ឌុប​ព្រះសង្ឃ​២​អង្គ​បុក​គោយន្ត​ចត​ស្ងៀម​សុគត​១​អង្គ, ​របួស​១​អង្គ​ និង​របួស​បុរស​៣​នាក់

    ពោធិ៍សាត់ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​នៅ​យប់​ថ្ងៃទី​០៧ ខែមករា ឆ្នាំ​២០១៧ បើក​ម៉ូតូឌុប​ព្រះសង្ឃ​បុក​គោយន្ត​ចត​ស្ងៀម​នៅ​ចំណុច​ឃុំ​ស្វាយស ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​បណ្តាលឱ្យ​ព្រះសង្ឃ​មួយអង្គ​សុគត សង្ឃ​មួយអង្គ​ទៀត​របួសធ្ងន់​ និង​បុរស ​៣ ​នាក់​ទៀត​របួសធ្ងន់​ និង​ស្រាល។​

    ប៉ូលិស​និយាយថា គ្រោះថ្នាក់​នេះ​បង្កដោយ​ម៉ូតូ​ហុងដា​សេ​១២៥​មួយគ្រឿង ពាក់​ស្លាក​លេខ 1C-7334 ឌុប​ព្រះសង្ឃ​២​អង្គ​ខាងក្រោយ ក្នុងទិសដៅ​ពី​លិចទៅ​កើត បើកបរ​ដោយ​ឈ្មោះ ហៃ ហ៊ុន អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​កំ​រ៉ែ​ង ឃុំ​ស្វាយស ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ របួសធ្ងន់​។​

    លុះដល់​ចំណុចកើតហេតុ​ខាងលើ ខណៈដី​ហុយ​មើលមិនឃើញ ក៏​ជ្រុល​បុក​ពីក្រោយ​គោយន្ត​កន្ត្រៃ​ដឹក​បង្គោលរបង ដែល​បែក​កង់​ចត​ទុកចោល​ពេញ​មួយ​ទំហឹង បណ្តាលឱ្យ​ព្រះសង្ឃ​ដែល​រួម​ដំណើរ​ជាមួយ​ ព្រះនាម គា ភក្តី ព្រះជន្ម១៧​ព្រះវស្សា គង់នៅ​វត្ត​កោះអណ្តែត ក្នុងភូមិ​ទួល​អណ្តែត ឃុំ​ស្វាយស ស្រុក​ក្រគរ សុគត​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ និង​ព្រះសង្ឃ​ព្រះនាម ឈឿន ហើម ព្រះជន្ម​១៥​ព្រះវស្សា គង់នៅ​វត្ត​កោះអណ្តែត​ដូចគ្នា របួសធ្ងន់​។​

    គ្រោះថ្នាក់​ខាងលើនេះ ខាង​ភាគី​គោយន្ត ឈ្មោះ កែ ណា​ម អាយុ​៤៤​ឆ្នាំ ជា​ម្ចាស់​គោយន្ត (​របួសស្រាល​) និង​ឈ្មោះ គុន ណាក់ អាយុ​២៨​ឆ្នាំ ជា​កូន (​របួសស្រាល​) អ្នក​ទាំងពីរ​រស់នៅ​ភូមិ​ត្រពាំង​ព្រីង ឃុំ​ស្វាយ​ជប់ ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង​។​

    បច្ចុប្បន្ន វត្ថុតាង​ម៉ូតូ និង​គោយន្ត ត្រូវបាន​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ក្រគរ រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​។​

    ដោយឡែក​ជនរងគ្រោះ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក​ពោធិ៍សាត់។ ​ចំពោះ​ព្រះ​សព​ព្រះសង្ឃ ត្រូវបាន​បងប្អូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

Untitled 1 adverise with khmeread

មតិយោបល់