ក្រុម​អ្នកជំនាញ​សន្តិសុខ​កុំព្យូទ័រ​ព្យាករណ៍​ថា អ៊ី​ន​ធឺ​ណេ​ត​ទូទាំង​ពិភពលោក​នឹង​ដាច់ ២៤ ម៉ោង​ក្នុង​ឆ្នាំ ២០១៧! ផ្សារ​ហ៊ុន​នឹង​វីវរ​

    ​អ្នកប្រើប្រាស់​កុំព្យូទ័រ​រាប់លាន​នាក់​ជុំវិញ​ពិភពលោក​អាច​ត្រូវបាន​បង្ខាំង​ពី​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត​ក្នុងឆ្នាំនេះ ខណៈ​បណ្តាញ​អ៊ី​ន​ធឹ​ណេ​ត​សកលលោក​នឹង​ដាច់​រយៈពេល ២៤ ម៉ោង​។ នេះ​បើ​យោងតាម​ក្រុមហ៊ុន​ស៊ើបការណ៍​សន្តិសុខ​អាមេរិក LogRhythm បាន​ទស្សន៍ទាយ​កាលពី​ខែធ្នូ​កន្លងទៅ​។​

​    ​ប្រធាន​សន្តិសុខ​ព័ត៌មាន​និង​នាយករង​ក្រុមហ៊ុន​លោក James Carder បាន​ប្រាប់ Business Insider ថា "​ក្នុង​ឆ្នាំ ២០១៧ យើង​នឹង​ឃើញ​ការវាយប្រហារ​ដ៏​ធំ​មួយ​នៅ​គ្រាមួយ នៅ​កន្លែង​ណាមួយ​។ ប្រសិនបើ​អ៊ី​ន​ធឹ​ណេ​ត​មាន​បញ្ហា នោះ​ទីផ្សារ​ហិរញ្ញវត្ថុ​នឹង​ធ្លាក់ចុះ​ទាំងអស់​"​។​

​    ​អ្នកជំនាញ​សន្តិសុខ​រូបនេះ​បាន​បន្តថា នា ១២ ខែ​ចុងក្រោយ​មកនេះ​មាន​សូចនាករ​ជាច្រើន​ចង្អុល​បង្ហាញថា មហន្តរាយ​បែបនេះ​ពិតជា​អាច​នឹង​កើតឡើង​ចេញពី​ពួក​មានគំនិត​ទុច្ចរិត​។​

​    ​គាត់​បាន​បន្តថា "​យើង​បានឃើញ​ការប្រឆាំង​ដ៏​ខ្លាំងក្លា​នឹង​ក្រុមហ៊ុន DynDNS កាលពី​ប៉ុន្មាន​ខែ​មុន​។ ការវាយប្រហារ DDoS ដែល​បាន​បិទ​វេ​ប​សាយ​ធំៗ​ដូចជា Twitter និង Spotify អស់​ប៉ុន្មាន​ម៉ោង​។ យើង​បានឃើញ​ការវាយប្រហារ​ស្រដៀង DDoS បាន​វាយប្រហារ​លោក Brian Krebs មុននឹង​វាយប្រហារ Dyn​។ ទាំងនេះ​គ្រាន់តែ​ជាការ​ធ្វើតេស្ត​ប៉ុណ្ណោះ​"​។​

​    ​គាត់​បាន​បន្ថែមថា "​ប្រសិនបើ​អ្នក​អាច​បញ្ជាក់ថា អ្នក​អាច​បិទ​វេ​ប​សាយ​ធំៗ​និង​បណ្តុំ​អ៊ី​ន​ធឺ​ណេ​ត​អាមេរិក​ដ៏​ធំ​បាន​ច្រើន​ម៉ោង នោះ​ការបិទ​ចំនួន ២៤ ម៉ោង​គឺ​ពិតជា​ងាយស្រួល​"​។​

​    ​ក្រុមហ៊ុន​នេះ​ក៏បាន​និយាយ​អំពី​ការកើនឡើង​នូវ​ព័ត៌មាន​ក្លែងក្លាយ​ដែល​បាន​ជ្រៀតចូល​អ៊ី​ន​ធឺ​ណេ​ត​កាលពី​ឆ្នាំមុន​។​

​    ​នាយក​ផ្នែក​លក់​ក្រុមហ៊ុន LogRhythm នៅ​ប្រទេស​អូស្ត្រាលី​និង​នូ​វែ​សេ​ឡង់​លោក Simon Howe បាន​ទស្សន៍ទាយ​ថា ឆ្នាំ ២០១៧ នឹង​កាន់តែ​អាក្រក់​ជាមួយ​ក្រុម Hacker ងាក​មករក​សារព័ត៌​មាន​ធំៗ​។​

​    ​លោក​បាន​និយាយថា "​អំណាច​នៃ​ឥទ្ធិពល​ចាប់ផ្តើម​ប្រាស់ចាក​ចេញពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ធំៗ​នានា ហើយ​ខ្ញុំ​មិន​គិតថា​នោះ​ជា​អ្វីដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងនោះ​អាច​ទុកឱ្យ​កើតឡើង​បានឡើយ​។ ពួកគេ​នឹង​ឆ្លើយតប​ទៅនឹង​ការគំរាមកំហែង​នូវ​ព័ត៌មាន​ក្លែងក្លាយ ដោយ​ព្យាយាម​អនុវត្ត​ការគ្រប់គ្រង​កម្រិត​ប្រព័ន្ធ​ផ្សាយ​របស់ខ្លួន​"​។​

​    ​លោក​បាន​បន្តថា "​ខ្ញុំ​គិតថា​ពួក Hacker ដោយនិយាយ​នៅក្នុងនាម​ជា​អ្នកការពារ​សេរីភាព​នៃ​ការបញ្ចេញមតិ ហើយ​ពួកគេ​នឹង​សង​សឹង​ដោយ​បំបាក់​ប្រព័ន្ធ​ផ្សាយ​ធំ​មួយ​ឬក៏​ពីរ​"​។​

​    ​លោក Howe ក៏បាន​ទស្សន៍ទាយ​ថា ការ​ការវាយប្រហារ​នៅលើ​កម្មវិធី​ណាមួយ​ដែល​ត្រូវបាន​រចនា​ឡើង​ដើម្បី​បិទ​ការចូល​ទៅក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​រហូត​ទាល់តែ​មានការ​បង់លុយ​លស់​នឹង​កើតឡើង​ច្រើន​ក្នុង​ឆ្នាំ ២០១៧​។​

​     គាត់​បាន​និយាយថា "​ក្រុម​វាយប្រហារ​នឹង​គំរាម​ចែកចាយ​ឬក៏​លុប​រូបថត​របស់​អ្នកប្រើប្រាស់​ណា​ម្នាក់​ដរាបណា​ទាល់តែ​មានការ​បង់លុយ​លស់​។ គ្រាន់តែ​គិត​ទេ តើ​លុយ​ប៉ុន្មាន​ដែល​អ្នកនឹង​បង់​ដើម្បី​បាន​រូបថត​អ្នក​មកវិញ​?"៕

ប្រភព៖បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត