រថយន្ត​ ២ ​គ្រឿង បុក​គ្នា​ក្ឌាំង​នៅ​ស្រុក​បន្ទាយស្រី​រងរបួស​ធ្ងន់ និង​ស្រាល​ទាំងសងខាង

    សៀមរាប ៖ រថយន្ត​តាក់ស៊ី អន្លង់វែង​-​សៀមរាប បើក​ក្នុង​ល្បឿន​លឿន ខណៈ​មកដល់​ចំណុច​ផ្លូវ​កោង ប្រហែល​ជាង ១០០​ ម៉ែត្រ មិនបាន​ប្រុងប្រយ័ត្ន យក​ចង្កូត​មកវិញ​មិនទាន់ ជ្រុល​ទៅបុក ចំ​ពីមុខ រថយន្ត​ឡិច​ស៊ី​ស RX ៣០០ ដឹក​ភ្ញៀវ ថៃ ២​ នាក់​ម្តាយ និង​កូន ពេញទំហឹង​បណ្តាលឱ្យ​របួសធ្ងន់ ស្រាល ទាំងសង្ខាង ចាស់ ក្មេង ប្រុស ស្រី ចំនួន ៨ ​នាក់ (ទាំង​តៃកុង) បើកបរក្នុងទិសដៅ​បញ្ច្រាស់ទិស​គ្នា ពី​ត្បូង ទៅ​ជើង​។​

    គ្រោះថ្នាក់​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង ១០ ​ព្រឹក​ថ្ងៃទី​៩ ​ខែមករា​ ឆ្នាំ​២០១៧ ស្ថិតនៅលើ​ចំណុច​ផ្លូវជាតិ​លេខ ៦៧ ក្នុងភូមិ​ទួល​គ្រោះ ឃុំ​ឃុន​រាម ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។​

    ប្រភពពី​ប៉ូលិស​ចរាចរណ៍​ស្រុក​បន្ទាយស្រី​បាន​ប្រាប់​នៅ​រសៀល​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៧ ថាមុន​កើតហេតុ​គេ​ឃើញ​មាន​រថយន្ត​កាមរី​សេរី​ឆ្នាំ​១៩៩៣ រត់​តាក់ស៊ី​ពី​អន្លង់វែង សៀមរាប បុក​ជាមួយ​រថយន្ត​ឡិច​ស៊ី​ស RX៣០០ ពណ៌​ស ដឹក​ភ្ញៀវ​ថៃ ២ ​នាក់ ម្តាយ​និង​កូនស្រី បណ្តាលឱ្យ​របួសរ​ណូ​ក រណែល ពេញ​លើ​ដងផ្លូវ​។​

    ប្រភព​បាន​បន្តថា បន្ទាប់ពី​មាន​សេចក្តី​រាយ​ការ​មក​លោក​អធិការ​ស្រុក​បន្ទាយស្រី ភ្លាម​កម្លាំង​ប៉ូ​លិ​ជំនាញ​ស្រុក ក៏បាន​ចុះទៅ​ដល់ទី​តាំង​កើតហេតុ​ផងដែរ រួច​ក៏បាន​ធ្វើការ​វាស់វែង ដើម្បី​យក​រថយន្ត ទាំង ២​គ្រឿង ចេញ​កុំឱ្យ​កកស្ទះ ចរាចរណ៍​នៅលើ​ដងផ្លូវ​។​

    ប្រភព​បាន​បញ្ជាក់ថា អ្នកបើកបរ​រថយន្ត​តាក់ស៊ី មានឈ្មោះ ឡូញ ភេទ​ប្រុស ​អាយុ​៤៥​ឆ្នាំ មុខរបរ​តាក់ស៊ី ពី​អន្លង់វែង សៀមរាប ដឹក​ភ្ញៀវ ចំនួន ៤​នាក់ ចេញពី​អន្លង់វែង មក​សៀមរាប ក្នុងទិសដៅ​ពី​ជើង មកត្បូង រថយន្ត​ម៉ាក​កាមរី​សេរី​ឆ្នាំ១៩​៩៣ ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ កណ្តាល 2A:02.53 (​បាក់ជើង​ទាំងសងខាង​)​។​

    ចំណែក​អ្នករួមដំណើរ ក្មេង ចាស់ ទាំង ៤​​ នាក់ ទៀត មាន ១-​ឈ្មោះ ទិ​ត្យ មុន្នី ភេទ​ស្រី អាយុ៥៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្វាយដង្គំ សង្កាត់​ស្វាយដង្គំ ក្រុង​-​ខេត្តសៀមរាប (​របួសធ្ងន់​), ២-​ឈ្មោះ ស៊ីន ឧ​ត្ត​ម​វឌ្ឍនៈ ភេទ​ប្រុស អាយុ០២​ឆ្នាំ ត្រូវជា​ចៅ របស់ ទិ​ត្យ មុន្នី (​របួសធ្ងន់​), ៣-​ឈ្មោះ ស្រី ចន្ថា ភេទ​ប្រុស អាយុ៣៣​ឆ្នាំ រស់នៅ​ស្រុក​អន្លង់វែង (​របួសធ្ងន់​), ៤-​ឈ្មោះ ស្រី ចន្ទី ភេទ​ប្រុស អាយុ៣១​ឆ្នាំ ត្រូវជា​ប្អូនបង្កើត ឈ្មោះ ស្រី ចន្ថា រស់នៅ​ស្រុក​អន្លង់វែង (​របួសធ្ងន់​)​។​

    ក្រោយពេល​កើតហេតុ អ្នករត់​ឡាន​តាក់ស៊ី​ផ្សេងទៀត បានមក​ដឹកយក​តៃកុង​តាក់ស៊ី ដែល​ដឹក​ភ្ញៀវ ចេញពី​អន្លង់វែង មក​សៀមរាប ដែល​ត្រូវរបួស​បាក់ជើង​(​ធ្ងន់​)​នោះ យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ឯកជន ក្នុង​ខេត្តសៀមរាប មុនគេ​បង្អស់​។​

    រីឯ អ្នកបើករថយន្ត លុច ស៊ី​ស RX 300 មានឈ្មោះ ដូ ចេងហុង ភេទ​ប្រុស អាយុ​៥០​ឆ្នាំ មានមុខ​របរ​ដឹក​ភ្ញៀវ ក្នុងទិសដៅ​បញ្ច្រាស់ទិស​គ្នា ពី​ត្បូង ទៅ​ជើង ចេញពី​ទី​រួម​ខេត្តសៀមរាប ទៅ​អន្លង់វែង បើករថយន្ត​ម៉ាក លុច ស៊ី​ស RX 300 ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AI -0793 (​បាក់​ស្មង ជើង​ស្តាំ ​ធ្ងន់​) អ្នករួមដំណើរ ២​នាក់​ម្តាយ និង​កូនស្រី មានឈ្មោះ PAPA ISARA  អាយុ​៤១​ឆ្នាំ ត្រូវជា​ម្តាយ និង​កូនស្រី ឈ្មោះ SARAH BEIH អាយុ​៨​ឆ្នាំ របួសស្រាល អ្នក​ទាំង​០២​នាក់​ម្តាយ និង​កូន​ត្រូវធ្វើ​ដំណើរ​ចូលទៅ​ប្រទេស​ថៃ​វិញ តាម​ច្រកទ្វារ ជាំច្រ​ង៉ាំ​។​

    ក្រោយពេល​កើតហេតុ ត្រូវបាន​សមត្ថកិច្ច​បា​ន​ជួយ​ហៅ​រថយន្ត​សង្គ្រោះបន្ទាន់​របស់​មន្ទីរ​ឯកជន ចំនួន​២​គ្រឿង ដើម្បី​ដឹកយក​ទៅ​សង្គ្រោះ មកដល់​វេលា​ម៉ោង​ប្រមាណ​០៦​ល្ងាច​ថ្ងៃទី​០៩ ខែមករា ឆ្នាំ​២០១៧។ ​ជនរងគ្រោះ​ចំនួន​៨​នាក់​ទាំង​តៃកុង ត្រូវបាន​ក្រុមគ្រូពេទ្យ ជួយសង្គ្រោះ​បាន​ទាន់ពេលវេលា រួច​ផុតពី​សេចក្តីស្លាប់​អស់ហើយ​។​ ចំណែក​រថយន្ត ត្រូវបាន​ខូចខាត ទាំងសងខាង។​

    បច្ចុប្បន្ន រថយន្ត​តាក់ស៊ី​បង្ក និង​រថយន្ត​ឡិច​ស៊ី​ស RX300 ត្រូវបាន​កម្លាំង​ប៉ូលិស​ជំនាញ​អូស​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​បន្ទាយស្រី ដើម្បីឱ្យ​ភាគី​ទាំងសង្ខាង ចូលខ្លួន​មក​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់​៕


 

1 adverise with khmeread

មតិយោបល់