រថយន្ត​ដឹក​ស៊ីម៉ង់ត៍​ ខេ​ស៊ី​មិន បុក​ហើយ​កិន​ជាង​ប៉ះ​កង់ចល័តស្លាប់​នៅ​សង្កាត់​ឃ្មួញ

    ភ្នំពេញ ៖ រថយន្ត​ដឹក​ស៊ីម៉ង់ត៍​របស់​ក្រុមហ៊ុន ខេ​ស៊ី​មិន ​មួយគ្រឿង​បាន​បើក​បុក​ និង​កិន​ម៉ូតូ​បុរស​ម្នាក់​ជិះ​បញ្ច្រាស់ទិស​គ្នា​បណ្តាល​ឱ្យស្លាប់​ភ្លាមៗ​មួយ​រំពេច ហើយ​រថយន្ត​បាន​បើក​ហួស​ទៅមុខ​ជាង​៣០​ម៉ែត្រ​ទើប​អ្នកបើកបរ​និង​ព្រូ​ទុក​រថយន្ត​ចោល​នាំគ្នា​រត់​បាត់អស់។​

    គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​នៅវេលា​ម៉ោង​៩ ​និង​១០​នាទី​យប់​ថ្ងៃទី៩ មករា ២០១៧ នៅលើ​កំណាត់​ផ្លូវ​ភ្នំពេញ​ហាណូយ ស្ថិត​ក្នុងភូមិ​អន្លង់​ក្ងាន សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ។​

    ប្រភពពី​ស្ត្រី​ចំណាស់​ម្នាក់ ដែល​ស្គាល់​ជនរងគ្រោះ​បានឱ្យដឹងថា ជនរងគ្រោះ​ដែល​បាត់បង់​ជីវិត​ឈ្មោះ ​តា ហៀ​ប អាយុ​ប្រហែល​៥០​ឆ្នាំ​មុខរបរ​ជាង​ប៉ះ​កង់ចល័ត ស្នាក់នៅ​ចល័ត ជិះ​ម៉ូតូ​ម៉ាក យ៉ាម៉ាហា​ហ្វេ​ស​ ពណ៌​បៃតង ​ពាក់​ស្លាក​លេខ​កំពត​ 1D-9361​។​

    ចំណែកឯ​រថយន្ត​បង្ក​ម៉ាក ហ៊ីយ៉ាន់ដាយ​ក្បាល​ ពណ៌​ខៀវ​ ពាក់​ស្លាក​លេខ​ភ្នំពេញ 3A-2620 ជា​ប្រភេទ​ដឹក​ស៊ីម៉ង់ត៍ បើកបរ​ដោយ​បុរស​ម្នាក់​រួមជាមួយ​និង​ព្រូ​ម្នាក់​។​

    ប្រភព​ដដែល​បន្តថា ដំបូង​គេ​ឃើញ​ជនរងគ្រោះ​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ហាណូយ ទិសដៅ​ពី​ត្បូង​ទៅ​ជើង។ ​ខណៈ​មកដល់​ចំណុចកើតហេតុ​ជនរងគ្រោះ​បាន​ឆ្លងផ្លូវ​មក​ឆ្វេង​ដៃ ហើយ​បន្តដំណើរ​បញ្ច្រាស់ទិស​ច​រាច​រណ៍។​

    ស្របពេលនោះ​ក៏មាន​រថយន្ត​បង្ក​បើក​មក​ក្នុង​ល្បឿន​លឿន បាន​បុក​ម៉ូតូ​ជនរងគ្រោះ​ថែមទាំង​កិន​ចំ​ជនរងគ្រោះ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង។​ បន្ទាប់មក​រថយន្ត​បាន​បន្ត​ទៅមុខ​ឆ​ចម្ងាយ​ជាង​ ៣០០ ​ម៉ែត្រ​ទើប​ឈប់​ទុក​រថយន្ត​ចោល​នាំគ្នា​រត់​បាត់​តែម្តង​។​

    ក្រោយពេល​កើតហេតុ រថយន្ត​បង្ក​រួម​នឹង​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​ចរាចរណ៍​ខណ្ឌ​សហការ​ជាមួយ​ជំនាញ​ចរាចរណ៍​ក្រុង​វាស់វែង​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ក្រុង​រងចាំ​ការដោះស្រាយ​នៅពេល​ក្រោយ។ ​ចំណែកឯ​សព​រងគ្រោះ យកទៅ​រក្សាទុក​នៅ​វត្ត​ទឹកថ្លា​រង់ចាំ​សាច់ញាតិ​មក​ទទួលយក​ទៅធ្វើ​បុណ្យ៕​

adverise with khmeread