កណ្តាល ៖ ស្រុកខ្សាច់កណ្តាលបានឃាត់បុរសម្នាក់បន្ទាប់ពីបានប្រើអំពើហិង្សាដោយចេតនា កាលពីថ្ងៃទី០៨ មករា ២០១៧ វេលាម៉ោង១ និង៣០នាទី ចំណុចភូមិព្រែកល្វា ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ អឿន អួន ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិឃុំកើតហេតុ (មានរបួសកដេរ១០ថ្នេរ)។ ចំណែកជនសង្ស័យ ឈ្មោះ ហ៊ុយ ស៊ីម៉េង ភេទ ប្រុស អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិឃុំកើតហេតុ (ឃាត់ខ្លួន)។ វត្ថុតាងចាប់យក កាំបិតបុ័ងតោ ១ និង កាំបិតចុងស្រួច ១។
ប៉ូលិសបន្តថា នៅថ្ងៃទី០៧ មករា ២០១៧ ម៉ោង១១យប់ជនសង្ស័យ និងជនរងគ្រោះមកពីហូបការគេភូមិព្រែកតាទេព ឃុំព្រែកលួង ហើយបាននាំគ្នាចូលមកផឹកស្រាបន្តទៀតនៅលើគ្រែមុខផ្ទះឈ្មោះ ផាត ភេទប្រុស អាយុ ៦០ ឆ្នាំនៅភូមិ ឃុំ កើតហេតុ ផឹករហូតដល់ម៉ោង១ និង៣០នាទីឈានចូលដល់ថ្ងៃទី០៨ មករា ២០១៧។
បន្ទាប់មក អ្នកទាំង០២ក៏មានទំនាស់ពាក្យសំដីនឹងគ្នា ហើយជនរងគ្រោះបានវាយជនសង្ស័យ មួយដៃត្រូវមុខ។ ឯជនសង្ស័យបានយកចានវាយក្បាលជនរងគ្រោះវិញ តែវាយមិនត្រូវ។ ក្រោយមកជនសង្ស័យបានរត់ចូលទៅក្រោមផ្ទះឈ្មោះ ហេង ភេទស្រី អាយុ៥៦ឆ្នាំ នៅជិតកន្លែងកើតហេតុនោះដែរ យកបានកាំបិតពីរមកកាន់គឺដៃ ម្ខាងកាន់កាំបិតបុ័ងតោ, ឯដៃម្ខាងទៀត កាន់កាំបិតចុងស្រួចស្រែកហៅជនរងគ្រោះឱ្យចូលមកកាប់គ្នា។
ពេលនោះជនរងគ្រោះ កាន់ខ្សែក្រវ៉ាត់ដើរសំដៅទៅរកជនសង្ស័យ បន្ទាប់មកក៏មានការប្រវាយតបគ្នា ជនសង្ស័យបានកាប់និងកាំបិតចុងស្រួច ត្រូវកជនរងគ្រោះបណ្តាលឱ្យមានរបួសដេរ១០ថ្នេរ។
លុះដល់វេលាម៉ោង៨ព្រឹកថ្ងៃទី០៨ មករា ២០១៧ ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ព្រែកតាកូវកម្លាំងប៉ុស្តិ៍ចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបញ្ជូនមកអធិការដ្ឋានប៉ូលិសស្រុកបន្តអនុវត្តតាមនីតិវិធី៕
