Facebook នឹងធ្វើ​តេស្ត​ការបង្ហាញ Ads លើ​វីដេអូ ដើម្បី​ចែក​ចំណូល​ជាមួយ​អ្នក​បង្ហោះ​វីដេអូ​! ដឹងថា​បាន​ប៉ុន្មាន​លុយ​ទេ​?

    ​យោងតាម​វេ​ប​សាយ Recode បានឱ្យដឹងថា ក្រុមហ៊ុន Facebook កំពុង​ធ្វើតេស្ត​វិធី​ដាក់ Ads (​ពាណិជ្ជកម្ម​) លើ​វីដេអូ​ដើម្បី​បាន​ចំណូល​ចែកគ្នា​ជាមួយ​អ្នក​បង្ហោះ​ឬ​ផលិត​វីដេអូ​ផុស​មកលើ Facebook​។ 

​    ​ផ្នែក​ពាណិជ្ជកម្ម ហៅថា "Mid-Roll" ដែល​នឹង​បញ្ចូល​ឃ្លី​ប​វីដេអូ​ពាណិជ្ជកម្ម​នៅ​ពាក់កណ្តាល​វីដេអូ​ជំនួស​ឱ្យ​ការដាក់​ពាណិជ្ជកម្ម​នៅ​ដើម ឬ​ចុង​វីដេអូ នឹង​ចាប់ផ្តើម​ធ្វើតេស្ត​ឆាប់ៗ​នេះ ជាមួយ​ប្រាក់ចំណូល​បាន​ពី​ការលក់​ពាណិជ្ជកម្ម នឹងត្រូវ​បែងចែក​ឱ្យ​អ្នក​បង្ហោះ ៥៥ ភាគរយ​។ នេះ​បើ​ផ្អែក​តាម​ប្រភព​វេ​ប​សាយ​ដដែល​។ 

​    ​វេ​ប​សាយ Recode និយាយថា ផ្នែក "Mid-Roll" របស់ Facebook នឹង​ចាប់ផ្តើម​លោត​ពាណិជ្ជកម្ម​យ៉ាងតិច​នៅ​វិនាទី​ទី​២០ បន្ទាប់ពី​អ្នក​ប្រើ Facebook ចុច​មើល ក្នុង​វីដេអូ​មួយ​ដែលមាន​រយៈពេល​យ៉ាងតិច ៩០ វិនាទី​ឡើងទៅ​។ ដូច្នេះ​វីដេអូ​ត្រូវតែ​ផលិតឡើង​ឱ្យលើស​វិនាទី​ដែល​បានកំណត់​នេះ ហើយ​ចំពោះ​ករណី​ដែល​យក​វីដេអូ ៣ វិនាទី​ផ្គុំ​ចូលគ្នា​ច្រើនដង​ឱ្យ​គ្រប់ ៩០ វិនាទី​ឡើង​ក៏ Facebook មិន​គិតលុយ​ឱ្យ​ដែរ​។ 

​    ​ការរក​លុយ​តាម​វីដេអូ​លើ Facebook អាច​ជោគជ័យ​ទៅបាន ដរាបណា​អ្នក​បង្ហោះ​វីដេអូ​ផលិត​វា​តាម​លក្ខខណ្ឌ​របស់ Facebook និង​ផលិត​ឱ្យបាន​រយៈពេល​យូរ ជាជាង​ដាក់​វីដេអូ​ខ្លី​ដដែលៗ​កាត់ត​ចូលគ្នា ដើម្បី​ឱ្យបាន​អ្នក​ចុច​មើល​ច្រើន​។ ការធ្វើ​បែបនេះ​នឹងមាន​ផល​វិជ្ជមាន​ដល់​អ្នក​ប្រក​បរបរ​ខាង​ប្រព័ន្ធ​ផ្សព្វផ្សាយ ព្រោះ​វា​ជាការ​ប្រឹងប្រែង​មួយ​របស់ Facebook ដើម្បី​ទប់​ស្កាត​ព័ត៌មាន​ក្លែងក្លាយ​នៅលើ​បណ្តាញ​សង្គម​របស់ខ្លួន​៕ 

ប្រភព៖បរទេស

1
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...