​ក្នុង​ការិយាល័យ ហើយនឹង​សាងសង់​ជញ្ជាំង​តាម​បណ្តោយ​ព្រំដែន​ប្រទេស​ម៉ិ​ក​ស៊ិ​ក​។​

​    ​លោក Johan Galtung បាន​ប្រាប់​វេ​ប​សាយ Motherboard ថា "​ការជាប់ឆ្នោត​របស់លោក​ត្រាំ​គឺ​បន្ថែម​ល្បឿន​នៃ​ការធ្លាក់ចុះ​អំណាច​របស់​អាមេរិក​" ប៉ុន្តែ​គាត់​បាន​ការពារ​សម្តីរ​បស់​គាត់ ដោយ​និយាយថា "​ពិតណាស់ អ្វីដែល​គាត់​នឹងធ្វើ​ក្នុងនាម​ជា​ប្រធានាធិបតី គេ​នៅ​មិនទាន់​ដឹង​នៅឡើយ​"​។​

​    ​លោក​សាស្ត្រ​ចា​រ្យ Galtung បាន​បន្ថែមថា ឥរិយាបថ​រិះគន់​លោក​ប្រធានាធិបតី​ជាប់ឆ្នោត​ទៅកាន់​អង្គការ​ណា​តូ​ក៏​បង្ហាញថា សហរដ្ឋអាមេរិក​នឹង​ឈប់​ក្លាយជា​មហាអំណាច​ផងដែរ​។​

​    ​អ្នកនយោបាយ​បក្ស​សាធារណរដ្ឋ​រូបនេះ​ពីមុន​បាន​បង្ហាញថា សហរដ្ឋអាមេរិក​ប្រហែលជា​មិន​ផ្តល់ជំនួយ​ទៅដល់​ប្រទេស​សម្ព័ន្ធមិត្ត​ប្រសិនបើ​ពួកគេ​មិនអាច​កំណត់​ការចំណាយ​លើ​ការការពារ​ជាតិ​មកដល់​អាមេរិក​។​

​    ​លោក​សាស្ត្រ​ចា​រ្យ Galtung បាន​ប្រាប់​វេ​ប​សាយ​ខាងលើ​ថា "​ការដួលរលំ​មាន​ពីរបែប​។ ប្រទេស​ដទៃ​មិន​ព្រម​ធ្វើជា​សម្ព័ន្ធមិត្ត​ល្អ និង អាមេរិក​ត្រូវធ្វើ​សង្គ្រាម​ដោយ​ខ្លួនឯង តាមរយៈ​ការទម្លាក់​គ្រាប់បែក​ពី​យន្តហោះ​ដ្រូ​ន​ហោះ​នៅ​នីវ៉ូ​ខ្ពស់​បញ្ជា​ដោយ​កុំព្យូទ័រ​ចេញពី​ការិយាល័យ និង​ចេញពី​កងកម្លាំង​ពិសេស ដោយ​សម្លាប់​មនុស្ស​គ្រប់កន្លែង​"​។​

​    ​គាត់​បាន​បន្តថា "​ទាំងពីរ​នេះ​កំពុង​កើតឡើង​សព្វថ្ងៃ លើកលែងតែ​អឺរ៉ុប​ខាងជើង​ដែល​គាំទ្រ​សង្គ្រាម​ទាំងនេះ​។ អ៊ីចឹង​នោះ​អំណាច​អាមេរិក​ប្រហែលជា​មិន​បន្ត​លើសពី​ឆ្នាំ ២០២០ ឡើយ ដូច្នេះ​ខ្ញុំ​ប្រកាន់ខ្ជាប់​ថ្ងៃ​ផុត​នេះ​ជាទី​បញ្ចប់​អំណាច​អាមេរិក​"​។​

​    ​ទោះយ៉ាងណា​លោក Xenia Wickett ប្រធាន​កម្មវិធី​សហរដ្ឋអាមេរិក និង​ពលរដ្ឋ​អាមេរិកាំង​នៅ​វិទ្យាស្ថាន Chatham House បាន​ប្រាប់​កាសែត The Independent ថា ការ​ទស្សន៍ទាយ​នេះ​គឺ​មិន​ពិត​ទាំងស្រុង​ទេ ដែលថា​សហរដ្ឋអាមេរិក​នឹង​លែង​ក្លាយជា​មហាអំណាច​ពិភពលោក​ត្រឹម​ឆ្នាំ ២០២០​។​

​    ​គាត់​បាន​និយាយថា "​សហរដ្ឋអាមេរិក​គឺជា​មហាអំណាច​សកលលោក​ដោយ​ហេតុផល​ជាច្រើន​។ ប្រទេស​ស​នេះ​មាន​យោធា​ខ្លាំងជាងគេ​លើ​ពិភពលោក មានអំណាច​ទន់ (Soft Power) ដ៏​ខ្លាំងក្លា​ដោយនិយាយ​ទាក់ទង​ពី​សាកលវិទ្យាល័យ​របស់​ពួកគេ ក្រុមហ៊ុន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​។ អាមេរិក​ក៏​នៅតែមាន​សេដ្ឋកិច្ច​ធំជាងគេ​នៅលើ​ពិភពលោក​។ ដូច្នេះ​គំនិត​ដែលថា​អ្វីមួយ​ដែល​នឹង​ផ្លាស់ប្តូរ​នៅក្នុង​រយៈពេល​បួន​ឆ្នាំ​ទៀត​គឺ​មិន​ពិត​"៕

ប្រភព៖ បរទេស

adverise with khmeread