បត់​រថយន្ត​ចូល​ផ្ទះ​ក្នុង​បុរី​បុក​ម៉ូតូ ខ្ទាត​ទៅបុក​កន្លែង​លក់​ប្រហិត​ពងមាន់​អាំង បាក់ជើង​បុរស​ម្នាក់ ​និង​របួស​ស្រាល​ម្នាក់​

    ភ្នំពេញ​ ៖ រថយន្ត​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ​មួយគ្រឿង​បើក​បត់​ចូល​ផ្ទះ​ក្នុង​បុរី​ពិភពថ្មី​ឈូក​មាស លឿន​ជ្រុល​ទៅបុក​ម៉ូតូ​មួយគ្រឿង​ម៉ាក XR បណ្តាលឱ្យ​ប៉ើ​ង​ខ្ទាត​ទៅបុក​កន្លែង​លក់​ប្រហិត​ពងមាន់​អាំង​ខូចខាត​សម្ភារៈ​មួយចំនួន​ ​និង​បាក់ជើង​បុរស​ម្នាក់ រីឯ​ម្នាក់ទៀត​រងរបួស​ស្រាល​។​

    គ្រោះថ្នាក់​នេះ​កើត​នៅវេលា​ម៉ោង​១០ ​និង​៣០​នាទី​យប់​ថ្ងៃទី​៩ មករា ២០១៧ តាម​បណ្តោយ​ផ្លូវ​២០១១ នៅមុខ​បុរី​ពិភពថ្មី​ឈូក​មាស ស្ថិត​ក្នុងភូមិ​ក្រាំង​អង្ក្រង សង្កាត់​ក្រាំងធ្នង់​ ខណ្ឌ​សែន​សុខ។​

    តាម​ប្រភពពី​កន្លែងកើតហេតុ បានឱ្យដឹងថា មុនដំបូង​គេ​ឃើញ​បុរស​២​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក XR ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ 1DF-1803​ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​២០១១ ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង។​

    ចំណែកឯ​រថយន្ត​បង្ក​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ ​ពណ៌​ទឹកប្រាក់ បើកបរ​ដោយ​បុរស​ម្នាក់​​ក្នុងទិសដៅ​បញ្ច្រាស់ទិស​គ្នា។ ​ខណៈ​មកដល់​ចំណុចកើតហេតុ ច្រកចូល​បុរី​ពិភពថ្មី រថយន្ត​ជ្រុល​ចង្កូត​បត់​ចូល​ផ្ទះ​ក្នុង​បុរី​នោះ​ក៏​ស្រាប់តែ​ទៅបុក​ម៉ូតូ​ XR ពេញទំហឹង​ចំ​ពី​ចំហៀង​ខាងស្តាំ ហើយ​ម៉ូតូ​បាន​ប៉ើ​ង​ទៅបុក​កន្លែង​លក់​ប្រហិត​ពងមាន់​អាំង​រង​ការខូចខាត​សម្ភារៈ​មួយចំនួន​។ ​ចំណែក​បុរស​ជិះ​ម៉ូតូ​ម្នាក់​បាក់ជើង​ឆ្វេង ​និង​ម្នាក់ទៀត​រងរបួស​ស្រាល​។

    ភ្លាមនោះ​រថយន្ត​បង្ក​បាន បន្ថែម​ល្បឿន​រត់​រហូតដល់​ផ្ទះ​លេខ​៩៩ ក្នុង​បុរី​ដែលជា​ផ្ទះ​របស់ខ្លួន​ហើយ​យក​រថយន្ត​ទៅ​ចត​នៅ​កៀន​ផ្ទះ​ដើម្បី​គេចវេស តែ​សំណាង​ត្រូវ​អ្នកឃើញ​ហេតុ​ដេញតាម​ទាន់​។​

    ក្រោយពេល​កើតហេតុ​ភ្លាម​ជនរងគ្រោះ​ម្នាក់​ត្រូវបាន​រថយន្ត​គ្លីនិក​ឯកជន ដឹក​ទៅ​ព្យាបាល។ ​ដោយឡែក​រថយន្ត​បង្ក​ដែល​តាម​ទាន់​ដល់ផ្ទះ​រួមទាំង​សម្ភារៈ ​និង​ម៉ូតូ​ដែល​ខូ​ត​ខាត ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​វាស់វែង​យកមក​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ​រង់ចាំ​ការដោះស្រាយ​នៅពេល​ក្រោយ​៕​

adverise with khmeread